ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​គម្រោង​ឲ្យ​ពលរដ្ឋ​រាយ​ការណ៍​អំពី​អំពើ​ពុករលួយ


សកម្មជន​សង្គម​កាន់បដា​ប្រឆាំងអំពើ​ពុករលួយ នៅក្នុងការ​តវ៉ា​មួយនៅ​ទីក្រុង​ភ្នំពេញ។
សកម្មជន​សង្គម​កាន់បដា​ប្រឆាំងអំពើ​ពុករលួយ នៅក្នុងការ​តវ៉ា​មួយនៅ​ទីក្រុង​ភ្នំពេញ។
ភ្នំពេញ៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ជំរុញឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ចូលរួម​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អំពើ​ពុក​លួយ​ឲ្យ​បាន​ច្រើន។​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ មន្ត្រី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ សាធារណជន​បានដាក់​ពាក្យបណ្តឹង​ទៅអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ជាង​៨០០​បណ្តឹង។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ព្រាប កុល​បាន​ឲ្យ​ដឹងថា​ អង្គការ​របស់​លោក​នឹង​បើក​គម្រោង​បំផុស​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស។​

ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ពីសិក្ខា​សិលា​ស្តីពី​អំពើ​ពុក​រលួយ​ក្នុង​ទីក្រុង​ភ្នំពេញ ​លោក​ព្រាប កុល​បញ្ជាក់​ថា ​គម្រោង​នេះ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៣ ​ក៏​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​នៅ​ឡើយ។​

«យើង​កំពុងតែ​រៀបចំ​ដើម្បី​ដាក់​ឲ្យ​មាន​នូវ​ច្រក​មួយ​ដែល​ប្រជា​ពលរដ្ឋ​និង​មហាជន​អាច​ដាក់​ពាក្យ​បណ្តឹង​មក​យើង​តាមរយៈ​ទូរ​ស័ព្ទ​មក​ hot line ​តាម​អ៊ីនធើណែត​ជា​អនាមឹក​ ឬ​ក៏​មក​ផ្ទាល់ ​ឬក៏​តាមរយៈ​ដៃគូ​ចល័ត។ ​អញ្ចឹង​ ក្នុង​ឆ្នាំ​២០១៣ ​ប៉ុន្មាន​ខែ​ទៀត​នេះ​ យើង​នឹង​សម្ពោធ​គម្រោង​នេះ»។​

លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ក៏​បាន​ប្រកាស​កាលពី​ម្សិលមិញ​ដែរ​ថា​ ស្ថាប័ន​របស់លោក​ទទួល​ពាក្យ​បណ្តឹង​ប្រឆាំង​អំពើ​ពុក​រលួយ​៨០០​បណ្តឹង​ក្នុង​រយៈ​ពេល​ប្រាំបី​ខែ​ដើម​ឆ្នាំ​នេះ​ ហើយ​បណ្តឹង​មួយ​ចំនួន​បាន​និង​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ។​
អង្គការ​តម្លាភាព​កម្ពុ​ជា​គឺជា​ផ្នែក​មួយ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ។​

លោក​ព្រាប កុល​បញ្ជាក់​ថា ​អង្គការ​របស់​លោក​នឹង​ជួយ​ពិនិត្យ​បណ្តឹង​ទាំង​នោះ​ដើម្បី​ឲ្យ​មាន​សុពល​ភាព​ផ្លូវច្បាប់​ដោយ​មាន​ក្រុម​ចល័ត​ទទួល​ពាក្យ​បណ្តឹង​នៅ​តាម​មូលដ្ឋាន​ផង​ដែរ។​
«យើង​នឹង​សម្រប​សម្រួល​ឲ្យ​មាន​មេធាវី​ក្នុង​ការ​ពិគ្រោះ​យោបល់​ដើម្បី​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​ ថា​តើ​វា​ត្រូវ​តាម​ក្រប​ខណ្ឌ​គតិយុត្តិ ​មាន​ឯកសារ​គ្រប់គ្រាន់​ ឬក៏​មាន​លក្ខ​ខណ្ឌ​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត។​ ដូច្នេះ​យើង​សង្ឃឹម​ថា​ ពេល​ដែល​យើង​សម្ពោធ​សេវា​នេះ​គឺ​នឹង​មាន​ពាក្យ​បណ្តឹង​ច្រើន»។​

