ខណៈដែលគណបក្សនយោបាយកំពុងឃោសនារកសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៣ ខែមិថុនា ក្រុមអ្នកស្រុកបានអះអាងថា ពួកគេចង់បានការផ្តល់សេវាសាធារណៈមូលដ្ឋានមួយដែលមានតម្លាភាពនិងគ្មានអំពើពុករលួយ។
លោក មាស សុខគីមតែងគិតថា ការធ្វើលិខិតបញ្ជាក់កំណើតនិងឯកសារផ្សេងៗនៅក្នុងភូមិ សង្កាត់របស់លោក គឺគ្មានការតម្រូវឲ្យបង់ប្រាក់ ឬបង់តែបន្តិចបន្តួចប៉ុណ្ណោះ។
ប៉ុន្តែលោកអះអាងថា លោកត្រូវបង់ប្រាក់ដល់ទៅ៤ម៉ឺនរៀល ឬស្មើនឹងចំណូលដែលលោកអាចរកបានក្នុងរយៈពេល២ឬ៣ថ្ងៃពីរបររត់ម៉ូតូឌុបរបស់លោកដើម្បីទទួលបានសៀវភៅគ្រួសារមួយក្បាល។
«ធ្វើអញ្ចឹងអត់សមរម្យទេ ព្រោះរាជរដ្ឋាភិបាលគាត់ដាក់មកថា របស់អស់ហ្នឹងមិនយកលុយទេ តែដល់ពេលខ្ញុំទៅធ្វើគេយកលុយ»។
ដូចអ្នកស្រុកជាច្រើនទៀតដែរនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនេះ លោកសុខគីមនិយាយថា ដើម្បីទទួលបានឯកសារទាំងនេះ លោកត្រូវបង្ខំចិត្តបង់ប្រាក់ទៅឲ្យមន្ត្រីពាក់ព័ន្ធដោយលោកមិនដែលទទួលបានវិក័្កយប័ត្រដើម្បីបញ្ជាក់ពីការបង់ប្រាក់ទាំងនោះឡើយ។
«បើនិយាយការណ៍ពិតទៅ បើខ្ញុំមិនឲ្យលុយ គឺសំខាន់ខ្ញុំត្រូវការធ្វើសៀវភៅហ្នឹង។ អញ្ចឹងខ្ញុំត្រូវតែឲ្យគេទៅ។ គេថា គេសុំប៉ុណ្ណេះៗ ខ្ញុំជូនគេទៅតាមហ្នឹងទៅ ព្រោះខ្ញុំត្រូវការដើម្បីឲ្យកូនទៅធ្វើការ ឬក៏អី្វផ្សេងៗ»។
ក្រុមអ្នកភូមិនៅទីនេះនិយាយថា ការបង់ប្រាក់ក្រៅផ្លូវការទៅឲ្យអាជ្ញាធរពាក់ព័ន្ធបានក្លាយទៅជាទម្លាប់ដែលគេត្រូវតែធ្វើនៅស្ទើរគ្រប់ទីកន្លែងទៅហើយក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានលិខិត ឬសំណុំឯកសារផ្លូវការនានា ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬអត្តសញ្ញាណប័ណ្ណជាដើម។
អ្នកស្រុកនិយាយថា ប្រសិនបើពួកគេមិនព្រមបង់ប្រាក់ទៅតាមការទាមទារទេ នោះមន្ត្រីដែលទទួលបន្ទុកធ្វើឯកសារ ជាទូទៅតែងតែរកលេស ដើម្បីបដិសេធមិនផ្តល់ឯកសារដល់ពួកគេ ដោយមន្ត្រីទាំងនោះអះអាងថា ពួកគេកំពុងជាប់រវល់ ឬខ្វះឯកសារលិខិតស្នាមផ្សេងៗជាដើម។
មន្ត្រីភូមិបឹងសាឡាងនៃគណបក្សប្រជាជនកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដោយឲ្យសួរសំណួរទៅមន្ត្រីថ្នាក់លើរបស់ពួកគេវិញ។
អាជ្ញាធរសង្កាត់ឫស្សីកែវអះអាងថា រហូតមកដល់ពេលនេះ ខ្លួនមិនទាន់ឃើញមានគោលការណ៍ជាក់លាក់ពីថ្នាក់ជាតិដែលកំណត់អំពីតម្លៃនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមូលដ្ឋាននៅឡើយទេ។
លោកស្រីច័ន្ទ សំណាងគឺជាចៅសង្កាត់ឫស្សីកែវខាងគណបក្សសម រង្ស៊ី។
«អញ្ចឹងយើងអត់មានអីច្បាស់លាស់ដែលថា យើងហ្នឹងពិតជាត្រូវបានថ្នាក់លើប្រគល់មកថា ឧទាហរណ៍ សៀវភៅគ្រួសារមួយក្បាលត្រូវបង់២០០០រៀល ឬសៀវភៅស្នាក់នៅត្រូវបង់១៥០០រៀល ឬអត្តសញ្ញាណប័ណ្ណត្រូវបង់ប៉ុន្មាន គឺយើងអត់មានអ្វីទាំងអស់។ អញ្ចឹងពេលគេទម្លាក់ការងារមក យើងចេះតែធ្វើការងារទៅ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា រាល់ឯកសារពាក់ព័ន្ធទាំងអស់ហ្នឹងដែលប៉ូលិសបញ្ជូនមកឲ្យខាងខ្ញុំ គឺខ្ញុំចុះហត្ថលេខាដោយគ្មានបង់ប្រាក់អីមួយរៀលទេ»។
គណបក្សនយោបាយទាំងពីរកំពុងប្រកួតប្រជែងគ្នាជាមួយគណបក្សនយោបាយចំនួន៨ផ្សេងទៀត ដើម្បីដណ្តើមតំណែងថ្នាក់មូលដ្ឋាននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ នៅថ្ងៃទី៣ ខែមិថុនា។
គណបក្សនីមួយៗ សុទ្ធតែសន្យាថា នឹងមិនជម្រិតទារប្រាក់ ឬថា នឹងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយតម្លាភាព។
ប៉ុន្តែអ្នកស្រុកក្នុងសង្កាត់ឫស្សីកែវ ដូចជាលោកមាស សុខគីមជាដើម បានដាក់មន្ទិលចំពោះការសន្យាទាំងនេះ ដោយលើកហេតុផលថា កន្លងមក អ្នកនយោបាយថ្នាក់លើបានត្រឹមតែសន្យាប៉ុណ្ណោះ រីឯអ្នកដែលសម្រេចធ្វើតាម ឬមិនធ្វើនោះ គឺជាមន្ត្រីថ្នាក់ក្រោមទៅវិញទេ។
ដូច្នេះពួកគេអះអាងថា ពួកគេហាក់ដូចជាអស់ជំនឿថា ការបោះឆ្នោតនឹងអាចនាំមកនូវការផ្លាស់ប្តូរចំពោះបញ្ហានេះបាន៕