ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សាកសួរ​ជន​រងគ្រោះ​ដែលថៅកែ​រុស្ស៊ី​បោះបង់​ចោល​ក្នុងសមុទ្រ​​


តុលាការ​បាន​សាក​សួរ​អំពី​មូលហេតុ​នៃ​ការ​ដកពាក្យ​បណ្តឹង​ និង​ដំណើរ​រឿង​ដែល​នាំ​ឲ្យ​ហេតុការណ៍​នេះ​បាន​កើត​ឡើង។​
តុលាការ​បាន​សាក​សួរ​អំពី​មូលហេតុ​នៃ​ការ​ដកពាក្យ​បណ្តឹង​ និង​ដំណើរ​រឿង​ដែល​នាំ​ឲ្យ​ហេតុការណ៍​នេះ​បាន​កើត​ឡើង។​
ភ្នំពេញ​៖ តុលាការ​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃច័ន្ទនេះ​ បាន​ចាប់​ផ្តើម​កោះហៅ​ជន​រងគ្រោះ​ចំនួន​៦​នាក់​មក​សាក​សួរ​ បន្ទាប់​ពី​ពួកគេ​បាន​សម្រេចដក​ពាក្យ​បណ្តឹង​កាល​ពី​សប្តាហ៍​មុន​ប្រឆាំង​ទំទាស់​នឹង​មហា​សេដ្ឋ​ជនជាតិ​រុស្ស៊ី។ ​នេះបើតាម​ការ​បញ្ជាក់​ពីមេធាវី​ការពារ​ជន​រងគ្រោះ។​

កាលពី​ដើម​ខែមករា​ សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​បាន​ចោទ​ប្រកាន់ជនជាតិ​រុស្ស៊ី​ចំនួន​៣នាក់​ពី​បទ​សង្ស័យ​ថា​ បាន​ឃុំខ្លួន​បុគ្គលិក​របស់​ខ្លួន​ចំនួន​៦​នាក់​និង​បង្ខំ​ឲ្យ​ពួក​គេ​លោត​ទឹក​សមុទ្រ។​

