លោក ហ៊ូ ជិនតាវប្រធានាធិបតីប្រទេសចិនទើបតែបានមកដល់ប្រទេសកម្ពុជានៅប៉ុន្មានម៉ោងមុននេះដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបួនថ្ងៃដែលមន្ដ្រីរដ្ឋាភិបាលអះអាងថាគឺជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក៏ប៉ុន្ដែមន្ដ្រីគណបក្សជំទាស់ និងអ្នកវិភាគនយោបាយកម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើឥទ្ធិពលរបស់ប្រទេសចិនមកលើប្រទេសកម្ពុជាខណៈពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីព្រឹកម៉ិញក្រោយពីជំនួបរវាងលោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសនិងលោកស្រី ហ៊្វូ យីង អនុរដ្ឋមន្ដ្រីការបរទេសចិនថាប្រមុខដឹកនាំការទូតនៃប្រទេសទាំងពីរចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននេះថាគឺជាគ្រឹះនៃទំនាក់ទំនងទ្វេភាគី។
«ភាគីទាំងពីរបានសម្តែងអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន មកកម្ពុជាចាប់ពីថ្ងៃនេះទៅហ្នឹង។ ហើយដែលទស្សនកិច្ចនេះនឹងធ្វើឲ្យទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំបន្ថែមទៀត»។
លោក ហ៊ូ ជិនតាវ នឹងត្រូវបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួនរហូតដល់ថ្ងៃទី២ ខែមេសា គឺមួយថ្ងៃមុននឹងកិច្ចប្រជុំកំពូលអាស៊ានបើកជាផ្លូវការក្នុងទីក្រុងភ្នំពេញ។
យោងតាមកម្មវិធីប្រធានាធិបតីចិននឹងត្រូវចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា កិច្ចព្រមព្រៀងចំនួនដប់ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។ ក៏ប៉ុន្ដែលោកមិនអាចបញ្ជាក់អំពីសណ្ឋាននៃកិច្ចព្រមព្រៀងទាំងនោះទេ។
យ៉ាងណាក៏ដោយ យោងតាមគេហទំព័ររបស់វិទ្យុចិនអន្ដរជាតិ កិច្ចព្រមព្រៀងទាំងនោះ នឹងផ្តោតលើវិស័យសេដ្ឋកិច្ច និង សហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា។
ប្រទេសចិន គឺជាប្រទេសនាំមុខគេ នៅក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពល រ៉ែ កសិឧស្សាហកម្ម និង វិស័យកាត់ដេរសម្លៀកបំពាក់។
ទំហំវិនិយោគរបស់ប្រទេសចិន កាលពីឆ្នាំ ២០១១ បានកើនដល់ជាង ១.១០០ លានដុល្លារអាមេរិក។ ក៏ប៉ុន្ដែកម្ពុជា មិនមានតុល្យភាពនៃបណ្ដូរពាណិជ្ជកម្មជាមួយប្រទេសចិនទេ។
កាលពីឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជានាំចូលផលិតផលនានាពីប្រទេសចិនសរុបជាទឹកប្រាក់ជាង ២.៣០០ លានដុល្លារ។ រីឯការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនវិញ មានទំហំត្រឹមតែ ១៨៤ លានដុល្លារ តែប៉ុណ្ណោះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក កុយ គួង។
លោក ហ៊ូ ជិនតាវ គឺជាគឺប្រមុខរដ្ឋទីមួយរបស់ប្រទេសចិន ដែលបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ។
ជាទស្សនកិច្ចដែលនាំឲ្យមានការផ្តោតខ្សែភ្នែកយ៉ាងខ្លាំងពីក្រុមអ្នកឃ្លាំមើលនយោបាយអន្ដរជាតិ ដោយសារតែដំណើរទស្សនកិច្ចនេះ ធ្លាក់មកចំពេលដែលកម្ពុជា កំពុងក្នុងការរៀបចំ យ៉ាងមមាញឹកនូវកិច្ចប្រជុំកំពូលអាស៊ាន។
