មន្រ្ដីអង្គការសហប្រជាជាតិ និងមន្ដ្រីអង្គការឃ្លាំមើលការកាត់ទោសអតីតខ្មែរក្រហមបានហៅការយឺតយ៉ាវក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិជាផ្លូវការថា គឺជា «ការគួរឲ្យព្រួយបារម្ភ» សម្រាប់ដំណើរការកាត់ទោសក្នុងសំណុំរឿងបន្ថែមពីរទៀត គឺសំណុំរឿង០០៣ និង០០៤។
សហចៅក្រមស៊ើបអង្កេតអន្ដរជាតិបម្រុង លោក ឡូរ៉ង់ កាសពែ អង់ស៊ែម៉េ (Laurent Kasper-Ansermet) សញ្ជាតិស្វ៊ីស ត្រូវជ្រើសតាំងដោយអង្គការសហប្រជាជាតិដើម្បីជំនួសលោក ស៊ីកហ៊្វ្រីក ប៊្លុង។ លោក ប៊្លុង សហចៅក្រមស៊ើបអង្កេតអាល្លឺម៉ង់ បានលាឈប់ពីការងារកាលពីថ្ងៃទី៩ ខែតុលា បន្ទាប់ពីទទួលរងការវាយប្រហារជាច្រើន លើកិច្ចការស៊ើបអង្កេតរបស់លោក ក្នុងសំណុំរឿងបន្ថែមទាំងពីរនេះ។
លោកឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ បានឲ្យដឹងថា លិខិតជ្រើសតាំងលោក ឡូរ៉ង់ កាសពែ អង់ស៊ែម៉េ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន បានបញ្ជូនទៅកាន់ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមកាលពីពាក់កណ្ដាលខែ តុលា ឆ្នាំ ២០១១នេះ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះស្ថាប័នច្បាប់កម្ពុជា ដែលមានព្រះមហាក្សត្រគង់ជាប្រធាននេះ នៅមិនទាន់បញ្ចេញសេចក្ដីសម្រេចលើការតែងតាំងលោក កាសពែ អង់ស៊ែម៉េ នៅឡើយ។
«ពិតហើយយើងដឹងហើយថា គាត់ត្រូវបានតែងតាំងដោយអង្គការសហប្រជាជាតិ ហើយយើងកំពុងតែរង់ចាំសេចក្ដីសម្រេចរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម»។
ប្រភពនានាពីឧត្តមក្រុមប្រឹក្សាអង្គចៅក្រមសុទ្ធតែពុំអាចបញ្ជាក់ពីការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិបាននោះទេ។
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលោកចៅក្រម ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែររួមទាំងលោក សម ប្រជាមានិត នាយខុទ្ទកាល័យក្រសួងយុត្តិធម៌សុទ្ធតែបញ្ជាក់ដូចៗថា ពួកអស់លោកមិនបានដឹងពីព័ត៌មានណាមួយថា តើមានការសម្រេចតែងតាំងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិហើយឬនៅនោះ។
ដោយឡែកលោកយូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតកម្ពុជាក្នុងសាលាក្ដីខ្មែរក្រហម និងជាសមាជិកក្រុមប្រឹក្សាឧត្តមក្រុមប្រឹក្សាអង្គចៅក្រមផងដែរមិនអាចទាក់ទងបានទេដោយសារតែទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងដោយគ្មានអ្នកទទួល។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួនកាលពីពីរសប្ដាហ៍មុន លោក ឡូរ៉ង់ កាសពែ អង់ស៊ែម៉េ បានលើកឡើងថា យោងតាមច្បាប់តួនាទីរបស់គាត់ដែលត្រូវឡើងជំនួសសហចៅក្រមស៊ើបអង្កេតមុន គួរតែមានប្រសិទ្ធិភាពគ្រប់គ្រាន់ចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ មកម្លេះ។
លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌នៅកម្ពុជាដែលជាផ្នែកមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិកដែលតាមឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា ផ្អែកតាមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ភាគីកម្ពុជាត្រូវតែងតាំងចៅក្រមដោយពុំពន្យារ ដែលអង្គការសហប្រជាជាតិជ្រើសតាំងជូន។
