ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​ប្រមូល​អនុសាសន៍​ដើម្បី​កែលម្អ​ គ.ជ.ប

  • គង់ សុឋានរិទ្ធ

លោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌ ហៅ​កាត់​ថា​ខុមហ្វ្រែល​
ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ពិភាក្សា​គ្នា​ដើម្បី​ប្រមូល​នូវ​អនុសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​សម្រាប់​ដាក់ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប) ​ក្នុង​គោលដៅ​ដើម្បី​ធានា​ដល់​ការបោះឆ្នោត​មួយ​សេរី​និង​យុត្តិធម៌។

ក្នុង​កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​តំណាង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​និង​គណបក្ស​ជំទាស់​ចំនួន​ពីរ គឺ​គណបក្ស​សិទ្ធិមនុស្ស​និង​គណបក្ស​សម រង្ស៊ី ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បានរៀបចំ​នូវ​អនុសាសន៍​ចំនួន​១៦​ចំណុច​នៅក្នុង​នោះ​មានការ​រៀបចំ​នូវ​យន្ត​ការ​សម្រាប់​ការឃោសនា​បោះឆ្នោត ​និង​ការដាក់​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ រួមទាំង​យន្តការ​ត្រួតពិនិត្យ​បុគ្គលិក​សម្រាប់​ការរៀបចំ​ការបោះឆ្នោត ​និង​ប្រចាំ​ស្ថានីយ៍​បោះឆ្នោត។

លោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌ ហៅ​កាត់​ថា​ខុមហ្វ្រែល​មាន​ប្រសាសន៍​ថា ​ការជ្រើសរើស​បុគ្គលិក​បោះឆ្នោត​នេះ​ផ្តោតទៅលើ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​តែប៉ុណ្ណោះ។

«នេះ​ទាក់ទិន​ទៅ​នឹង​មន្ត្រី​នៅ​ថ្នាក់ក្រោម ​ថ្នាក់​ខេត្ត​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ឃុំ​សង្កាត់ និង​មន្ត្រី​ការិយាល័យ​បោះឆ្នោត»។

ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ភាគច្រើន​ចង់​ឲ្យ​មាន​តំណាង​របស់ខ្លួន ​ចូលរួម​នៅក្នុង​គណៈកម្មាធិការ​ជ្រើសរើស​បុគ្គលិក​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន។ ក៏ប៉ុន្តែ​តំណាងរាស្ត្រ​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​លោក ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អ​ព្យា​ក្រិ​ត្យ ​និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​និ​ក​ហ្វិ​ក​ជំទាស់​ទៅនឹង​ការលើកឡើង​នេះ ​ដោយ​ចាត់ទុក​ថា​ការចូលរួម​នៅក្នុង​ការសង្កេត​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ​នៅក្នុង​ការ​ជ្រើស​រើ​សបុ​គ្គ​លិ​ក​បោះឆ្នោត​នៅ​មូលដ្ឋាន ​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ផ្នែក​ហិរញ្ញវត្ថុ ​និង​ភាពស្មុគស្មាញ​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​ចំនួន​ច្រើន​រហូត​ទៅដល់​រាប់​ពាន់។

លោក ហ៊ូ វ៉ាន់ ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី ​បានស្នើ​ឲ្យ​មាន​យន្ត​ការផ្តល់​ឱកាស​ឲ្យ​មាន​ការឃោសនា​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅដល់​គ្រប់​គណបក្ស​នៅតាម​បណ្តា​ទីផ្សារ​នានា។

«រឿង​ហ្នឹង​ការលើក​ស្លាក កុំ​ឲ្យ​មានការ​រើសអើង​ទាល់តែ​សោះ ​ហើយ​សុំ​ឲ្យ​មាន​ការចូល​ផ្សារ ​សុំ​ឲ្យ​មាន​កាលវិភាគ»។

សហគមន៍​ជាតិ ​និង​អន្តរជាតិ ​រួមទាំង​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល​ធ្លាប់បាន​រិះគន់​អំពី​ការជ្រើសរើស​បុគ្គលិក​ប​ម្រើការ​នៅក្នុង​ការបោះឆ្នោត​នៅតាម​មូលដ្ឋាន​ដែលមាន​ភាពលំអៀង ​ហើយ​ភាគច្រើន​គឺ​ជា​សមាជិក​របស់​គណ​បក្ស​កាន់អំណាច។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​តម្រូវ​ឲ្យ​សង្គម​ស៊ីវិល ​ឬ​គណបក្ស​នយោបាយ​នានា​ផ្តល់​អនុសាសន៍​របស់​ខ្លួន​ដើម្បី​រៀបចំ​បទបញ្ជា ​និង​នីតិវិធី​ស្តីពី​ការបោះឆ្នោត​យ៉ាងយូរបំផុត​នៅត្រឹម​ថ្ងៃទី២៤ ​ខែមករា ​ឆ្នាំ២០១៣​នេះ។

លោក ទេព នីថា ​អគ្គលេខាធិការ​គជប ​បញ្ជាក់​ថា ​គជប ​នឹង​សិក្សា​ទៅលើ​អនុសាសន៍​ទាំងនោះ បន្ទាប់​មក​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ និង​សង្គម​ស៊ីវិល ​ដើម្បី​ពិភាក្សាគ្នា។

«បន្ទាប់មក​បាន​យើង​រៀបចំ​ឯកសារ​ជាថ្មី​ម្តង​ទៀត ​តាម​លទ្ធផល​នៃ​ការប្រជុំ ​ដាក់​ជូន​គជប ​សម្រេច​ដើម្បី​បញ្ចូល ​ឬ​មិន​ប​ញ្ចូ​ល​ក្នុង​បទបញ្ជា​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៣​នេះ»។
ប្រទេស​កម្ពុជា​ គ្រោង​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី២៨ ​ខែ​កក្កដា​ ឆ្នាំ២០១៣​នេះ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី៕
XS
SM
MD
LG