ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សាកសួរ​ជន​សង្ស័យ​ពីបទ​ប្លន់ធនាគារ​


ធនាគារ​អេស៊ីលីដា​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​និង​ទាមទារ​សំណង​ចំនួន​ជាង​១០ម៉ឺន​ដុលា្លរ​សហ​រដ្ឋ​អាមេរិក។​
ធនាគារ​អេស៊ីលីដា​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​និង​ទាមទារ​សំណង​ចំនួន​ជាង​១០ម៉ឺន​ដុលា្លរ​សហ​រដ្ឋ​អាមេរិក។​
ភ្នំពេញ៖ តុលាការ​ខេត្ត​កំពង់ចាម ​នៅថ្ងៃសុក្រ​នេះ ​បាន​ចាប់​ផ្តើមបើក​ការ​សាកសួរ​ជន​សង្ស័យ​ចំនួន​៦នាក់​ដែល​ជាប់​ពាក់ព័ន្ធនឹង​ការ​ប្លន់​លុយ​ធនាគារ​អេស៊ីលីដា​ ​សាខា​នៅស្រុក​ស្ទឹង​ត្រង់​ខេត្ត​កំពង់ចាម។ ​នេះបើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ។

លោក​ព្រះរាជអាជ្ញា​ ហួត វុទ្ធី​បាន​និយាយ​ថា​ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៦នាក់​តុលាការ​ទើប​តែ​បញ្ចប់​ការ​សាកសួរ​ប្រមាណ​បាន​តែបី​នាក់​តែ​ប៉ុណ្ណោះ ​ហើយ​នៅ​សល់​ជនសង្ស័យ​បី​នាក់​ផ្សេង​ទៀត​តុលាការ​នឹង​បន្ត​ធ្វើការ​សាកសួរ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​ទៀត។​

លោក​បាន​និយាយ​ថា​ តុលាការ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​៦​នាក់ជាផ្លូវការ​នៅ​ឡើយ​ទេ​រហូត​ដល់​បំពេញ​នីតិវិធី​ចប់​សព្វ​គ្រប់​សិន។​

ទោះ​ជាយ៉ាង​ណាក៏​ដោយ​ ក៏លោក​ហួត វុទ្ធី​មិន​បាន​បញ្ជាក់​ពីនីតិវិធី​បន្ថែម​របស់​តុលាការ​ទេ។​

«ខ្ញុំមិន​អាច​ឆ្លើយ​បាន​ទេ។​ នេះជាកិច្ចការ​ស៊ើប​អង្កេត​របស់​ខ្ញុំ»។​

សមត្ថកិច្ច​ខេត្តកំពង់​ចាម​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​៦​នាក់​ដែល​ភាគ​ច្រើន​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា ​សាខា​នៅ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់​ចាម។

សមត្ថ​កិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ទាំ​ង​៦​នាក់​មក​ឲ្យតុលាការ​ធ្វើ​ការ​សាក​សួរ​បន្ត​ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់នៅ​ឡើយ​ទេ។​

ជន​សង្ស័យ​ទាំង​៦នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដាច់​ដោយ​ឡែកៗ​ពីគ្នា ​បន្ទាប់​ពី​ពួកគេ​រៀប​ចំ​គម្រោងប្លន់​លុយ​មិន​បាន​សំរេច​ ពី​ធនាគារ​ដែល​ខ្លួន​កំពុង​ធ្វើការ។​

លោក​ព្រំ វិសុទ្ធ​ ​អនុ​ប្រធានប្រតិបត្តិ​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម​នៃ​ស្នាក់​ការ​កណ្តាល​ធនាគារ​អេស៊ីលីដា​ប្រចាំ​ក្រុង​ភ្នំពេញ ​បាន​និយាយ​ថា​ ធនាគារ​បាន​បាត់​បង់​ប្រាក់​ចំនួន​៥ម៉ឺន​ដុល្លារ​ក្រោយ​ពីព្រឹត្តិការណ៍​នោះ​រួច​មក។​

លោក​បាន​និយាយ​ថា​ នៅសប្តាហ៍​ក្រោយ​នេះ ​ធនាគារ​អេស៊ីលីដា​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​និង​ទាមទារ​សំណង​ចំនួន​ជាង​១០ម៉ឺន​ដុលា្លរ​សហ​រដ្ឋ​អាមេរិក។​

«បាទ​ធនាគារ​យើង​ដាក់​ពាក្យ​ប្តឹង​ដើម្បី៖ទីមួយ​ឲ្យខាង​អាជ្ញាធរ​ដាក់ទោស​ទណ្ឌ​តាម​ច្បាប់​កំណត់​ ទីពីរ​គឺទាមទារ​ទ្រព្យ​សម្បត្តិ​ដែល​យើង​បាត់​លុយកាក់​ហ្នឹង​ ទីបី​គឺ​យើង​ទាមទារ​ជំងឺ​ចិត្ត​នៃ​ការ​ខូចខាត»។​

បុគ្គលិក​ធនាគារ​អេស៊ីលីដា ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ប្លន់​ប្រាក់​ពី​ធនាគារ រួម​មាន​ឈ្មោះ​ស៊ឹម គឹម​ថាន​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ព្រែក​បារាំង ​ស្រុក​ស្ទឹងត្រង់​ ជា​ប្រធាន​បេឡា ​និង​សង្ស័យ​ថា​ជា​មេខ្លោង​ក្នុង​រឿងនេះ។ ​ស៊ឹម តុលា ​ហៅ​ជែម ​អាយុ​២៨​ឆ្នាំ​មក​ពី​ភ្នំពេញ​ ជា​ម្ចាស់​អាវុធ​ខ្លីម៉ាក​កា​៥៤​ រស់​នៅ​ខេត្ត​កំពត។ ​ស៊យ លី​ណា ​អាយុ​២០​ឆ្នាំ ​ជា​ប្រធាន​បេឡា​ស្តីទី។ ​អាន ម៉ាត់លី ​អាយុ​២៤​ឆ្នាំ ​ជា​បុគ្គលិក​ដែលរត់​រួច​កាល​ពី​ម្សិលម៉ិញ​ ដោយ​បាន​នាំ​យក​លុយ​ចំនួន​៥៧​លាន​រៀល។​ ទីន គុយ​ហេង ​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ព្រែក​ព្រះ​អង្គ ​ឃុំ​ព្រែក​បាក់​ ស្រុក​ស្ទឹងត្រង់ ​និង​រឿន ​សុជាតិ ​អាយុ​២៩​ឆ្នាំ ​រស់​នៅ​ក្នុង​ខេត្ត​កំពង់ចាម៕​
XS
SM
MD
LG