ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ជៀម យាប​ថា​បក្ស​ប្រជាជន​មិន​ខ្លាច​ទេ​បើទោះ​ជា​អ្នក​ប្រជាធិបតេយ្យ​រួបរួម​គ្នា


លោកកឹម សុខា និងលោក​ សម រង្ស៉ី នៅ​រដ្ឋធានី​ម៉ានីឡា ហ្វីលីពីន
ពីរថ្ងៃ​បន្ទាប់ពី​ការ​ប្រកាស​ក្នុង​ទីក្រុងម៉ានីល​អំពី​ការបញ្ចូលគ្នា​រវាងគណក្ស​ជំទាស់​ដ៏​ធំ​ពីរ​របស់​ប្រទេស​កម្ពុជា​ គឺ​គណបក្ស ​សម រង្ស៉ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​ការបញ្ចូល​គ្នា​ នេះ​មិនទាន់​ដល់​កម្រិត​គំរាម​គណបក្ស​គ្រប់គ្រង​ប្រទេស​ទេ​ចំពោះ​លទ្ធផល​ការបោះឆ្នោត​ឆ្នាំ​ ២០១៣។ ​

លោក ជៀម យាប​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ ការជឿ​ទុកចិត្ត​របស់​ប្រជា​ពលរដ្ឋ​និង​លទ្ធផល​បោះឆ្នោត​ឈ្នះ​ដាច់ ​ខ្លាំង​កន្លង​មក​ជា​ការ​បញ្ជាក់​សា្រប់។

« អញ្ចឹង​ទេ​បានជា​ចំពោះ​រូបខ្ញុំ​ជា​អត្តនោម័ត​ខ្ញុំ​យល់​ឃើញ​ថា​ខ្ញុំអត់​មាន​ព្រួយបារម្ភ ​អត់​មាន​ញ័រ​ចំពោះ​ការបញ្ចូល​គ្នា​របស់​គណបក្ស​ទាំងពីរ​នៅ​ទីក្រុង​ម៉ានីល​ថ្មីៗ​នេះ​ទេ​បាទ»។
លោក ជៀម យាប​

គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​អាសនៈ៩០​ ក្នុងចំណោម​១២៣​ អាសនៈ ​សរុប​នៃ​សភា​ ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០០៨។​ ហើយ​គណបក្ស​នេះ​ឈ្នះ​សំឡេងឆ្នោត​លើសលប់​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​និង​បោះឆ្នោត​ឃុំសង្កាត់ ​ក្នុង​រយៈពេល​ថ្មីៗ​នេះ។​ គណបក្ស ​សម រង្ស៉ី​មាន​អាសនៈ២៦ ​និង​ គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ទើប​បង្កើតថ្មី​កាន់កាប់​អាសនៈ៣​ក្នុង​រដ្ឋសភា។​គណបក្ស​ជំទាស់​ទាំងពីរ ​ទទួល​បាន​សំឡេង​ច្រើន​ ហើយ​មានអាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ពាសពេញ​ប្រទេស​ដែល​មាន​ឃុំសង្កាត់​ចំនួន​១.៦៣៣។
គណបក្ស​ជំទាស់​ទាំងពីរ​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៉ី ​និង​ លោកកឹម សុខា ​បាន​សម្រេច​បញ្ចូលគ្នា​ក្រោយ​កិច្ចប្រជុំ​២ថ្ងៃ​ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វ៊ីលីពីន ​នៅ​សប្តាហ៍​នេះ។​ គណបក្ស​ទាំងពីរ​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដាក់​ឈ្មោះ​ផ្សេង ​ដើម្បី​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​២០១៣​ក្នុង​ការបោះឆ្នោត​ជា​សកល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ។
ថ្
លែង​ប្រាប់​វីអូអេ​ក្នុង​កិច្ចសម្ភាស​ជាពិសេស​ បន្ទាប់ពី​កិច្ចប្រជុំ​រួមគ្នា​ដែល​មាន​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ទាំងពីរ​ចូលរួម​ជាមួយ​ប្រធាន​បក្ស​រៀងៗ​ខ្លួន​នោះ ​លោក សម រង្ស៉ី​ប្រធាន​គណបក្ស​សម រង្ស៉ី​បានប្តេជ្ញា​ប្រកួត​ប្រជែង​ដ៏​ស្រួចស្រាល់ ​នៅពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្ងៃទី​២៨ខែកក្កដា​ឆ្នាំ២០១៣​ជាមួយ​ គណបក្សកាន់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

«ជាថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ឆាកនយោបាយ​ប្រទេស​កម្ពុជា​មាន​ការប្រែប្រួល​យ៉ាងធំ ​ពីព្រោះ​ចាប់​ពីពេលនេះ​តទៅ​គឺ​មាន​ការតទល់​គ្នា​រវាង​គណបក្ស​តែ​ពីរ​គឺមួយ​ទល់​នឹង​មួយ។​ គណបក្ស​ប្រជាជន​ជា​គណបក្ស​កុម្មុយនីស្ត​ផ្តាច់ការបម្រើ ​បរទេស ​ឈ្លានពាន​ ហើយ​គណបក្ស​ថ្មី​ដែល​រៀបចំ​ដោយ​គណបក្ស​សម រង្ស៉ី​និង​ គណបក្ស​សិទ្ធិមនុស្ស​ជា​កម្លាំង​នយោបាយ​តែ​មួយ​គត់​ដែល​តំណាង​ឲ្យ​ជាតិ​ខ្មែរ ​តំណាង​ឲ្យ​ ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​សេរីភាព​ និង​ស្រឡាញ់​យុត្តិធម៌»។

ក្នុងពេល​ជាមួយ​គ្នា​នោះ​ដែរ​លោក កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ អះអាង​ប្រាប់​វីអូអេ​ពី​យុទ្ធសាស្ត្រ​ត្រួសៗ​ដែលអាចឲ្យ​គណបក្សថ្មី​មាន​កម្លាំង​ក្នុង​ការតទល់​ពេល​បោះឆ្នោត។

«យុទ្ធសាស្ត្រ​គឺ​យើង​មាន​ប្លែក​ពី​គណបក្ស​យើង​ទាំងពីរ​ត្រង់ថា​ពេល​យើង​រួបរួមគ្នា ​ទៅ​ យុទ្ធសាស្ត្រ​យើង​គឺ​យើង​ប្រមូល​កម្លាំង​បាន​ធំ​ជាង។​ពីមុន​យើង​ប្រមូល ​កម្លាំង​បាន​មួយ​ក្រុមៗទេ។​ តែ​ដល់​ពេល​យើង​រួមគ្នា​កម្លាំង​ខ្មែរធំ​ ដែល​ស្នេហា ​ជាតិ ​ដែល​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​នឹង​មក​ចូល​ជាមួយ​យើង​ហើយ​ កាល​ណា​យើង​រួម​គ្នា។​ នេះ​ជា​យុទ្ធសាស្ត្រ​របស់​យើងគឺ​ប្រមូល​កម្លាំងខ្មែរ​នៅគ្រប់ ​ទិសទី​ទាំងអស់​ទាំង​នៅក្រៅប្រទេស​ទាំងនៅ​ក្នុង​ប្រទេស​ហ្នឹង​ ជាកំឡាំង​មួយ​ធំៗ ​មែនទែន​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ការ​ដឹកនាំ​បច្ចុប្បន្ន។

