ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បដិសេធ​សំណើ​លោកស្រី​មូរ សុខហួរ​សុំ​ឱ្យ​បំពេញ​នីតិវិធី​ផ្តល់​អភ័យ​ឯកសិទ្ធិ​វិញ


លោកស្រី​មូរ ​សុខហួរ​ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សម រង្ស៊ី ប្រចាំ​នៅ​មណ្ឌល​កំពត
លោកស្រី​មូរ ​សុខហួរ​ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សម រង្ស៊ី ប្រចាំ​នៅ​មណ្ឌល​កំពត

តុលាការ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​មិនព្រម​ទទួល​យក​លិខិត​ស្នើសុំ​របស់​អ្នកស្រី​មូរ សុខហួរ​ដើម្បី​ឲ្យ​អ្នកស្រី​ក្លាយ​ជា​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​ឡើង​វិញ​នៅ​ឡើយ​ទេ។​ នេះ​បើតាម​ការថ្លែង​បញ្ជាក់​របស់​អ្នកស្រី​មូរ សុខហួរ​ ដែលបាន​ប្រាប់​អ្នក​កាសែត​នៅ​ពី​មុខ​របង​តុលាការ​ក្រុង​ភ្នំពេញ។

លោកស្រី​មូរ ​សុខហួរ​ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សម រង្ស៊ី ប្រចាំ​នៅ​មណ្ឌល​កំពត​បាន​យក​លិខិត​មួយ​ច្បាប់​ទៅ​ដាក់​ជូន​តុលាការ​ក្រុងភ្នំពេញ​កាលពីថ្ងៃ​អង្គារ​ដើម្បី​ឲ្យ​ស្នើសុំ​រៀបចំ​បែបបទ​តាម​នីតិ​វិធី​ និង​ផ្តល់​នីតិសម្បទា​ជា​អ្នក​តំណាងរាស្ត្រ​ឡើងវិញ​តាម​ផ្លូវ​តុលាការ។

អ្នកស្រី​មូរ ​សុខហួរ​ បាន​និយាយ​ថា​តុលាការ​មិន​បាន​ទទួល​យក​លិខិត​ស្នើសុំទេ​ដោយ​និយាយ​ថា​ព្រះរាជអាជ្ញា​ជាប់​រវល់​ហើយ​លោកស្រី​បាន​បញ្ជាក់​ថា​ករណី​នេះ​បាន​បំពេញ​នីតិ​វីធី​ចប់​សព្វគ្រប់​ហើយ​តាម​ផ្លូវ​តុលាការ។

«ខ្ញុំ​ចង់​ឲ្យ​ឃើញ​ប្រព័ន្ធ​ស្ថាប័ន​សាធារណៈ​ជា​ស្ថាប័ន​មួយ​ដែល​ជា​ស្ថាប័ន​ទទួល​ផ្តល់​នូវ​សេវា​ឲ្យ​មាន​គុណភាព​ឲ្យ​មាន​ការ​សម្រួល​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ»។

លោកស្រី​មូរ​ សុខហួរ​ ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​កាល​ពី​អំឡុង​ឆ្នាំ​២០០៩​ បន្ទាប់​ពី​មាន​ក្តីក្តាំ​បរិហារកេរ្តិ៍​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ ដ៏​មាន​ឥទ្ធិពល។

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១០​ បាន​កាត់ក្តី​ឲ្យ​លោកស្រី​មូរ ​សុខហួរ​ ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​១៦.៥០០.០០០​រៀល។

នៅ​ក្នុង​លិខិត​របស់​លោកស្រី​មូរ ​សុខហួរ​ ដែល​បាន​ចែក​ជូន​អ្នក​កាសែត​នៅ​ពី​មុខ​តុលាការ​បាន​ឲ្យ​ដឹង​ថា​ការ​អនុវត្ត​ទោស​មក​លើ​លោកស្រី​បាន​ចប់​ជា​ស្ថាពរ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១០​តាម​ការ​អនុវត្ត​ដោយ​បង្ខំ​កាត់​ប្រាក់​បៀរវត្សរ៍​ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​នៅ​រដ្ឋសភា។

លោក​ ជាម ​យៀប ​សមាជិក​សភា​តំណាងរាស្រ្ត​ខាង​គណបក្ស​ប្រជាជន​បាន​ឲ្យ​ដឹង​ថា​លោកស្រី​មូរ​ សុខហួរ​ ជាប់​ចោទ​ពី​បទ​លហុ ​ដូច្នេះ​បន្ទាប់​ពី​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​ហើយ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​គឺ​គាត់​នឹង​អាច​ទទួល​បាន​នីតិ​សម្បទា​ឡើង​វិញ​ហើយ។

លោក ​ជាម ​យៀប ​បាន​បញ្ជាក់​ថា​លោកស្រី​មូរ​ សុខហួរ​បាន​អនុវត្ត​ទោស​រួចរាល់​ហើយ​កាល​ពី​ឆ្នាំ​២០១១​ ហើយ​តុលាការ​គួរតែ​ផ្តល់​នីតិសម្បទា​ឲ្យ​ឡើង​វិញ។

«តាម​កន្លង​ទៅ​យើង​ឃើញ​ថា ​បើ​គេ​អនុវត្ត​ហើយ​ ហើយ​គេ​ស្នើសុំ​អញ្ចឹង​តុលាការ​គួរតែ​ជម្រាប​ប្រាប់​មក​រដ្ឋសភា​វិញ​ ដើម្បី​ឲ្យ​សភា​ហ្នឹង​បាន​ដឹង​ថា​គេ​អនុវត្ត​ ហើយ​គេ​មាន​នីតិ​សម្បទា​គ្រប់គ្រាន់​ឡើង​វិញ»។

លោក ​សុខ​ រឿន ​ព្រះរាជអាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា​ពាក្យ​ស្នើសុំ​ពុំមាន​ឯកសារ​គ្រប់គ្រាន់​ទេ​ទើប​តុលាការ​សម្រេច​មិន​ទទួល​យក។

«ក្នុង​ពាក្យ​សុំ​ហ្នឹង ​គាត់​ដាក់​មាន​យោង​ហើយ​នឹង​មាន​ឯកសារ​ពាក់ព័ន្ធ​ ហើយ​ដល់​អញ្ចឹង​ខាង​រដ្ឋបាល​គាត់​ថា​លិខិត​ដែល​ដាក់​នោះ​ មាន​ឯកសារ​យោង​និង​ឯកសារ​ពាក់ព័ន្ធ​ហ្នឹង​វា​ឥត​ឃើញ។​ មន្ត្រី​ដែល​កាន់​មក​ហ្នឹង​ថា​ឥត​បាន​ដាក់​មក​ អញ្ចឹង​គេ​សុំ​យក​បណ្តឹង​ហ្នឹង​ សុំ​ទៅ​វិញ​ដើម្បី​ប្រមូល​ឯកសារ​យោង​ពាក់ព័ន្ធ​និង​លិខិត​ពាក្យ​សុំ​ហ្នឹង​ណ៎ា»។

តុលាការ​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​បដិសេធ​មិន​ទទួល​យក​ពាក្យ​បណ្តឹង​លោកស្រី​មូរ ​សុខហួរ​ ដែល​បាន​ដាក់​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ពី​បទ​បរិហាកេរ្តិ៍​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​និយាយ​ជា​សាធារណៈ​កាល​ពី​ឆ្នាំ​២០០៨​ នៅ​ស្រុក​ឈូក ​ខេត្ត​កំពត​ដែល​លោកស្រី​យល់​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោកស្រី៕

XS
SM
MD
LG