ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរ​ក្រហម​ចាប់ផ្តើម​យុទ្ធនាការ​ផ្សាយ​ពី​សំណង​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ​នៅ​ទួលស្លែង


អ្នក​រស់រាន​មានជីវិត​ពីរបបខ្មែរ​ក្រហម លោក ជុំ ម៊ី អាយុ៨១​ឆ្នាំ ស្តាំ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ ខណៈដែល​អ្នក​រស់រាន​ម្នាក់​ទៀត​គឺលោកប៊ូ ម៉េង អាយុ៧០ឆ្នាំ ស្តាប់ នៅជើងឯក អតីត​វាលពិឃាដក្នុង​សម័យ​ខ្មែរក្រហមនៅ​ជាយក្រុង​ភ្នំពេញ (រូបថត​ឯកសារ)។
អ្នក​រស់រាន​មានជីវិត​ពីរបបខ្មែរ​ក្រហម លោក ជុំ ម៊ី អាយុ៨១​ឆ្នាំ ស្តាំ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ ខណៈដែល​អ្នក​រស់រាន​ម្នាក់​ទៀត​គឺលោកប៊ូ ម៉េង អាយុ៧០ឆ្នាំ ស្តាប់ នៅជើងឯក អតីត​វាលពិឃាដក្នុង​សម័យ​ខ្មែរក្រហមនៅ​ជាយក្រុង​ភ្នំពេញ (រូបថត​ឯកសារ)។

«ខ្ញុំ​សូម​សម្តែង​នូវ​វិប្បដិសារី​យ៉ាង​ឈឺចាប់​បំផុត» ...«ខ្ញុំ​ទទួល​ខុស​ត្រូវ​ខាង​ផ្លូវចិត្ត​ចំពោះ​ការ​វិនាស​ហិនហោច​របស់​ប្រជាជន​កម្ពុជា​ទាំង​មូល ​ខ្ញុំ​រំលែក​ទុក្ខ...» នេះ​គឺ​ជា​ពាក្យ​ពេចន៍​របស់ ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ ស-២១ ​ឬ​គុក​ទួលស្លែង​ ដែល​ធ្លាប់​បាន​និយាយ​សុំទោស​ ទៅ​ដល់​ជន​រងគ្រោះ​កម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​កំពុង​កាត់​ទោស​នៅ​ឆ្នាំ​២០០៩ ​និង​ការ​កាត់ទោស​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​ ២០១១។ ​សាលាក្ដី​ខ្មែក្រហម​ បាន​ចងក្រង​នូវ​ការ​សុំទោស ​និង​ការ​សម្ដែង​នូវ​ការ​ទទួល​កំហុស​ទាំង​នេះ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​សំណង​ជួសជុល​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ ​ហើយ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ តាម​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុច ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំ​ងមនុស្ស​ជាតិ​ ការ​ធ្វើ​ទារុណកម្ម ​និង​មនុស្ស​ឃាត។ ​កាល​ពី​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ ​កន្លង​ទៅ​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស ​ឌុច ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​បាន​រក​ឃើញ​ថា ​ឌុច ​មាន​ទោស​កំហុស​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​ទោស​យ៉ាង​តិច​១២.៣៨០​នាក់។ ​តុលាការ​កំពូល​បាន​តម្រូវ​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​សាលដីកា ​និង​ការ​សុំទោស​របស់ ​ឌុច ​ជូន​សាធារណជន​សម្រាប់​ជា​សំណង​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ។ ​ក៏ប៉ុន្ដែ​មិន​បាន​បង្គាប់​ឲ្យ​មាន​សំណង​អ្វី​ផ្សេង​ពី​នេះ​ទេ។

លោក ​នេត្រ​ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា ​ការ​ផ្សព្វផ្សាយ​ពី​ការ​សុំទោស​របស់ ​ឌុច ​នេះ​គឺ​ជា​ឧបករណ៍​មួយ​ជួយ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម។

«សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដោយសារ​ថា ​ពាក្យ​សុំ​អភ័យទោស​របស់ ​ឌុច​ នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់។ ​ហើយ​ការ​ចងក្រង​នូវ​ពាក្យ​សុំ​អភ័យទោស​របស់​ឌុច​ នេះ​ក៏ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​មួយ​នៃ​សំណង​ ដែល​គេ​ហៅ​ថា​សំណង​ផ្លូវ​ចិត្ត»។

