ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អំពាវនាវ​រក​អ្នក​ស្ម័គ្រ​​ផ្តល់​ឈាម​បន្ថែមទៀត


គ្រូ​ពេទ្យ​ម្នាក់​​កំពុង​ពិនិត្យ​អ្នក​ជំងឺ​គ្រុន​ឈាម។
គ្រូ​ពេទ្យ​ម្នាក់​​កំពុង​ពិនិត្យ​អ្នក​ជំងឺ​គ្រុន​ឈាម។

ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ផ្តល់ឈាម​កាន់តែ​ច្រើនឡើង​ថែមទៀត​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ផ្តល់ឈាម​ពិភពលោក​នៅ​ថ្ងៃ​អង្គារ៍​នេះ។

ព្រឹត្តិការណ៍​នេះ​បាន​ធ្វើឡើង​ក្រោម​ប្រធានបទ​«ការផ្តល់ឈាម​កាន់តែ​ច្រើន​ជួយ​ជីវិត​មនុស្ស​កាន់តែ​ច្រើន» ក្រោម​អធិបតីភាព​របស់​លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​បា​នចូលរួម​ដោយ​មន្ត្រី​សុខាភិបាល​ មន្ត្រី​ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សិស្ស​និស្សិត​ប្រមាណ​៥០០​នាក់។

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​ម៉ម ប៊ុនហេង ​បាន​ថ្លែង​នៅក្នុង​ទិវា​ផ្តល់ឈាម​ពិភពលោក​នេះថា ​លោក សូម​អំពាវនាវ​ដល់​សាធារណជន​ឱ្យផ្តល់​ឈាម​កាន់តែ​ច្រើនឡើង​ថែម​ទៀត​ ខណៈ​ដែល​ឈាម​មាន​សារៈ​សំខាន់​ណាស់​សម្រា​ប់ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​នាក់​ដែលត្រូវ​ការឈាម​នេះ។

លោក​ម៉ម ប៊ុនហេង​ បាន​បន្ត​ថា​ ការផ្តល់ឈាម​នឹង​មិន​ធ្វើឱ្យ​ខូច​សុខភាព​របស់​លោក​អ្នកទេ​ ប៉ុន្តែ​វានឹង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​ដែល​ត្រូវការ​ឈាម​ជា​បន្ទាន់។

លោក​ម៉ម ប៊ុនហេង ​បាន​បញ្ជាក់​ថា​ការកើនឡើង​នៃ​តម្រូវការ​ឈាម​អាច​មាន​ចំនួន​កើនឡើង​ជា​បណ្តើរៗ​ថែម​ទៀត​ ដោយសារ​ការ​រីកចម្រើ​ននៃ​សេវា​ព្យាបាល​សាធារណៈ​ និង​ឯកជន។

«មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវ​ត្រួតពិនិត្យ​មើល​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​បង្កើន​អំណោយ​ឈាម​ស្ម័គ្រចិត្ត​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់​ក្រោមជាតិ»។

លោកហាក់ គឹមឆេង​ នាយក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​បាន​ថ្លែង​ថា​ មនុស្ស​បីនាក់​ក្នុង​ចំណោម​១០០នាក់​ផ្តល់​ឈាម​នៅក្នុង​ប្រទេស​កម្ពុជា។ វា​នៅ​មាន​ចំនួន​តិច ​បើប្រៀបធៀប​នឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា ​ដែល​មាន​អត្រា​អ្នកផ្តល់​ដល់​ប្រាំនាក់​ក្នុង​ចំណោម​១០០ នាក់។

ក្នុង​ឆ្នាំ២០១០ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​បាន​ការផ្តល់​ឈាម​ស្ម័គ្រចិត្ត​ចំនួន​៤០. ២៤៥​ប្លោក​ កើនឡើង​១២​ភាគរយ ​ពី​ចំនួន​៣៥.៨៩៥​ប្លោក​ក្នុង​ឆ្នាំ២០០៩។ ឈាម​ចំនួន​៥០​ភាគរយ​បាន​ប្រើប្រាស់​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​និង​៥០​ភាគរយ​ទៀត​បាន​ប្រើប្រាស់​នៅតាម​មន្ទីរពេទ្យ​ខេត្ត​ ស្រុក​ទូទាំង​ប្រទេស។

