ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុងភ្នំពេញ​កាត់ទោស​អតីត​ប្រធាន​ពិធីការ​ប្រធាន​ព្រឹទ្ធសភា​ជា ស៊ីម


លោកស្រី ​ផេង​ គន្ធាបូរី ​អតីត​ប្រធាន​ពិធីការ​លោក​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
លោកស្រី ​ផេង​ គន្ធាបូរី ​អតីត​ប្រធាន​ពិធីការ​លោក​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោកស្រី ​ផេង​ គន្ធាបូរី ​អតីត​ប្រធាន​ពិធីការ​លោក​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ចំនួន​បួន​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៩.០០០ដុល្លារ ​ពី​បទ​ឆបោក​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក តែ សំអាង ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ក៏​បាន​ប្រកាស​ផ្តន្ទាទោស​កំបាំងមុខ​ចំពោះ​ជន​ជាប់​ចោទ​ចំនួន​បី​រូប​ផ្សេង​ទៀត ​ដែល​រូម​មាន​លោក​ខៀវ ​បូរ៉ា ​អតីត​ទីប្រឹក្សា​ផ្ទាល់​លោកស្រី​ផេង ​គន្ធាបូរី ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ ​លោក​ឧត្តមសេនីយ៍ត្រី​ចាន់ ​កុសល អតីត​ទីប្រឹក្សា​ផ្ទាល់​លោក​ជា ​ស៊ីម​ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៩.០០០​ ដុល្លារ ​ចំណែកឯ​លោក​ឧត្តមសេនីយ៍ត្រី ​ពន្លក​ ហូរ ​អតីត​ទីប្រឹក្សា​ផ្ទាល់​លោក​ជា ​ស៊ីម ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​គឺ​ស្មើ​ជាង​៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ពី​បទ​ឆបោក។

តុលាការ​ក្រុងភ្នំពេញ​បាន​បើក​សវនាការ​កាត់ទោស​ជន​ជាប់​ចោទ​ចំនួន​បួន​រូប​ កាល​ពី​ថ្ងៃ​ទី​២០​ កន្លង​ទៅ​នេះ​ពី​បទ​ឆបោក ​ដែល​មាន​ទឹកប្រាក់​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​គម្រោង​សាងសង់​សាលារៀន ​មន្ទីរពេទ្យ ​និង​ផ្លូវថ្នល់​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ ​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា​តាមរយៈ​លោក​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា។

បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម ​លោក​ស្រីផេង​ គន្ធាបូរី​ បាន​ទន់​ជង្គង់​ និង​ទ្រហូរ​យំ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​នៅ​ក្នុង​អង្គសវនាការ។ ក្រោយ​មក​លោកស្រី​ត្រូវ​បាន​ក្រុមគ្រួសារ​ សាច់ញាតិ ​និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​គ្រា​ដើរចេញ​ពី​បន្ទប់​អាគារ​នៃ​តុលាការ​ក្រុង​ភ្នំពេញ។

ជាមួយ​នឹង​ស្នាម​ទឹកភ្នែក​នៅ​ជាប់​ថ្ពាល់​នៅ​ឡើយ​លាយលំ​ជាមួយ​នឹង​ម្សៅ​នៅ​លើ​ផ្ទៃ​មុខ​ លោកស្រី ​ផេង ​គន្ធាបូរី ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ការ​ប្រកាស​សាលក្រម​ចំពោះ​រឿង​ក្តី​នេះ​ គឺ​ជា​រឿង​អយុត្តិធម៌។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ លោកស្រី​នឹង​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេច​នេះ។ លោកស្រី ​ផេង ​គន្ធាបូរី ​បាន​និយាយ​ទៀត​ថា​ រឿង​ក្តី​នេះ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ជម្លោះ​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

