កុមារាអាយុជាងពីរឆ្នាំម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវគេធ្វើតេស្តរកឃើញថា បានឆ្លងមេរោគផ្តាសាយបក្សី H5N1 ក្រោយពេលដែលភូមិរបស់វារស់នៅមានសត្វមាន់រាប់ពាន់ ក្បាលបានងាប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ។
កុមារាដែលឆ្លងមេរោគផ្តាសាយបក្សីនោះ មាន ឈ្មោះ ហ៊ិន ហ៊ាង អាយុពីរខួប៧ខែ រស់នៅក្នុងភូមិរពាក់ឃុំស្នួលមានជ័យ ស្រុកព្រះនេត្រព្រះ បច្ចុប្បន្នកំពុងទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កុមារអង្គរខេត្តសៀមរាប។
សេចក្តីប្រកាសនេះបន្ថែមថានេះជាករណីឆ្លងលើកទីមួយរបស់មេរោគ H5N1 ទៅលើ មនុស្សក្នុងឆ្នាំ២០១២នេះ។ ជំងឺផ្តាសាយបក្សីបានវាយប្រហារប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០០៥ ហើយបានសម្លាប់មនុស្សអស់១៦នាក់ហើយមក ដល់ពេលនេះ។
លោកស្ត្រីតឹក រឿង អាយុ៦០ឆ្នាំ ត្រូវជាជីដូនបានឱ្យដឹងថាចៅរបស់គាត់បានចាប់ផ្តើមឈឺ កាលពីថ្ងៃទី៣ខែមករា ដោយអាការៈ ក្តៅខ្លួននិងក្អួតចង្អោរ។ ចាប់តាំងពីពេលដែលមានមាន់ឈឺក្នុងភូមិកាលណាមកកុមារនោះគ្រុនត្រឹម ពេលណោះដែរ ដោយ យប់ឡើងក្តៅខ្លួន ហើយគ្រុនក្តៅ។
លោកស្រីបន្ថែមថា៖
«ខ្ញុំក៏ឱ្យពេទ្យដាក់សេរ៉ូមចាក់ ថ្នាំឱ្យ៦ថ្ងៃ ទើបសុំគេមកនេះ មើលទៅវាមិនត្រជាក់ខ្លួន។ ខ្ញុំធ្លាប់ ឃើញការផ្សាយឃោសនាពីជំងឺនេះតាមទូរទស្សន៍ដែរ តែមិនគិតថា ចៅខ្ញុំកើតជំងឺយ៉ាងអញ្ចឹង»។
កុមារា ហ៊ិន ហ៊ាង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរកាល ពីថ្ងៃទី៩ខែមករា។
អ្នកស្រីវេជ្ជបណ្ឌិត នៅ លក្ខិណា ផ្នែកឯកទេសជំងឺកុមារ និងទារក នៃមន្ទីរពេទ្យកុមារអង្គរនិយាយថា ៖ «ឥឡូវនេះកុមាររូបនោះគឺស្ថិត នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែវាត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យយឺតពេលពេក អញ្ចឹងកុមារហ្នឹងឥឡូវគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារផ្លូវដង្ហើមរបស់គាត់ខ្សោយ ដោយសារការឆ្លងខ្លាំងពេកធ្វើឱ្យខូចសួត។ កាលពីម្សិលម៉ិញក្មេងវិវឌ្ឍន៍ទៅធ្ងន់ធ្ងរ មួយដំណាក់ទៀតធ្វើឱ្យតម្រងនោមខ្សោយទៀត អញ្ចឹងស្ថានភាព គ្រោះថ្នាក់កាន់តែខ្ពស់ឡើង»។
លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និយាយថានៅតំបន់នោះក្នុងពេលថ្មីៗនេះមានសត្វមាន់ជាង ៥.០០០ពាន់ក្បាលបានងាប់ រួមទាំងសត្វមាន់នៅឯផ្ទះកុមាររងគ្រោះផងដែរ។
លោកបានថ្លែង ថាកុមាររូបនោះអាចឆ្លងដោយសារការប៉ះពាល់ទៅនឹងសំបោរសត្វមាន់ដែលងាប់ ពេលវាលេងនៅក្រោមផ្ទះ។
លោកបានបញ្ជាក់ថា ឥឡូវនេះអ្នកស្រុកដែលរស់នៅតំបន់ នោះ ត្រូវបានគេធ្វើតេស្តឈាមនិងចែកថ្នាំ Tamilfluដើម្បីកាពារ ហើយថាសត្វស្លាបមួយចំនួនត្រូវបានគេកម្ចេចចោល៕