លោក​ជុំ ឯកសម្ភស​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន ​បាន​ថ្លែង​ថា​លោក​បាន​ស្ម័គ្រចិត្ត​ជួយ​បរិច្ចាគ​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​អ្ន​កជំងឺ​ ហើយ​លោក​បាន​ផ្តល់​ឈាម​ដល់​មជ្ឈមណ្ឌល​ជា​តិផ្តល់ឈាម​ចំនួន​២៤​លើក​ហើយ។

«ចំពោះ​ខ្ញុំ​នៅតែ​បន្ត​ផ្តល់​ឈាម​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​គិត​ថា​តើថ្ងៃ​អនាគត​ តើ​នរណា​ត្រូវការ​ខ្ញុំ​បន្ត​ទៅ​ទៀត​ វា​អាច​មាន​គ្រួសារ​របស់​ខ្ញុំ​ ខ្លួន​ខ្ញុំ​ផ្ទាល់​ ឱពុក​ម្តាយ​របស់​ខ្ញុំ​ អ្នក​ដទៃ​ឬ​មិត្តភក្តិ។ អញ្ចឹង​ ការបរិច្ចាគ​ឈាម របស់​ខ្ញុំ​នៅតែ​បន្ត​រហូត​ លុះត្រា​តែ​លទ្ធភាព​មិន​អាច​ផ្តល់​ទៅបាន។ បញ្ហា​សុខភាព​របស់​ខ្ញុំ​អត់​មាន​បញ្ហា​ចោទ ​ព្រោះ​លោក​មើល​រូប​ខ្ញុំបាទ​ផ្ទាល់​ទៅអត់​មាន​បញ្ហា​អ្វី​ទាំងអស់»។

លោក​ ម៉ឹង តារា ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​ បាន​ថ្លែង​ថា​ លោក​បាន​បរិច្ចាគ ​ឈាម​នេះ​ចំនួន​បីឆ្នាំ​ហើយ។ លោក​បាន​បរិច្ចាគ​ឈាម​ទៀងទាត់​ជារៀង​រាល់​បី​ខែម្តង​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​នេះ។

«ខ្ញុំ​ត្រូវតែ​បរិច្ចាគ​ឈាម​ឱ្យអ្នក​ផ្សេងៗ​ទៀត ​ដើម្បី​ឱ្យ​គេ​មាន​គំនិត​ចេះដឹង​គុណ​ចំពោះ​អ្នក​បរិច្ចាក​ឈាម​ដូច​ខ្ញុំ​ដែរ។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ផ្តល់​ឈាម​របស់​ខ្ញុំ​ជូន​ចំពោះ​អ្នក​រងគ្រោះ​ផ្សេងៗ​ទៀត​ហើយ​ខ្ញុំសង្ឃឹម ​ថា​អ្នករងគ្រោះ​ទាំងឡាយ​ដែល​បាន​មាន​ជីវិត​ គិត​ថា គេ​នឹង​អាច​ក្លាយ​ទៅជា​អ្នក​បរិច្ចាគ​ឈាម​ដូចខ្ញុំដែរ»។

ក្នុងឆ្នាំ​មុន​ អំណោយ​ឈាម​ទាំងនេះ​ត្រូវបាន​ពិនិត្យ​រកមើល​ប្រភេទ​ជំងឺ​ចំនួន​បួន​ គឺ​មេរោគ​អេដស៍ ​មេរោគ​ថ្លើម ​មេរោគ​កាមរោគ ​និង​មេរោគ​គ្រុន​ចាញ់។ ​លោក ​ហាក់ គឹមឆេង ​នាយក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​ថ្លែងថា​ក្នុង​ឆ្នាំ​មុន​ អំណោយ​ឈាម​ចំនួន​ប្រាំបួន​ភាគរយ​ត្រូវបាន​រកឃើញ​ប្រភេទ​មេរោគ​ទាំង​នេះ ​និង​ បាន​បំផ្លាញ​ចោល៕

XS
SM
MD
LG