លោក​ប៉ូឡុនស្គី សេហ្គេ​ (Po Lonsky Sergie) ​អាយុ​៤១​ឆ្នាំ​ ​ជាម្ចាស់សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ពស់​ និង​មាន​សណ្ឋាគារ​នៅ​កោះដែក​គោល​ព្រម​ទាំងពីរ​នាក់​ទៀត​ជា​នាយ​នាវា​នៃ​នាវា​កំសាន្តមួយ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​ចាប់ខ្លួន​ក្នុង​កណ្តាល​សមុទ្រ ​ដោយ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ បន្ទាប់ពី​ពួកគេ​បាន​ចាប់​បង្ខាំង​បុគ្គលិក​នាវា​របស់​ខ្លួន​ចំនួន​៦នាក់​ នៅ​ក្នុង​បន្ទប់​ទឹក​ ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ភ្ជង់​ក​ រួច​បង្ខំ​ឲ្យ​ពួក​គេ​លោត​ទឹក​សមុទ្រ។​
ហេតុការណ៍​នេះ​បានកើត​មាន​ឡើង​នៅ​ចំណុច​កោះ​ដូង ​ដោយ​មិនមាន​ប្រភព​ជាក់​លក្ខណ៍​ណាមួយ​បង្ហាញ​អំពី​មូល​ហេតុច្បាស់លាស់​ទេ។ក្រោយ​ពី​កើត​ហេតុ​ ជនជាតិ​រុស្ស៊ីទាំង​បីនាក់​ក៏​បើក​នាវា​ចេញ​ដំណើរ​ចោល​ជន​រងគ្រោះ។
ជន​រងគ្រោះ​ត្រូវ​បាន​សង្គ្រោះ​ដោយ​កង​ល្បាត​សមុទ្រ​ បន្ទាប់ពី​ពួកគេ​បាន​លោត​ទឹក​ នៅ​ពេល​ដែល​នាវា​កំពុង​ធ្វើ​ដំណើរ​ ហើយ​ពួកគេ​បាន​ឃើញ​កង​នាវាល្បាត។​ ​
បន្ទាប់ពី​មាន​ការ​ចរចា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន​ ជនរងគ្រោះ​ជន​ជាតិ​ខ្មែរ​ទាំង​៦​នាក់​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​ជនជាតិ​រុស្ស៊ី​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​ និង​បង្ក​របួស​ស្នាម។​
លោក​អ៊ូច សុភ័ត្រា​ មេធាវី​ការពារ​ជនរងគ្រោះ ​បាន​និយាយ​ថា​ តុលាការ​បាន​សាក​សួរ​អំពី​មូលហេតុ​នៃ​ការ​ដកពាក្យ​បណ្តឹង​ និង​ដំណើរ​រឿង​ដែល​នាំ​ឲ្យ​ហេតុការណ៍​នេះ​បាន​កើត​ឡើង។​
លោក​បាន​និយាយ​ថា​ កូន​ក្តី​របស់​លោក​មាន​ដំណើរ​រឿង​ខុសៗ​គ្នា។​ អ្នក​ខ្លះ​ត្រូវ​បាន​នាយ​នាវា​កំសាន្ត​ចាប់​បង្ខាំង​ក្នុង​បន្ទុប​ទឹក​ ហើយ​ក្រោយ​មក​ឲ្យ​ពួក​គេ​ដោះ​សម្លៀក​បំពាក់​ចេញ​នៅ​សល់​តែ​ខោខ្លី​ ហើយ​បាន​បង្ខំ​ឲ្យ​ពួកគេ​លោត​ចុះ​ទឹក​សមុទ្រ​តែ​ម្តង។​
លោក​បាន​និយាយថា ​លោក​មិន​ដឹង​មូលហេតុពិត​ប្រាកដ​ទេ​ ថា​ហេតុអ្វី​បានជា​កូនក្តី​របស់​លោក​មាន​ទំនាស់​ជាមួយ​ជនជាតិ​រុស្ស៊ី​ទាំង​នោះ​ទេ។​
«គាត់តែងតែ​បញ្ជាក់​ហើយ​ថា​ មូល​ហេតុអ្វី​បាន​ដក​បណ្តឹង​ ហើយ​យើង​ក៏បាន​បញ្ជាក់ទៅ​វិញ​ថា​ យើង​ទទួល​បាន​សំណង​ហើយ​ យើង​អត់​មាន​អ្វី​ត្រូវ​ប្តឹង​ទៀត​ទេ»។​
បន្ទាប់ពី​មាន​ការ​ចរចា​គ្នា​ ជនជាតិ​រុស្ស៊ី​បាន​ផ្តល់​សំណង​ចំនួន​២​ម៉ឺន​ដុលា្លរសហ​រដ្ឋ​អាមេរិក​ដល់​ជន​រងគ្រោះ។​ ក៏ប៉ុន្តែ​ជន​រងគ្រោះ​ទាំង​៦​នាក់​ទទួល​បាន​តែ​១០០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ៗ។​
លោក​ផេង ធឿន​ អ្នក​មើល​ការ​ខុសត្រូវ​ផ្ទះ​សំណាក់ ​និង​ភោជនីយដ្ឋាន​ពស់​ដែល​ចេញ​មុខ​រៀបចំ​ការ​សម្រប​សម្រួល បាន​និយាយ​ថា​ ប្រាក់​ផ្សេងៗ​ទៀត​ត្រូវ​បង់​សេវា​មេធាវី​ និង​បង់​សោហ៊ុយ​ដល់​ប្រេង​សាំង​សម្រាប់​នាវា​ជួយ​សង្គ្រោះ។​
«មុន​ហ្នឹង​ វាប្រជុំគ្នា​ វាព្រម​ទទួល​សំណង​ប៉ុន​ហ្នឹង​ម្នាក់​ ហើយ​និង​ថ្លៃមេធាវី​ថ្លៃ​អី។​ គេ​គិត​សរុប​គត់ៗ​ មិន​ឲ្យ​មាន​សល់​អ្វី​ទេ»។​
វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​ស្រី​ស៊ លីនណា​ ចៅក្រម​ស៊ើប​សួរ​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​សុំ​អត្ថាធិប្បាយ​បំភ្លឺ​ តែមិន​អាច​ទាក់ទង​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​អ្នក​ស្រី​ទទួល​ការហៅចូល​ហើយ​ ​តែ​គ្មាន​អ្នក​ទទួល។​
កាល​ពី​សប្តាហ៍មុន ​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស​ប្រទេស​រុស្ស៊ីបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​លើ​ករណី​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ីបី​នាក់​នៅ​ខេត្ត​ព្រះ​សីហនុ។​
សេច​ក្តី​ថ្លែង​ការណ៍​ដដែល​បាន​និយាយ​ថា​ «យោង​តាម​សភាព​ធ្ងន់ធ្ងរ​នៃ​បទ​ចោទ​ប្រកាន់​យើង​ចាត់​ទុក​ថា ​វា​មាន​ភាព​ចាំបាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ ​និង​រក​យុត្តិធម៌​ឲ្យ​បាន​ច្បាស់​លាស់​នូវគ្រប់​កាលានុវត្តភាព​ចំពោះ​ករណី​នេះ»។​
សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​លើក​ឡើង​ថា​ ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ទាក់ទង​ជាប្រចាំ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ដល់​ជនជាតិ​របស់​ខ្លួន​ដើម្បីធានា​ថា​ ​អ្នក​ដែល​ជាប់​ឃុំ​ឃាំង​ទទួល​បាន​មេធាវី​ និង​អ្នក​បកប្រែ៕
XS
SM
MD
LG