នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយធំៗ ជាពិសេសទូរទស្សន៍ជាច្រើនផ្សព្វផ្សាយព័ត៌មានអំពីសមិទ្ធផលរបស់រដ្ឋាភិបាលនោះ ប្រជាពលរដ្ឋបាននិយាយថា ពួកគេចង់ទទួលបានព័ត៌មានទាក់ទងបញ្ហាសង្គម ដែលជាចំណាប់អារម្មណ៍របស់សាធារណជនច្រើនជាង។
អង្គុយនៅលើរឺម៉កចាំភ្ញៀវ លោកផៃ សុភ័ណ ជាអ្នករត់រឺម៉កកង់បីបាននិយាយថា លោកមិនមានការពេញចិត្តចំពោះព័ត៌មានដែលកំពុងត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍សព្វថ្ងៃនេះទេ។ លោកនិយាយថា ព័ត៌មានអំពីបញ្ហាសង្គម ដូចជាការរំលោភដីធ្លី និងសិទ្ធិមនុស្សជាដើម ត្រូវបានបិទបាំង។
«ទូរទស្សន៍ហ្នឹងអត់បានយកព័ត៌មានហ្នឹងទៅផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋយើងដឹងទូលំទូលាយទេ បែរជាមានការបិទបាំងទៅវិញ ហើយបញ្ចាំងតែរឿងសមិទ្ធផលរបស់រដ្ឋាភិបាលសព្វថ្ងៃហ្នឹង»។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយជារឿយៗចំពោះការផ្សព្វផ្សាយព័ត៌មានលម្អៀងទៅរកគណបក្សកាន់អំណាច។
កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមផ្តល់ទិដ្ឋាការឲ្យគណបក្សជំទាស់នេះបង្កើតស្ថានីយទូរទស្សន៍តាមការស្នើសុំរបស់គណបក្សនេះ។ ការអនុញ្ញាតនេះកើតមានឡើង បន្ទាប់ពីមានការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោកសម រង្ស៊ីប្រធានគណសង្គ្រោះជាតិដើម្បីបញ្ចប់វិបត្តិ ដែលមានរយៈពេលជិតមួយឆ្នាំក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣។
គណបក្សសង្គ្រោះជាតិបានផ្សព្វផ្សាយថា ប៉ុស្តិ៍ទូរទស្សន៍ថ្មីដែលមានឈ្មោះថា «ព្រះអាទិត្យ»នឹងចាប់ផ្តើមផ្សព្វផ្សាយមុនដំណាច់ឆ្នាំ២០១៥នេះ ដោយត្រូវការថវិកា៣លានដុល្លារសម្រាប់ដំណើរការនៅឆ្នាំទីមួយ។
លោក យ៉ែម បុញ្ញឫទ្ធិ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា បច្ចុប្បនុ្ននេះទូរទស្សន៍ព្រះអាទិត្យមានក្រុមហ៊ុនចំនួន៣ទទួលបន្ទុកក្នុងដំណើរការរៀបចំ ដែលក្នុងនោះរួមមានការធ្វើអាជ្ញាបណ្ណដើម្បីធ្វើអាជីវកម្មទូរទស្សន៍ ការផលិតកម្មវិធី និងផ្សព្វផ្សាយ ហើយនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។
«ទូរទស្សន៍ព្រះអាទិត្យយើងផ្តោតសំខាន់ទៅលើព័ត៌មានពិតពីសង្គម ពីសហគមន៍ ពីព្រោះជាទូរទស្សន៍របស់ប្រជាពលរដ្ឋខ្មែរទាំងមូល»។
លោកបានបន្ថែមទៀតថា ទូរទស្សន៍ព្រះអាទិត្យនេះក៏ផ្តោតលើការអប់រំផងដែរ ដើម្បីបង្កើនចំណេះដឹង និងប្រាជ្ញាមូលដ្ឋាន សម្រាប់វិភាគបញ្ហាមូលដ្ឋាន សម្រាប់វិភាគបញ្ហាសង្គម និងជំរុញឲ្យមានភាពជឿនលឿននៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
លោកវណ្ណា ជានិស្សិតមួយរូបដែលកំពុងសិក្សានៅក្នុងរាជធានីភ្នំពេញ បានផ្តល់មតិយោបល់អំពីការផ្សាយរបស់ទូរទស្សន៍ថា៖ «ធម្មតាក្នុងនយោបាយវាមានគណបក្សប្រឆាំង គណបក្សមិនប្រឆាំង ហើយអញ្ចឹងខ្ញុំគិតថា បើគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចមានប៉ុស្តិ៍ទូរទស្សន៍អីដូចគ្នា ក៏វាល្អ មើលទៅ ពីព្រោះវាអាចរិះគន់ ឬមួយក៏ថា ឲ្យគ្នាចំៗ ជាក់ស្តែងទៅតាមប្រជាជនមើលឃើញ»។
លោកសុភ័ណ អ្នករត់រឺម៉កកង់បី បាននិយាយទៀតថា លោកមានការសាទរចំពោះការអនុញ្ញាតឲ្យគណបក្សជំទាស់អាចដំណើរការទូរទស្សន៍របស់ខ្លួន ប៉ុន្តែលោកស្នើឲ្យមានការផ្សព្វផ្សាយព័ត៌មានដែលពិតអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ចជាដើម។
«ស៊ីសងតាមខ្ញុំទស្សនាតាមទូរទស្សន៍ហ្នឹងមើលថា ព័ត៌មានហ្នឹងវាឯករាជ្យអត់ បើថា លម្អៀងតែម្ខាង វាដូចតែគ្នា»។
លោកកែម ឡី អ្នកស្រាវជ្រាវកិច្ចការអភិវឌ្ឍន៍សង្គមនិយាយថា ការបង្កើតឲ្យមានស្ថាប័នព័ត៌មានដែលគ្រប់គ្រងដោយគណបក្សនយោបាយគឺមិនល្អសម្រាប់ដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាទេ។ លោកស្នើឲ្យមានការពង្រឹងឯករាជ្យភាពរបស់ស្ថាប័នព័ត៌មាន ឲ្យមានលក្ខណៈប្រសើរជាងការរៀបចំឲ្យមានប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សនីមួយៗ។
«សំខាន់នៅក្នុងសភា៥៥នាក់ហ្នឹងគឺជជែកជាមួយរដ្ឋាភិបាល ធ្វើម៉េចឲ្យស្ថានីយទូរទស្សន៍រដ្ឋ ឬក៏ឯកជននានាហ្នឹង ធ្វើម៉េចឲ្យពួកគាត់ធ្វើការប្រកបដោយវិជ្ជាជីវៈ ដោយឯករាជ្យ ហើយបង្កើតគណៈកម្មការក្រមសីលធម៌ ដើម្បីត្រួតពិនិត្យ»។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិបានធ្វើការផ្សព្វផ្សាយរកវិភាគទានពីសប្បុរសជន និងអ្នកគាំទ្រដើម្បីទ្រទ្រង់ការផ្សព្វផ្សាយទូរទស្សន៍ព្រះអាទិត្យ តាមរយៈការឧបត្ថម្ភ ឬការធ្វើអាជីវកម្ម។
ការទទួលវិភាគទាននេះនឹងចាប់ទទួលពីថ្ងៃសៅរ៍នេះតទៅ នៅទីស្នាក់ការគណបក្សក្រោមអធិបតីភាពរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយកាលពីថ្ងៃទី២៥ខែមិថុនានេះ៕