ពុំមាន​របាយ​ការណ៍​ផ្លូវការ​ណា​មួយ​របស់​រដ្ឋាភិបាល​និយាយ​ពី​ទិន្នន័យ​នៃ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នោះ​ទេ។​ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ភ្នា​ក់​សហ​រដ្ឋ​អាមេរិក​ដើម្បី​កិច្ច​អភិវឌ្ឍ​អន្តរជាតិ ​(USAID) ​ធ្លាប់​បាន​លើកឡើង​ថា ​អំពើ​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាងតិច​ចន្លោះ​ពី​៣០០​ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។​

លោក​ព្រាប កុល​ជឿ​ថា ​អំពើ​ពុក​រលួយ​អាច​បំផ្លាញ​ចំណូល​រដ្ឋ​ច្រើន​ជាង​នេះ។​

«នៅ​ប្រទេស​កម្ពុជា​អំពើ​ពុក​រលួយ​មាន​ច្រើន​ប្រភេទ។ ​មាន​ពុករលួយ​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ទឹកប្រាក់​ជា​ច្រើន​លាន​ដុល្លារ​ ដូចជា​ទាក់ទង​នឹង​ការ​ដេញ​ថ្លៃ​គម្រោង​ធំ។​ មាន​ពុក​រលួយ​កម្រិត​មធ្យម​ទាក់ទង​នឹង​សេវា​សាធារណៈ ​និង​សេវា​ឯកជន​ជាដើម។​ ហើយ​ក៏មាន​ពុក​រលួយ​តូចៗ​ដែល​យើង​ឃើញ​មាន​ច្រើន​ករណី​សឹង​ថា​ អាច​បើក​ឡាន​តាម​ផ្លូវ​ក៏មាន​ដែរ ​ដូចជា​ករណី​អ្នក​ធ្វើ​ដំណើរ​ និង​ប៉ូលិស​ចរាចរ ​ឬ​ក៏​ករណី​សុំ​ឯកសារ​នៅ​ស្ថាប័ន​មួយ​ចំនួន»។​

រដ្ឋាភិបាល ​ក្នុង​ពេល​កន្លង​ទៅ​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចាប់ខ្លួន​និង​ផ្តន្ទាទោស​ដល់​បុគ្គល​ប្រព្រឹត្ត​បទ​ស៊ីសំណូក​ បាន​មួយ​ចំនួន​ ក៏ប៉ុន្តែ​នៅ​មាន​ការ​រិះគន់​ជា​ច្រើន​ថា​ ការ​ចាប់ខ្លួន​កើត​ឡើង​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តូចតាច​ ហើយ​អំពើ​ពុករលួយ​មួយ​ចំនួន​នៅតែ​ត្រូវ​គេ​មើល​ឃើញ​ដោយ​ផ្ទាល់​នឹង​ភ្នែក​ដោយ​គ្មាន​ការ​លាក់​បាំង។​

លោក​ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ទទួល​ស្គាល់​ថា ​នៅ​មិន​ទាន់​មាន​ការចូលរួម​សហការ​ច្រើន​ពី​ស្រទាប់​មហាជន​ក្នុង​ការដាក់​បណ្តឹង​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឡើយ។​

«ការ​ធ្វើ​ឲ្យ​មហាជន​និង​ស្ថាប័ន​ផ្សេងៗ​ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ខ្វះខាត​ច្រើន។​ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​នៅ​ខ្សោយ​ដែរ​ ក្នុងការ​ទាក់ទាញ​ការ​ចូល​រួម»។​
យ៉ាងណា​ក៏ដោយ​លោក​ឱម យិនទៀង​គិត​ថា​ ការ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវការ​ការ​ចូលរួម​ពី​បណ្តាញ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។​

លោក​ព្រាប កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ មានប្រសាសន៍​ថា​ អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ហើយ​វា​ទាមទារ​ការ​ប្រយុទ្ធ​ជា​ប្រព័ន្ធ​ដែរ​ ទើប​អាច​បំបែក​ឧក្រិដ្ឋកម្ម​ពុក​រលួយ​នេះ​បាន៕​
XS
SM
MD
LG