ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការយោធាកាត់ទោសអតីតមេអង្គរក្សលោកជា ស៊ីមឱ្យជាប់គុក២៦ឆ្នាំ


តុលាការយោធាកាត់ទោសអតីតមេអង្គរក្សលោកជា ស៊ីមឱ្យជាប់គុក២៦ឆ្នាំ
តុលាការយោធាកាត់ទោសអតីតមេអង្គរក្សលោកជា ស៊ីមឱ្យជាប់គុក២៦ឆ្នាំ

អម​ដោយ​កង​សន្ដិសុខ​ចំនួន​បី​នាក់ ​លោក ​ឈឿន ​ចាន់ថន ​អតីត​ប្រធាន​អង្គភាព​កងអង្គរក្ស​លោក ​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​តុលាការ​យោធា​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៦​ឆ្នាំ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

លោកចៅក្រម​ ប៉ោក ​ប៉ន ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលក្រម​ ដែល​បើក​ចំហ​ឲ្យ​ក្រុម​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​ថា ​អតីត​ឧត្តម​សេនីយ៍ឯក​យោធា​រូប​នោះ​មាន​កំហុស​ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​ប្រាំ ​ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៧។
«សម្រេច​១-ផ្ដន្ទាទោស ​ឈឿន​ ចាន់ថន​ ហៅ​ម៉ៅ ​ភេទ​ប្រុស ​អាយុ​៤១​ ឆ្នាំ​ដាក់​ពន្ធនាគារ​កំណត់​គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​ខែ​សីហា ​ឆ្នាំ​២០១១ ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ​និង​គៃ​បំបាត់​ លក់ដូរ​ចែកចាយ​អាវុធ​សម្ភារៈ​យោធា​សម្រាប់​បម្រើ​ការ​ប្រយុទ្ធ ​និង​ខ្វះការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​អង្គភាព»។

លោកចៅក្រម​ ប៉ោក ​ប៉ន ​បាន​បង្គាប់​ឲ្យ​លោក​ឈឿន ​ចាន់ថន ​ផ្ដល់​សំណង​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​បី​រូប​ ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​ជាង​៣,៦ ​លាន​ដុល្លារ​អាមេរិក​ និង​ពិន័យ​ជា​ប្រាក់​ចំនួន ​ដប់​លាន​រៀល​ ឬ​ស្មើ​នឹង​២.៥០០​ដុល្លារ​សម្រាប់​ដាក់​ចូល​ជា​ថវិកា​រដ្ឋ។

លោក ​ឈឿន ​ចាន់ថន ​ប្រាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ភ្លាម​ៗ​ បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​ថា​ លោក​នឹង​ប្ដឹង​ជំទាស់​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​យោធា​នេះ។

«ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ។ ​វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​នឹង​ប្ដឹង​ឧទ្ធរណ៍»។

រីឯ​មេធាវី​របស់​គាត់​គឺ​លោក ​អ៊ន ​ហ៊ីង ​ចាត់​ទុក​ថា​ គឺ​ជា​ការ​សម្រេច​ក្ដី​មិន​ត្រឹមត្រូវ។

«ចំពោះ​ផ្លូវ​ច្បាប់ ​យើង​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ​ ពីព្រោះ​ការ​សម្រេច​ទាំង​អស់​នេះ​ដែល​ទាក់ទង​នឹង​កិច្ចសន្យា​មិន​ត្រូវ​យក​មក​សម្រេច​ក្ដី​នៅ​ទីនេះ​ទេ ​គឺ​ត្រូវ​ធ្វើ​នៅ​តុលាការ​ស៊ីវិល»។

អតីត​ឧត្តម​សេនីយ៍ឯក​យោធា ​ឈឿន ​ចាន់ថន ​ត្រូវ​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​នឹង​សមាជិក​កងអង្គរក្ស​ចំនួន​បី​នាក់​ផ្សេង​ទៀត។ តុលាការ​បាន​បំបែក​សំណុំរឿង​ជន​ជាប់​ចោទ​រូប​នេះ​ ជា​ពីរ​ករណី​ផ្សេង​គ្នា ​គឺ​ការ​ចោទប្រកាន់​ពី​ការ​ជាប់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ ការ​ចែកចាយ​អាវុធ​ និង​កំហុស​នៃ​ការ​គ្រប់គ្រង​អង្គភាព​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​យោធា ​និង​ការ​ចោទ​ប្រកាន់​ទាក់ទង ​ទៅ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ការ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់​ត្រូវ​ដាក់​ក្រោម​សមត្ថកិច្ច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

តុលាការ​យោធា​បាន​បើក​សវនាការ​កាត់ទោស ​លោក​ឈឿន ​ចាន់ថន​ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ គឺ​មួយ​ថ្ងៃ​មុន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១០​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ ឬ​ស្មើ​នឹង​១.២៥០​ដុល្លារ​អាមេរិក ​សម្រាប់​ដាក់​ចូល​ជា​ថវិកា​រដ្ឋ។​ រីឯ​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ ត្រូវ​ជាប់​ពន្ធនាគារ​ពី​បី ​ទៅ​បួន​ឆ្នាំ៕

XS
SM
MD
LG