គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃអាទិត្យនេះ បានប្រកាសលទ្ធផលជាបឋមថា គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយកជ័យជម្នះដ៏ច្រើនលើសលប់លើគណបក្សប្រឆាំងលោកសម រង្សី សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ។
ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយដែលទើបនឹងបង្កើតថ្មីដែលមាន១៣សង្កាត់ នឹងមានសមាជិកចំនួន៨៩នាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ ដែលមាន១៩អាសនៈ។ គណបក្សដែលចូលរួមការប្រកួតប្រជែងគឺមានតែពីរគណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជន និងគណបក្សសម រង្សី។
លោក ឃ្លូត ប៊ុតឌី សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៧សំឡេង គណបក្សសម រង្សី ទទួលបាន២២សំឡេងលើចំនួនអ្នកបោះឆ្នោត៨៩ទល់នឹង៨៩ ដែលមានវត្តមាននៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ហើយនៅក្នុងនោះមានសន្លឹកឆ្នោតដែលមិនបានការ និងសន្លឹកឆ្នោតដែលខូចមានចំនួនតែមួយសន្លឹកប៉ុណ្ណោះ។
«ជាលទ្ធផលព្រាងជាបណ្តោះអាសន្នទេ គឺគណបក្សប្រជាជន លោកបានសំឡេង ៦៧សំឡេង។ គណបក្សសម រង្សី បានសំឡេង២២សំឡេង។ ទាំងអស់ហ្នឹងមាន៨៩សំឡេង ហើយអ្នកបោះឆ្នោតនោះមាន៨៩នាក់»។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងនៅក្នុងសន្និសីទព័ត៌មានថា គ.ជ.ប បានទុករយៈពលចំនួនបីថ្ងៃដើម្បីឲ្យគណបក្សនយោបាយ ប្តឹងជំទាស់តវ៉ាទៅនឹងលទ្ធផលនេះ ហើយប្រសិនណាបើមិនមានពាក្យបណ្តឹងតវ៉ាទេ យើងនឹងប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី១៨ខែឆ្នូខាងមុខនេះ។
«ការរៀបចំលទ្ធផល ការបូកសរុបលទ្ធផល ការសរុបចំនួនអាសនៈហ្នឹង និងការកំណត់បេក្ខជនជាប់ឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានេះគឺគណៈកម្មាធិការរាជធានីរៀបចំការបោះឆ្នោត។ គាត់ជាអ្នករៀបចំមិនមែននៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចមុនៗ នោះទេ»។
លោក ព្រំ គុន អាយុ៦៩ឆ្នាំ សមាជិកក្រុងខាងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលបណ្តោះអាសន្ននេះ លោកអាចទទួលយកបាន។
«ខ្ញុំយល់ថានេះជាសារជាតិរបស់គណបក្សប្រជាជន ដែលជាអ្នកធ្វើតែងតែទទួលលទ្ធផលអីញ្ចឹង។ ខ្ញុំពេញចិត្តនឹងលទ្ធផលនេះ ព្រោះថាយើងអ្នកធ្វើ យើងបានចេះតែកើនអីញ្ចឹង បានសេចក្តីថា រឿងហ្នឹងប្រជាជនគេវាយតម្លៃត្រូវ»។
លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្សី បានសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនេះទេ។ លោកបានមានប្រសាសន៍ថា មានសមាជិកគណបក្សសម រង្សី មួយចំនួនបានទទួលរងនូវការបំភិតបំភ័យ និងការទិញសន្លឹកឆ្នោត។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ទៀតថា គណបក្សសម រង្សី មិនមានគម្រោងណាមួយ ដើម្បីប្តឹងជំទាស់ចំពោះលទ្ធផលនេះទេ ដោយសារតែលោកគ្មានជំនឿថា នឹងទទួលបានយុត្តិធម៌លើពាក្យបណ្តឹងគណបក្សសម រង្សី។
«ការបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងនូវឆន្ទៈប្រជាពលរដ្ឋពិតប្រាកដទេ។ ទោះជាយ៉ាងណាក៏ដោយ យើងកត់សម្គាល់ឃើញថា បរិយាកាសបោះឆ្នោតនេះមិនអំណោយផលទេគឺនូវតែមានការទិញសន្លឹកឆ្នោត ការគំរាមគំហែង បំភិតបំភ័យសកម្មជនគណបក្សសម រង្សី»។
លោកស្រី នូ សំបូរ នាយិកាប្រតិបត្តិរបស់សមាគមព្រហ្មវិហារធម៌នៃមាតា ដែលបានតាមឃ្លាំមើលការបោះឆ្នោតនេះបានបញ្ជាក់ថា លោកស្រីពុំបានរកឃើញថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនេះទេ។
«វារលូនហើយប៉ុន្តែវាមានការដូចពីគណបក្សសម រង្សី គាត់តវ៉ាដែរ។ គាត់តវ៉ា។ គាត់រករឿងដែរ ប៉ុន្តែដល់ខាងបោះឆ្នោតហ្នឹងវារលូន វាឥតមានជំទាស់អី ឥតមានទើសអីទេ ក៏រូចទៅ»។
ការបែងចែកអាសនៈក្រៅផ្លូវការបានបង្ហាញឲ្យឃើញថា ក្នុងចំណោម១៩អាសនៈ នៃក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបាន១៥អាសនៈ ចំណែកឯគណបក្សសម រង្សី ទទួលបាន៤អាសនៈ៕