«ខ្ញុំ​សូម​ជម្រាប​ថា ​ការងារ​ទាំង​អស់​នេះ​ កុំ​សូម​ឆ្លៀត​ឱកាស​ដើម្បី​យក​រឿង​ខ្ញុំ​ ដើម្បី​លាប​ពណ៌​គណបក្ស​ប្រជាជន។ នាង​ខ្ញុំ​នឹង​តវ៉ា​ដើម្បី​ដឹង​ថា​ នាង​ខ្ញុំ​មិន​មាន​កំហុស។ នាង​ខ្ញុំ​នឹង​តវ៉ា។​ អយុត្តិធម៌​ដោយសារ​តែ​នាង​ខ្ញុំ​មិន​អាច​ទទួល​ទោស​អ្វី​មួយ​នឹង​ដើរ​ចូល​គុក។ ​នាងខ្ញុំ​មិន​មាន​កំហុស»។

ជន​ជាប់​ចោទ​បី​រូប​ផ្សេង​ទៀត​ដែល​រួម​មាន​លោក​ពន្លក​ ហូរ ​លោក​ខៀវ ​បូរ៉ា​ និង​លោក​ចាន់​ កុសល មិន​មាន​វត្តមាន​នៅ​ក្នុង​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ៍​នេះ​ទេ។

លោក ​មួង​ សុគន្ធ ​មេធាវី​ការពារក្តី​លោកស្រី ​ផេង ​គន្ធាបូរី ​បាន​ថ្លែ​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា​ ​លោក​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ។

«ក្នុង​រឿង​នេះ​ ខ្ញុំ​ចាត់​ទុក​ថា​ វា​មិន​មាន​យុត្តិធម៌​ចំពោះ​កូន​ក្តី​ខ្ញុំ​ទេ។ សវនាការ​ក្នុង​ពេល​នេះ​គឺ​ថា​ខាង​មេធាវី​គឺ​បាន​ព្យាយាម​ពុះពារ​ការពារ​កូន​ក្តី​ដោយ​បញ្ជាក់​សំខាន់​បំផុត​ទៅ​លើ​ភ័ស្តុតាង​សម្រាប់​ ដាក់​បន្ទុក​ទៅ​លើ​កូន​ក្តី​ ក៏ប៉ុន្តែ​ពេល​នេះ​ចៅក្រម​លោក​សម្រេច ​អីញ្ចឹង​ហើយ​។ ​ដូច្នេះ​ សិទ្ធិ​របស់​ខាង​កូន​ក្តី​ខ្ញុំ​ក៏ដូច​ជា​ខាង​មេធាវី ​មាន​សិទ្ធិ​សម្រាប់​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត»។

ចំណែក​ខាង​លោក ​ថោង ​ចាន់រិទ្ធី​ មេធាវី​ការពារក្តី​លោក​ពន្លក​ ហូរ​ បាន​និយាយ​ថា នៅ​ក្នុង​សំណុំ​រឿង​ទាំងមូល​មិន​មាន​ភ័ស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​កូនក្តី​របស់​លោក​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ប្រឆាំង​ជំទាស់​ទៅ​នឹង​សេចក្តីសម្រេច​នេះ។

«ខ្ញុំ​គិត​ថា ​វា​ហាក់​បី​ដូច​ជា​មិន​មាន​ភាព​យុត្តិធម៌​ចំពោះ​កូន​ក្តី​ខ្ញុំ ដោយថា​នៅ​ក្នុង​សំណុំរឿង​ទាំងមូល​គឺ​វា​មិន​មាន​អី​គួរ​តែ​ដាក់​បន្ទុក​កូន​ក្តី​ខ្ញុំ​ធ្ងន់ធ្ងរ​ទេ»។

ចំណែក​លោក ​ណាច ​ទ្រី ​មេធាវី​ការពារ​ក្តី​របស់​រដ្ឋាភិបាល ​នៅ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តីសម្រេច​នេះ​ទេ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ លោក​មិន​ទាន់​បាន​ឃើញ​ការ​ប្រកាស​សាលក្រម​របស់​តុលការ​ក្រុង​ភ្នំពេញ​នៅ​ឡើយ៕

XS
SM
MD
LG