«ការយឺតយ៉ាវនៅក្នុងការតែងតាំងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង។ ទី១ការប៉ះពាល់ដល់ដែលធ្វើឲ្យមានភាពមន្ទិលសង្ស័យទៅលើឆន្ទៈនយោបាយ ទី២គឺធ្វើឲ្យយឺតយ៉ាវថែមទៀតនូវការស៊ើបអង្កេតលើសំណុំរឿង ០០៣/០០៤»។
លោក ឡុង បញ្ញាវុធ ពន្យល់ថា ការគោរពកិច្ចព្រមព្រៀងរួមរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ឱកាសឲ្យសាលាក្ដីខ្មែរក្រហមដំណើរការទៅមុខដោយឯករាជ្យ និងចប់ចុងចប់ដើម។
លោក ឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមក៏យល់ថា ការខកខានក្នុងការតែងតាំងចៅក្រមស៊ើបអង្កេតពេញសិទ្ធិក្នុងពេលនេះនឹងប៉ះពាល់ដល់សំណុំរឿងពីរចុងក្រោយ។
«ពិតហើយវាអាចនឹងមានការប៉ះពាល់ដល់ការកំណត់ពេលវេលា ក្នុងដំណើរការក្ដី គឺវាអាចបង្កឲ្យមានភាពយឺតយ៉ាវ»។
សំណុំរឿង០០៣ និង០០៤ បានក្លាយជាស្នូលគន្លឹះនៃការប្រឈមដាក់គ្នារវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិនៅក្នុងសាលាក្ដីខ្មែរក្រហម។ ជនជាប់ចោទក្នុងសំណុំរឿងទាំងពីនេះសរុបមានចំនួនប្រាំនាក់ ប៉ុន្ដែក្រុមសហចៅក្រមស៊ើបអង្កេតខកខានក្នុងការបង្ហាញអត្តសញ្ញាណជនសង្ស័យមួយចំនួន ក្នុងចំណោមនោះខណៈពេលដែលខ្លួនបានប្រកាសកាលពីចុងខែមេសា ឆ្នាំ ២០១១ ថាការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ ត្រូវបានបិទបញ្ចប់ហើយ។
លោក ឡូរ៉ង់ កាសពែ អង់ស៊ែម៉េ ដែលកំពុងរង់ចាំការតែងតាំងដោយរាជក្រិត្យពីព្រះមហាក្សត្រដែលជាព្រះប្រធានឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបាន សរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីពីរសប្ដាហ៍មុននោះដែរថា រូបលោក និងសហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង នឹងចាត់ចែងកិច្ចការស៊ើបសួរ និងគ្រប់គ្រងការិយាល័យរបស់ខ្លួន។ ក៏ប៉ុន្ដែភ្លាមៗ នៅថ្ងៃដដែលនោះ លោក យូ ប៊ុនឡេង បានប្រតិកម្មជំទាស់ថា ការចេញសេចក្ដីថ្លែងការណ៍របស់សហចៅក្រមបម្រុងបរទេសមិនបានពិគ្រោះយោបាល់ជាមួយរូបលោកជាមុននោះទេ។ លោកយូ ប៊ុនឡេង បានប្រមានថា សហចៅក្រមអន្តរជាតិឲ្យរង់ចាំការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្រសិនមុននឹងចាប់ផ្ដើមការងាររបស់ខ្លួន។
លោកស្រី ឡូរ៉ង់ស្ស៍ ប៊ែណាឌី (Laurence Bernardi) លេខាទី១នៃស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ លោកតាស៊ូយ៉ា ម៉ាជីដា (Tatsuya Machida) លេខាទី១អមស្ថានទូតជប៉ុន និងលោកសន ម៉ាកគិនតូស្ស (Sean J. McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកមិនធ្វើអត្ថាធិប្បាយលើការយឺតយូរនៃការតែងតាំងសហចៅក្រហមស៊ើបអង្កេតជាផ្លូវការនោះទេ។
ក៏ប៉ុន្ដែលោក ចន ម៉ាកគិនតូស្ស មានប្រសាសន៍តាមសារអេឡិចត្រូនិចថា សហរដ្ឋអាមរិកនៅតែ«គាំទ្រក្នុងការនាំខ្លួនអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហមដែលជាអ្នកទទួលខុសត្រូវក្នុងអំពើឃោរឃៅយកមកកាត់ទោស។ ដោយរៀបរាប់បញ្ចូលគ្នារវាងសំណុំរឿង ០០១ និង០០២ លោកតាស៊ូយ៉ា ម៉ាជីដា មានប្រសាសន៍ថា ប្រទេសជប៉ុន «ចាត់ទុកដំណើរការនីតិវិធីតុលាការទាំងមូលកំពុងប្រព្រឹត្តិទៅមុខ»៕