ប្រទេសកម្ពុជា បានប្រកាសទុកជាមុនថា នឹងមានការជជែកពិក្សាលើបញ្ហាជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះ។ ក៏ប៉ុន្ដែក្រោយមកគម្រោងការនេះត្រូវបានលុបចោលវិញគឺនៅមុនពេល ដែលលោក ហ៊ូ ជិនតាវ ចាប់ផ្តើមទស្សនកិច្ចរបស់ខ្លួន។
ជម្លោះនេះមានជាប់ពាក់ព័ន្ធជាមួយប្រទេសវៀតណាម និង ប្រទេសហ្វីលីពីន ដែលសុទ្ធសឹងជាសមាជិកអាស៊ាន។ អាស៊ាន ដែលមានសមាជិកសរុបចំនួន ១០ប្រទេស។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានភ្ជាប់បរិបទនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានដែលរៀបចំដោយប្រទេសកម្ពុជា។
«បញ្ជាក់បន្ថែមទៀតផង នូវជំហររបស់ចិន ដូចជារឿងអាស៊ាន និងការដោះស្រាយជម្លោះនៅសមុទ្រចិន ខាងត្បូង ជាអាទិ៍។ យើងហ្នឹង ដែលជាប្រធានអាស៊ានហ្នឹង នៅស្ថិតក្រោយឥទ្ធិពលចិន។ ត្រង់ហ្នឹងមួយ វាអវិជ្ជមានចំពោះអាស៊ានទាំងមូល»។
ស្របគ្នានឹងដំណើរទស្សនកិច្ចនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៤០ នាក់ តំណាងឲ្យអ្នកភូមិចំនួន១.៤០០គ្រួសារ មកពីស្រុកគីរីសាគរ និង ស្រុកបុទុមសាគរ នៃខេត្តកោះកុង ដែលអះអាងថា បានទទួលរងគ្រោះ ដោយសំណង មិនសមរម្យកើតចេញពីផលប៉ះពាល់ របស់ក្រុមហ៊ុនវិនិយោគចិនមួយឈ្មោះ Union Development Group. Co.Ltd. បានឡើងមកទីក្រុងភ្នំពេញ ក្នុងគោលបំណងដាក់ញ្ញតិមួយទៅកាន់លោក ហ៊ូ ជិនតាវ តាមរយៈស្ថានទូតចិនក្នុងក្រុងភ្នំពេញ។ ក្រុមប្រជាជនចង់ឲ្យលោកប្រធានាធិបតី ចិនជួយអន្ដរាគមក្នុងការដោះស្រាយបញ្ហារបស់ពួកគេ។ ក៏ប៉ុន្ដែក្រុមអាជ្ញាធរកម្ពុជា បានចាប់បញ្ជូនពួកគាត់ទៅកាន់ខេត្តកោះកុងវិញ នៅរសៀលនេះ។ នេះបើយោងតាមលោក ចាន់ សាវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សអាដហុក។
ក្រុមហ៊ុនUnion Development Group. Co. Ltd. ទទួលសិទ្ធិពីរដ្ឋាភិបាលខ្មែរសម្រាប់អភិវឌ្ឈន៍អេកូទេសចរណ៍នៅក្នុងស្រុកទាំងពីរខាងលើ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សជំទាស់ សម រង្ស៊ី បានសម្ដែងការស្វាគមន៍ដល់ដំណើរទស្សកិច្ចនេះដោយគិតថា វាជាផ្នែកមួយនៃការពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក៏ប៉ុន្ដែតំណាងរាស្ដ្រគណបក្សជំទាស់បានស្នើឲ្យប្រធានាធិបតីចិនជួយជំរុញការពិនិត្យឡើងវិញនូវផលប៉ះពាល់ពីគម្រោងវិនិយោគនានា ពីប្រទេសចិន។
«គណបក្សជំទាស់ស្នើសុំឲ្យលោក ហ៊ូ ជិនតាវ ពិនិត្យមើលទៅលើគម្រោងវិនិយោគរបស់ចិនទាំងឡាយណា ដែលប៉ះពាល់ទៅដល់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យទទួលបាននូវផលប្រយោជន៍ទាំងអស់គ្នា។ ទី២ គម្រោងវិនិយោគទាំងឡាយណាក៏ដោយ ត្រូវតែការពារបរិស្ថាន ការពារព្រៃឈើជិវិតសត្វក៏ដូចជាជីវភាពប្រជាពលរដ្ឋផងដែរ។ ពីព្រោះមានគម្រោងវិនិយោគទុនមួយចំនួនក៏កំពុងតែបំផ្លាញព្រៃឈើប្រទេសកម្ពុជាផងដែរ»។
លោក យឹម សុវណ្ណ ក៏ស្នើឲ្យប្រទេសចិន ត្រួតពិនិត្យទៅដល់ការផ្តល់ប្រាក់កម្ចី ដល់ប្រទេសកម្ពុជាប្រកបដោយតម្លាភាពផងដែរ៕