សាលាក្ដី​ខ្មែរក្រហម ​បាន​ប្រើ​ពេល​ប្រាំមួយ​ឆ្នាំ​គត់​គិត​មក​ត្រឹម​ខែ​កុម្ភៈ ​ឆ្នាំ ​២០១២​ នេះ​ ហើយ​បាន​កាត់​ក្ដី​សំណុំរឿង​ទី​១ ​ចប់​សព្វគ្រប់​ដែល​គេ​ចាត់​ទុក​ថា ​គឺ​ជា​ការ​បើក​ទំព័រ​ជំហាន​ដំបូង​បំផុត​ក្នុង​ការ​ផ្ដល់​នូវ​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ​របប​នេះ​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ ស្លាប់​បាត់បង់​ជីវិត​កាល​ពី​ជាង​៣០​ឆ្នាំ​មុន។

នៅ​ក្នុង​ពេល​នេះ​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ជំនុំជម្រះ​ទោស ​មាន ​នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម ​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ ​និង​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ការបរទេស។ ​ជន​ជាប់​ចោទ​ទាំង​បី​មិន​ទាន់​ទម្លាយ​ចេញ​នូវ​ការ​សារភាព​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ណាមួយ​ចំពោះ​ឧក្រិដ្ឋកម្ម​កន្លង​មក​នោះ​ទេ។

នៅ​ក្នុង​កម្រង​សេចក្ដី​សារភាព​កម្រាស់​២៧​ទំព័រ​នេះ ​ឌុច ​បាន​ទទួល​កំហុស ​និង​បាន​សុំទោស​សរុប​ចំនួន​៣៤​លើក។ ​ការ​សារភាព​របស់ ​ឌុច ​ជា​លើក​ដំបូង​ក្នុង​សវនាការ​គឺ​នៅ​ថ្ងៃ​ទី​៣១​ខែ​មិនា ​ឆ្នាំ ​២០០៩។

«ខ្ញុំ​សូម​ទទួល​ស្គាល់​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​អស់​ ដែល​កើត​មាន​នៅ​ ស ​២១។ ​សំខាន់​គឺ​សកម្មភាព ​ធ្វើ​ទារុណកម្ម ​និង​សម្លាប់​ផ្ដាច់​ផ្ដោច​អាយុ​ជីវិត​មនុស្ស»។

ពីរ​ឆ្នាំ​ក្រោយ​គឺ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិនា​ ឆ្នាំ​២០១១ ​ឌុច ​នៅរ​ក្សា​ជំហរ​សុំទោស​ និង​ការ​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​នេះ​ ក្នុង​អំឡុង​ពេល​កំពុង​កាត់​ទោស​ដោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល។​

ក៏ប៉ុន្ដែ​ការ​ផ្សព្វផ្សាយ​ពី​កម្រង​ការ​សុំទោស​របស់​អតីត​ប្រធាន​គុក​ទួលស្លែង​ហាក់​ ដូចជា​មិន​មែន​ជា​ថ្នាំ​រំងាប់​ចិត្ត​អតីត​អ្នក​ទោស​នៅ​ទីនោះ​ទេ។

លោក ​ប៊ូ ​ម៉េង ​គឺ​ជា​អ្នកទោស​តែ​ពីរ​នាក់​គត់​ដែល​នៅ​រស់រាន​មាន​ជីវិត​ជាមួយ​លោក ​ជុំ ​ម៉ី ​រហូត​មក​ទល់​នឹង​ការ​ផ្ដន្ទាទោស ​ឌុច ​ចុងក្រោយ​នេះ។

លោក ​ប៊ូ ​ម៉េង ​ពោល​ដោយ​កំហឹង​នៅ​ឡើយ​ថា ​លោក​មិន​បាន​ដឹង​ថា ​សាលាក្ដី​ខ្មែរក្រហម​ចាប់​ផ្ដើម​បង្ហាញ​ជា​សាធារណៈ​នូវ​កម្រង​សារភាព​និង​ការ​សុំទោស​របស់​ ឌុច​ នោះ​ទេ។

«ការ​សុំទោស​របស់ ​ឌុច ​ជា​រឿង​មួយ​ជ្រុង​តូច​នៃ​យុត្តិធម៌។ ​ចៅក្រម​ គង់ ​ស្រ៊ីម ​ដាក់​ទោស​មួយ​ជីវិត​ ជា​រឿង​តុល្យភាព​ល្អ​ហើយ​ចំពោះ​រូប​ខ្ញុំ»។

