ក្រុមមន្ត្រីរបស់ប្រទេសកម្ពុជា នៅថ្ងៃសុក្រនេះនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះការតែងតាំងជាផ្លូវការទៅលើសហចៅក្រមបម្រុងអន្តរជាតិ លោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ។
ចៅក្រមបម្រុងសញ្ជាតិស្វីសរូបនេះបានរង់ចាំការតែងតាំងជាផ្លូវការ ដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីក្លាយខ្លួនពេញសមត្ថភាពជាសហចៅក្រមស៊ើបអង្កេតនៅក្នុងសាលាក្តីខ្មែរក្រហមចាប់តាំងពីខែតុលាមកម្ល៉េះ។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ និងសមាគមការពារសិទ្ធិមនុស្សដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន២៣នៅក្នុងប្រទេសកម្ពុជាចាត់ទុកថាការយឺតយ៉ាវនៅក្នុងការតែងតាំងនេះបានធ្វើឲ្យមានកង្វល់កាន់តែកើនឡើង។
លោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហម និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសានៅថ្ងៃនេះថាឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានធ្វើការសម្រេចចិត្តរបស់ខ្លួនទៅលើករណីលោកចៅក្រមស៊ើបអង្កេតបម្រុងនោះហើយ។ ក៏ប៉ុន្តែលោកស្រីមិនអាចធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមនោះទេ។
«ការងាររបស់ខ្ញុំចប់ហើយ ព្រោះអាការប្រជុំហ្នឹងគេប្រជុំជាសម្ងាត់ទេ។ មែនទែន ខ្ញុំឥតអាចនិយាយបានថាបញ្ហាយ៉ាងម៉េចៗទេ»។
រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថា តើការសម្រេចចិត្តរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនោះបែបណានៅឡើយទេ។
កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះបានស្រង់សម្តីរបស់លោកអង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រមថា ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានផ្ញើសេចក្តីសម្រេចចិត្តរបស់ខ្លួនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយកាលពីថ្ងៃពុធ ហើយលោកកំពុងតែរង់ចាំមកពីទីស្តីការគណៈរដ្ឋមន្ត្រីមកវិញ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាលោកមិនដឹងថាមានលិខិតណាមួយពីឧត្តមក្រុមប្រឹក្សាអង្គចៅក្រមមកដល់ទីស្តីការគណៈរដ្ឋមន្ត្រីនោះទេ។
លោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ត្រូវបានជ្រើសតាំងដោយអគ្គលេធិការអង្គការសហប្រជាជាតិលោកបាន គីមូន ដើម្បីជំនួសសហចៅក្រមស៊ើបអង្កេតសញ្ជាតិអាល្លឺម៉ង់លោក ស៊ីកហ្វ្រីដ ប៊្លុង្គ (Siegfried Blunk) ។
លោក ប៊្លុង្គ ដែលបានលាលែងពីការងារកាលពីចុងឆ្នាំមុនបន្ទាប់ពីមានការចម្រូងចម្រាស់នៅក្នុងការស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣ និង០០៤ ដែលរដ្ឋាភិបាលខ្មែរប្រឆាំងជំទាស់។ សំណុំរឿងទាំងពីរមានជនសង្ស័យប្រាំនាក់បន្ថែមពីលើជនសង្ស័យចំនួនប្រាំនាក់ ដែលកំពុងតែឋិតនៅក្នុងការឃុំឃាំងបណ្តោះអាសន្ននៅក្នុងសំណុំរឿង០០១ និង០០២។
គណៈកម្មាធិការប្រព្រឹត្តិកម្មបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អន្តរាគមន៍ណាមួយដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមចំពោះការតែងតាំលោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) គឺជាករណីរំលោភកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ ហើយក្រុមអង្គការសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលកម្ពុជាបំពេញកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យ និងត្រឹមត្រូវនៅក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិជាបន្ទាន់។
លោក ហង្ស ឆាយ៉ា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាសមាជិកគណៈកម្មាធិការប្រព្រឹត្តិកម្មមានប្រសាសន៍ថាភាពនៅស្ងៀមស្ងាត់របស់មន្ត្រីរដ្ឋាភិបាលនៅក្នុងបញ្ហានេះគឺជាការមិនចង់ទទួលខុសត្រូវទៅលើករណីដ៏ចម្រូងចម្រាស់នេះ។
«រឿងហ្នឹងគឺគ្មាននរណាគេហ៊ានចង់ទទួលខុសត្រូវហ្នឹងណា៎។ បាទ! នេះហើយដែលធ្វើឲ្យការយឺតយ៉ាវដំណើរការ»។
យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន បានលើកឡើងថាការតែងតាំងសហចៅក្រមស៊ើបអង្កេតថ្មីគឺជាសមត្ថកិច្ចឯករាជ្យពេញទីរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ហើយក្រុមអង្គការសង្គមស៊ីវិលគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយរង់ចាំការសម្រេចចិត្តរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។ សូមបញ្ជាក់ថាលោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) បានបង្ហាញពីចេតនាការស៊ើបអង្កេតដោយត្រង់ៗនៅក្នុងសំណុំរឿង០០៣ និង០០៤។ ក៏ប៉ុន្តែសហចៅក្រមស៊ើបអង្កេតកម្ពុជាលោក យូ ប៊ុនឡេង បានព្រមានថាលោកឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) មិនទាន់មានសម្បទាពេញទីតាមផ្លូវច្បាប់នៅឡើយទេ ហើយលោកបានបដិសេធធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសហចៅក្រមបម្រុងរូបនេះ៕