សមាជិកសភាសហរដ្ឋអាមេរិកមួយរូបបានជំរុញឲ្យប្រទេសកម្ពុជាពង្រឹងបន្ថែមនូវតួនាទីរបស់គណបក្សជំទាស់ក្នុងប្រទេសស្របពេលដែលមន្រ្ដីគណបក្សបក្សជំទាស់អះអាងពីការគាបសង្កត់ពីសំណាក់គណបក្សគ្រប់គ្រងអំណាច។
លោកស្រី នីគី សុងហ្គាស សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋម៉ាសាឈូសេត មានប្រសាសន៍ក្នុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍នេះដោយប្រៀបធៀបគណបក្សជំទាស់នៅសហរដ្ឋអាមេរិកនិងនៅក្នុងប្រទេសកម្ពុជា។
«វាជាការណ៍សំខាន់ណាស់សម្រាប់គណបក្សជំទាស់ក្នុងការដែលគណបក្សនេះមានជីវភាពនយោបាយរឹងមាំនៅក្នុងប្រទេសណាមួយក៏ដោយ។ ខ្ញុំជាសមាជិកគណបក្សប្រជាធិបតេយ្យដែលមានមតិភាគតិចនៅក្នុងសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ។ ជារៀងរាល់ថ្ងៃ យើងពិភាក្សាគ្រប់មធ្យោបាយអំពីអនាគតប្រទេសរបស់យើង។ ដូច្នេះខ្ញុំគិតថា ជាទូទៅ និងនៅក្នុងសង្គមប្រជាធិបតេយ្យទាំងអស់ វាមានសារៈសំខាន់ណាស់ដែលសំឡេងរបស់គណបក្សជំទាស់ត្រូវគេទទួលយកដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តរបស់ពួកគេបាន»។
លោកស្រីសមាជិកសភាអាមេរិកបានថ្លែងយ៉ាងដូច្នេះបន្ទាប់ពីលោកស្រីបានជួបជាមួយមន្ដ្រីរដ្ឋាភិបាលកម្ពុជា ក្រុមអ្នកជំនួញ ក្រុមមន្ដ្រីនៃអង្គការក្រៅរដ្ឋាភិបាល និងក្រុមមន្ដ្រីគណបក្សជំទាស់ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រីចំនួនមួយសប្ដាហ៍នៅក្នុងប្រទេសកម្ពុជា។ ហើយលោកស្រីគ្រោងនឹងចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃសៅរ៍នេះ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សជំទាស់សម រង្ស៊ី ដែលសម្បូរវោហាបានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រី នីគី សុងហ្គាស។ លោក សុន ឆ័យ ក៏បានត្អូញត្អែរពីការព្រងើយកន្ដើយនិងការគាបសង្កត់របស់គណបក្សកាន់អំណាចលើគណបក្សរបស់លោក។
«សមាជិកសភាគណបក្សប្រឆាំង តែងត្រូវគេដកអភ័យឯកសិទ្ធិយ៉ាងងាយមិនសូវមានមូលហេតុអីត្រឹមត្រូវ។ ហើយលិខិតជាសំណួរដែលតំណាងរាស្ត្រគណបក្សសម រង្ស៊ី ផ្ញើទៅឲ្យរាជរដ្ឋាភិបាលភាគច្រើនមិនឆ្លើយតប។ ការឆ្លើយតបខ្លះនោះ ពេលខ្លះនោះមិនសមស្របទៅតាមគោលការណ៍ រដ្ឋធម្មនុញ្ញទៀត»។
ផ្ទុយទៅវិញ លោកជាម យៀប តំណាងរាស្ដ្រចំណាស់បីទសវត្សរ៍របស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានពន្យល់ផ្សេងពីនេះ។
«រដ្ឋសភា ក៏ដូចជាគណបក្សដែលកំពុងតែកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា យើងឥតមានចង្អៀតចង្អល់ ឬក៏រើសអើងអីទេ។ កន្លងទៅយើងឃើញថា គណបក្សដែលជាប់ឆ្នោតក្នុងរដ្ឋសភា តែងតែយកចិត្តទុកដាក់ដើម្បីអំពាវនាវចូលរួម»។
កាលពីក្នុងជំនួបជាមួយលោកស្រី នីគី សុងហ្គាស គណបក្សជំទាស់សម រង្ស៊ី បានស្នើសុំឲ្យលោកស្រីជួយជជែកពិភាក្សាជាមួយមន្ដ្រីរដ្ឋាភិបាលដើម្បីស្វែងរកលទ្ធភាពឲ្យលោកសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍មកចូលរួមការបោះឆ្នោតក្នុងពេលខាងមុខនេះបាន។
នៅក្នុងសន្និសីទសារព័ត៌មានរយៈពេលជាង ២០នាទី លោកស្រី នីគី សុងហ្គាស បានថ្លែងគាំទ្រវត្តមានរបស់លោកសម រង្ស៊ី នៅក្នុងប្រទេស។ ក៏ប៉ុន្ដែលោកស្រីបញ្ជាក់ថា លោកស្រី មិនបានលើកបញ្ហានេះទៅពិភាក្សាជាមួយរដ្ឋាភិបាលខ្មែរទេ។ មេដឹកនាំគណបក្សជំទាស់បាននិរទេសខ្លួនដោយស្ម័គ្រចិត្តទៅក្រៅប្រទេសអស់ពេលជាច្រើនឆ្នាំ បន្ទាប់ពីមានការចោទប្រកាន់ និងផ្ដន្ទាទោសដោយតុលាការខ្មែរ។
ជាមួយគ្នានេះលោកស្រី នីគី សុងហ្គាស ក៏បានលើកពីកង្វល់ពីអំពើពុករលួយនិងតម្លាភាពរបស់ក្រុមអ្នកជំនួញ ដែលលោកស្រីបានជួបក្នុងដំណើរទស្សនកិច្ចនេះ។ យ៉ាងណាក៏ដោយ លោកស្រីបានថ្លែងជាសរុបថា ប្រទេសកម្ពុជាជា «ប្រទេសវ័យក្មេង» ប៉ុន្ដែពោរពេញទៅដោយ «សុទិដ្ឋិនិយម»៕