ជាមួយ​គ្នា​នេះ​លោក ​ជុំ ​ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​ម្នាក់​ទៀត​លើក​ឡើង​ថា ​ការ​ផ្សព្វផ្សាយ​ពី​ការ​សុំទោស​របស់ ​ឌុច ​តាម​គេហទំព័រ​នោះ​មិន​មែន​ជា​ការ​ជូន​ដំណឹង​ ឬ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​សម្រាប់​ជន​រងគ្រោះ​ខ្មែរ​ភាគច្រើន​ដែល​ពុំ​មាន​លទ្ធភាព​និង​មិន​មាន​ចំណេះ​ដឹង​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​នោះ​ទេ។

នៅ​ក្នុង​ពេល​នេះ​លោក ​អ៊ឹម ​សុភា ​ប្រធាន​ផ្នែក​សម្របសម្រួល​នៃ​ផ្នែក​គាំពារ​ជន​រងគ្រោះ​របស់​សាលាក្ដី​ខ្មែរក្រហម​បញ្ជាក់​ថា ​សាលាក្ដី​ខ្មែរក្រហម​កំពុង​បោះពុម្ពផ្សាយ​នូវ​កម្រង​ពាក្យ​សុំទោស​ និង​ការ​សារភាពទោស​របស់ ​ឌុច ​នេះ​ចំនួន​១០.០០០ ​ច្បាប់​សម្រាប់​ចែកចាយ​ឲ្យ​បាន​ទូលំទូលាយ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស។

«យើង​នឹង​ធ្វើ​ការ​ចែកជូន​ទៅ​ដល់​ជន​រងគ្រោះ​នៅ​ក្នុង​សំណុំរឿង​០០១ ​ទាំង​អស់​ហើយ​ផ្ញើ​ជាមួយ​សាលដីកា​ចុងក្រោយ​ក្នុង​សំណុំរឿង​០០១ ​ទៅ​ជន​រងគ្រោះ​ទាំង​ក្នុង​និង​ក្រៅប្រទេស។ ​ចំនួន​ដែល​នៅ​សល់​នឹង​ចែកចាយ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត»។

លោក ​នេត្រ ​ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​វិញ​បញ្ជាក់​ថា ​សាលាក្ដី​ខ្មែរក្រហម​ នឹង​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​ច្រើន​ទៀត​ ក្នុង​ពេល​ខាង​មុខ​នេះ​តាមរយៈ​ការ​បញ្ចាំង​ភាព​យន្ដ​ស្ដីពី​ការ​សុំទោស​របស់ ​ឌុច ​និង​ការ​ប្រកាស​សាលដីកា​នេះ​ជា​ដើម ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្ដល់​នូវ​ការ​ជួសជុល​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ។

ថ្វី​បើ​មន្ដ្រី​ផ្លូវការ​និង​សាលដីកា​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ចាត់​ទុក​ថា ​ការ​ផ្សព្វផ្សាយ​ពី​ការ​សុំទោស​របស់ ​ឌុច ​និង​សេចក្ដី​សារភាព​របស់​គាត់​ គឺ​ជា​ផ្នែក​មួយ​នៃ​សំណង​ក្ដី។ ​ប៉ុន្ដែ​លោក ​ហុង ​គឹមសួន​ មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​មួយ​រូប​លើក​ឡើង​ថា​ នេះ​គ្រាន់​តែ​ជាចំ​ណែក​មួយ​តូច​នៃ​សំណង​ដល់​ជន​រងគ្រោះ​តែ​ប៉ុណ្ណោះ។ ​ការ​ពិត​ជន​រងគ្រោះ​ត្រូវ​ការ​ការ​សាងសង់​ស្ដូប​មួយ ​ដែល​ចារឹក​ឈ្មោះ​ពួក​គាត់ ​ទាំង​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត ​និង​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ។​ ហើយ​ស្តូប​នេះ ​សម្រាប់​ជា​ការ​គោរព​បូជា ​ជា​ប្រចាំ ​និង​ជា​ការ​ឧទ្ទិស​តាម​វិធី​សាសនា​ទៅ​ដល់​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម៕

XS
SM
MD
LG