មេដឹកនាំ​គណបក្ស​ជំទាស់​ទាំងពីរ​បាន​អះអាង​ថា​កម្ពុជា​ត្រូវការ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ស្រោចស្រង់​ជា​បន្ទាន់​ពេល​នេះ​ លើ​បញ្ហា​បន្ទាន់​របស់​ប្រទេស​ជាច្រើន​ដូចជា​បញ្ហា​បូរណភាព​ទឹកដី ​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ បញ្ហា​ពុករលួយ ​បញ្ហា​លួចបន្លំ​សន្លឹកឆ្នោត​ និង​បញ្ហា​កៀប​សង្កត់​ផ្សេង​ទៀត។ តែលោក​ ជៀម យាប​បានការពារ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​ហើយ បាន​វាយ​ប្រហារ​មេដឹកនាំ​គណបក្ស​ជំទាស់​ទាំងពីរ​ថា​បានបង្កាច់​បង្ខូច​គណបក្ស​ លោក​ដើម្បី​យក​សំឡេង​ឆ្នោត​ពី​ប្រជា​ពលរដ្ឋ។
«តែ​ខ្ញុំ​មាន​សង្ឃឹម​ថា​ប្រជាជន​កម្ពុជា​មិនមែន​ជា​ប្រជាជន​ដែល​ល្ងង់ខ្លៅ​តទៅទៀត​ទេ។​ ឥឡូវហ្នឹង​យើង​ឃើញ​ថា​គាត់ចេះ​គ្រប់​បែប​យ៉ាង​ ចេះវិភាគ​គ្រប់បែប​យ៉ាង។​ មើល​ខ្ញុំ​សួរ​ថា​តើ​ក្នុង​រយៈពេល​២០​ ៣០​ឆ្នាំ​កន្លង​ទៅ​ គណបក្ស​ប្រឆាំង ​សម រង្ស៉ី​ក្តី​ គណបក្ស​សិទ្ធិ​មនុស្ស​ក្តី​ធ្វើ​បាន​អី​ប៉ុនក្រចក​ដើម្បី​ជូន​ជាតិ​មាតុភូមិ? ហើយ​សុទ្ធ​តែ​ អួតអាង​ថា​ដោយសារ​គាត់​មិន​កាន់​អំណាច​ម៉េច​ក៏​មិន​ខំ?​ខំ​ទៅ​ឲ្យ​ប្រជាជន​ជឿ​ទុក​ចិត្ត​ទៅ។​ កាលណា​ឈ្នះឆ្នោត​ទៅ​បាន​កាន់​អំណាច​ហើយ»។

លោក ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​នៅ ​កម្ពុជា​ ហៅកាត់ថា​និកហ្វ៊ិក​បានអះអាង​ថា​ការរួបរួមគ្នា​គណបក្ស​ជំទាស់​ទាំងពីរ ​នឹងមាន​ចំនួន​អាសនៈ​កើនឡើង​នៅពេល​បោះឆ្នោត​ខាងមុខ​បើពិនិត្យ​ទៅលើ​រូបមន្ត​និង​ សំឡេងគាំទ្រ​នៃគណបក្ស​ទាំងពីរ​ ហើយក៏​ធ្វើឲ្យ​អ្នកបោះឆ្នោត​ងាយ ​ក្នុងការ​សម្រេចចិត្ត ។​ តែលោកពុទ្ធា ហង្ស​បាន​ពន្យល់​ថា​ គណបក្ស​ទាំងពីរ​នេះ ​នៅមាន​ឧបសគ្គ​ច្រើនទៀត​ត្រូវ​ជជែក​ក្នុង​ការបញ្ចូលគ្នា​ដូចជាការ​ផ្លាស់ប្តូរ​ឈ្មោះ​គណបក្សថ្មី​ដែល​ជា​ការបាត់​សមាជិកភាព​តំណាងរាស្ត្រ​ក្នុង​សភា​ពេលរំលាយ ​ឈ្មោះ​បក្ស ​បញ្ចូល​គ្នា​ផង​និង​បញ្ហា​មិនអាច​បង្កើត​រដ្ឋាភិបាល​បាន​ផង​ប្រសិន​បើ បក្ស​ទាំងពីរ​ នៅរក្សា​ទុក​ឈ្មោះរៀងៗខ្លួន។

«ហើយចំណុច​មួយ​ទៀត​បើសិនជា​គណបក្ស​ទាំងពីរហ្នឹង​គាត់ទុកឈ្មោះ​គាត់ ដដែល​ ប៉ុន្តែ​អ្នកគាំទ្រ​របស់​គាត់​ទោះបីជាកើន​ច្រើនជាងមុន​ក៏មិនអាច​ថាបូក​គ្នា ​ទៅ​បង្កើត​ទៅជា​រដ្ឋាភិបាល​បានទេ​ដោយសារ​គណបក្ស​មួយ​តំណាង​ឲ្យ​សំឡេង ​គាំទ្រ​មួយ»។

លោកទេព នីថា​ អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ ​កាត់ថា ​គជប ​វិញ​បានអះអាង​ថា​ការបាត់បង់​អាសនៈ​គឺផ្អែក​លើរូបមន្ត​នៃការបញ្ចូលគ្នា​ របស់​គណបក្ស​នយោបាយ។

