អតីតប្រធានពិធីការរបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភា បានយំខ្សឹកខ្សួលយ៉ាងខ្លាំង នៅពេលដែលលោកមាស ច័ន្ធពិសិដ្ឋ តំណាងអយ្យការ បានសន្និដ្ឋានចុងក្រោយ ដាក់បន្ទុកលោកស្រីពីបទឆបោក ដែលមានទឹកប្រាក់ជាងប្រាំរយលានដុល្លារសហរដ្ឋអាមេរិក។
តុលាការក្រុងភ្នំពេញបានបើកសវនាការរយៈពេលពេញមួយថ្ងៃ លើជនជាប់ចោទចំនួនបួនរូប ដែលរួមមានលោកស្រីផេង គន្ធាបូរី លោកពន្លក ហូរ លោកចាន់ កុសល អ្នកទាំងពីរជាអតីតទីប្រឹក្សាផ្ទាល់របស់លោកជា ស៊ីម និងលោកខៀវ បូរ៉ា ជំនួយការផ្ទាល់លោកស្រីផេង គន្ធាបូរី។
បន្ទាប់ពីបើកសវនាការអស់រយៈពេលជាច្រើនម៉ោង លោកតែ សំអាង ប្រធានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ មានប្រសាសន៍ថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ។
ជនជាប់ចោទទាំងបួនរូប ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោកនិងប្រើប្រាស់ឯកសណ្ឋានរាជការសាធារណៈ តាមមាត្រា៣៧៧ និង៣៨០នៃក្រមព្រហ្មទណ្ឌថ្មី។ លោកស្រីផេង គន្ធាបូរីត្រូវបានក្រុមគ្រួសារបណ្តើរចេញពីអគារតុលាការ ដោយមានទឹកមុខស្រពាប់ស្រពោន។ លោកស្រីមិនបានឆ្លើយទៅនឹងសំណួរណាមួយរបស់អ្នកកាសែតទេ ក៏ប៉ុន្តែអ្នកស្រីបានសំណូមពរចុងក្រោយនៅក្នុងបន្ទប់សវនាការថា លោកស្រីមិនជាប់ពាក់ព័ន្ធនឹងបទឆបោកទេ។
លោកស្រីផេង គន្ធាបូរីបានលើកឡើងថា លោកស្រីបានបម្រើប្រទេសជាតិអស់រយៈពេលជាង៣០ឆ្នាំហើយ ហើយតុលាការគួរតែដោះលែងអ្នកស្រីឲ្យរូចផុតចេញពីការចោទប្រកាន់។
ស្វាមីរបស់អ្នកស្រីផេង គន្ធាបូរី ដែលអះអាងស្នើសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកថា លោកមិនជឿថា ភរិយារបស់លោកជាប់ពាក់ព័ន្ធនឹងករណីឆបោកទេ។
«បើគេនៅតែឃុំភរិយាខ្ញុំ វាឥតយុត្តិធម៌ទេ។ បើខ្ញុំជាប្តីគាត់ គាត់ធ្វើខ្ញុំមិនដឹង?»
លោកស៊ុយ សុខុន មេធាវីការពារក្តីលោកស្រីផេង គន្ធាបូរី បានមានប្រសាសន៍ថា តាមរយៈអង្គហេតុនៅក្នុងអង្គសវនាការមិនមានភស្តុតាងណាមួយដើម្បីដាក់បន្ទុកចំពោះកូនក្តីរបស់គាត់ទេ។
«អានេះ! យើងគិតមើលថា បើឥតមានឯកសារច្បាប់ដើមមកប្តឹងតុលាការ តើអាចយកជាផ្លូវការបានដែរ ឬអត់? ដូច្នេះកូនក្តីរបស់ខ្ញុំ ឥតមានទោសពៃរ៍។ ដូច្នេះ គួរតែរូចផុតពីបទចោទ ឲ្យគាត់មានសេរីភាពឡើងវិញ»។
លោកស្រីផេង គន្ធាបូរី និងជនជាប់ចោទចំនួនបីរូបផ្សេងទៀត ដែលមានឋានៈជាឧត្តមសេនីយ៍ឯកចំនួនពីររូប ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនដាច់ដោយឡែកៗពីគ្នា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីមានពាក្យបណ្តឹងលោកយឹម លាង ប្រធានកងអង្គរក្សលោកជា ស៊ីម ប្រធានព្រឹទ្ធសភា ពីបទឆបោក ដែលមានទឹកប្រាក់ជាងប្រាំរយលានដុល្លារសហរដ្ឋអាមេរិក។
ទឹកប្រាក់ជាងប្រាំរយលានដុល្លារសហរដ្ឋអាមេរិកនេះត្រូវបានក្រុមហ៊ុន ម៉ាឡេស៊ី យកមកវិនិយោគសាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ ដែលផ្តល់ដោយគម្រោងចំនួនប្រាំ ដែលមានទឹកប្រាក់សរុបចំនួន៥៩៤២៣០០០០ដុលា្លរសហរដ្ឋអាមេរិក ក៏ប៉ុន្តែគម្រោងទាំងនេះមិនទាន់បានទទួលផ្លែផ្កានៅឡើយទេ៕