«អញ្ចឹង​ឧបមាថា​គណបក្ស​ ក ​ចូលគ្នាជាមួយ​គណបក្ស ​ខ ​ហើយគេ​ដាក់ឈ្មោះ គណបក្ស​ ក ​អញ្ចឹងទេ​គណបក្ស​ខ ​ត្រូវបាត់បង់​អាសនៈ​ទាំងអស់​ដែលមាន។ ហើយបើសិន​គេ​ដាក់ឈ្មោះ​គណបក្ស​ ខ ​វិញ​គណបក្ស​ ក​ នឹង​បាត់បង់​អាសនៈ ​ទាំងអស់​ដែលមាន។​ ហើយបើគេ​ចូលគ្នា​រវាង​គណបក្ស​ ក ​និង ​ខ ​ហើយគេ ​បង្កើត​ ឈ្មោះ​គណបក្ស​ថ្មី​មួយ​ទៀត​គណបក្ស ​គ ​គណបក្ស ​ក ​និង​ ខ ​ត្រូវបាត់ ​អាសនៈ​ទាំងអស់​ដែលមាន»។

លោក ទេព នីថា​បានអះអាងថា​ការចុះបញ្ជី​បោះឆ្នោត​នៃគណបក្ស​នយោបាយ ​ត្រូវធ្វើ​ឲ្យបាន​មុន៩០ថ្ងៃ​នៃ​ការបោះឆ្នោត ​តាមច្បាប់​កំណត់​ដោយភ្ជាប់លិខិត​ បញ្ជាក់​ចំពោះ​ការ ​ចុះបញ្ជី​ស្រប​ច្បាប់​ពី​ក្រសួងមហាផ្ទៃ​ដើម្បី​ដាក់​ជូន​គ.ជ.ប។

គណបក្ស​ជំទាស់​ទាំងពីរ​មិនទាន់​បាន​ប្រកាសថា​ពេលណានឹង​ប្រកាស​បញ្ចូលគ្នា​ ឬ​ការដាក់ឈ្មោះ​គណបក្ស​ថ្មី​ហើយ​តើគណបក្ស​ទាំងពីរ​សុខចិត្ត​រំលាយខ្លួន​ទាំងអស់គ្នា​ឬ​ណាទេ។​ ដោយឡែក​ចំពោះ​ការ​ វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជាវិញ​របស់​លោក​សម រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ដោយសារ​ការដក ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​កាលពីឆ្នាំ២០០៩​ក្នុង​ខេត្តស្វាយរៀង​ នោះ​ក៏​មិនទាន់​ដោះស្រាយ​នៅឡើយ​ដែរ។
តែលោក ​Sean McIntosh ​អ្នកនាំពាក្យ​ស្ថានទូត​សរអា​បានស្វាគមន៍​ការបញ្ចូល​ គ្នា​រវាង​គណបក្ស​សម រង្ស៉ី​និង​គណបក្ស​សិទ្ធិមនុស្ស។

«ស.រ.អា​គាំទ្រ​បរិយាកាស​ ហើយ​នឹង​ជំរុញឲ្យ​មាន​បរិយាកាស​លើកទឹកចិត្ត ​ដល់​អ្នកចូលរួម​ផ្នែក​នយោបាយ​ទាំងអស់​ អាចចូលរួម​បាន​ក្នុង​ស្មារតី​ធ្វើឲ្យ​ ប្រសើរ​ ផ្នែកសេរីភាព​នយោបាយ ​និង ​សេរីភាព​ផ្នែក​ប្រជាធិបតេយ្យ»។ ក្រុមអ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​បញ្ហា​ធ្វើ​ឲ្យ​ជ្រះស្រឡះ​អំពី​ពិរុទ្ធភាព ​របស់​លោក​សម រង្ស៉ី​ទាក់ទិន​នឹងរឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ​ជារឿង​សំខាន់។ ​ច្បាប់​គណបក្ស​នយោបាយ​មិនអនុញ្ញាតឲ្យ​អ្នកមាន​ពិរុទ្ធភាព ឈរ​ឈ្មោះបោះឆ្នោត​ ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​ទេ៕
XS
SM
MD
LG