យ៉ាងហោចណាស់មានទេសចរបរទេសចំនួនពីរនាក់ បានស្លាប់បាត់បង់ជីវិតរហូតមកទល់នឹងថ្ងៃពុធនេះ និងអ្នកដំណើរចំនួន៤៤ នាក់ផ្សេងទៀត ដែលភាគច្រើនជាទេសចរបរទេសបានទទួលរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយនៅក្នុងខេត្តកោះកុង។ នេះបើយោងតាមប្រភពនានាពីមន្ដ្រីផ្លូវការរបស់កម្ពុជា។
គ្រោះថ្នាក់ដែលបានកើតឡើងកាលពីរសៀលថ្ងៃអង្គារខណៈដែលរថយន្ដក្រុងរបស់ក្រុមហ៊ុន ប៉ារ៉ាម៉ោនអង្គរ អ៊ិចប្រេស ផ្ទុកអ្នកដំណើរចំនួន ៤៦នាក់ បានក្រឡាប់បោកនឹងផ្លូវលេខ ៤៨ ត្រង់ចំណុចស្ពានតាតៃ ស្ថិតនៅចង្ងាយប្រមាណជា២០ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ រថយន្ដបានចេញដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ខេត្តកោះកុង។
លោក អ៊ុក សុផា ប្រធានការិយាល័យប៉ូលិសចរាចរណ៍ខេត្តកោះកុង បានបញ្ជាក់នៅរសៀលថ្ងៃពុធនេះថា ឧបទ្ទវហេតុកើតឡើងដោយសារការបើកបរមានល្បឿនលឿនហួសកម្រិត។
«មូលហេតុ ខ្ញុំកំពុងតែសួរចម្លើយអ្នកបើកបរ។ បើតាមពិនិត្យនៅកន្លែងកើតហេតុ គឺឡាននេះមានល្បឿនលឿន ហើយជាន់ហ្វ្រាំងទៅធ្វើឲ្យក្ដោបកង់ និងផ្ទុះកង់ពេលចុះចំណោត»។
មានជនជាតិខ្មែរចំនួនប្រាំមួយនាក់ក្នុងចំណោមជនរងគ្រោះ។ ក្រៅពីនោះគឺជាជនបរទេស ដែលមានប្រាំបួនជាតិសាសន៍ផ្សេងគ្នា គឺជនជាតិស៊ុយអែដ ហ្វាំងឡង់ ថៃ អង់គ្លេស អូទ្រីស អេស្ប៉ាញ រុស្ស៊ី ជប៉ុន និងជនជាតិអាមេរិកាំងចំនួនបីនាក់។
ស្រ្ដីជនជាតិរុស្ស៊ី អាយុ២២ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ដក្រុងនេះ។ រីឯក្មេងស្រីកម្ពុជាម្នាក់បានដាច់ដៃឆ្វេងត្រឹមគល់ដៃ។
ក្រុមអាជ្ញាធរបានជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តកោះកុងហើយរហូតមកទល់នឹងល្ងាចនេះ នៅសល់តែជនរងគ្រោះចំនួនបីនាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យ។ ជនរងគ្រោះមួយចំនួនបានចាកចេញទៅព្យាបាលនៅមន្ទីរពេទ្យខេត្តត្រាតប្រទេសថៃ ដែលជាខេត្តជាប់ព្រំដែនជាមួយខេត្តកោះកុង។ នេះបើផ្អែកទៅតាមសេចក្តីរាយការណ៍ពីក្រុមប៉ូលិសនិងមន្រ្ដីសុខាភិបាលខេត្ត។
លោក អ៊ុក សុផា បានឲ្យដឹងបន្ថែមថា ជនបរទេសទាំងប្រាំបួនជនជាតិនេះ បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុ ហើយត្រូវធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញដោយឆ្លងកាត់ប្រទេសថៃ។
សូមបញ្ជាក់ថា អ្នកដំណើរនៅក្នុងរថយន្ដក្រុងនេះ បានទិញសំបុត្រពីក្រុមហ៊ុនដឹកអ្នកដំណើររិទ្ធិមុន្នី ហើយក្រុមហ៊ុនប៉ារ៉ាម៉ោនអង្គរ អ៊ិចប្រេស ជាអ្នកសហការផ្ដល់សេវារថយន្ដសម្រាប់ដឹកជញ្ជូន។
គេនៅមិនទាន់ដឹងនៅឡើយថា ជនរងគ្រោះនឹងទទួលបានសំណងជួសជុលបែបណានោះទេ។
លោក សំ វិចិត្រ ជំនួយការនាយកអ្នកគ្រប់គ្រងកិច្ចសហការក្រុមហ៊ុនបងប្អូនគ្នាទាំងពីរនេះ មានសាសន៍ថា ក្រុមហ៊ុនរបស់លោកបានជួលក្រុមហ៊ុនធានារ៉ាប់រងកាមីនកូ ដែលជាក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋឲ្យធ្វើការវាយតម្លៃទៅលើគ្រោះថ្នាក់នេះ។
លោកបញ្ជាក់ថា៖
«កាំមិនកូគេចុះទៅហើយ។ គេនឹងវាយតម្លៃនៅពេលក្រោយ»។
មន្ដ្រីនៃក្រុមហ៊ុនកាំមិនកូចំនួនពីររូប ដែលស្នើសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ភ្នាក់ងាររបស់ខ្លួន
កំពុងតែត្រួតពិនិត្យបញ្ហានេះនៅឡើយ ហើយមិនអាចទាន់ផ្ដល់ព័ត៌មានណាមួយនៅពេលដែលការត្រួតពិនិត្យមិនទាន់បិទបញ្ចប់នោះទេ។
លោក សន ម៉ាកគិនតូស អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញបញ្ជាក់ថា ស្ថានទូតកំពុងតាមត្រួតពិនិត្យគ្រោះថ្នាក់នេះ ហើយផ្នែកកុងស៊ុលកំពុងតែផ្ដល់ជំនួយដល់ជនជាតិរបស់ខ្លួន។ ដោយឡែកស្ថានទូតរុស្ស៊ី មិនអាចធ្វើទំនាក់ទំនងបានទេដោយសារតែទូរស័ព្ទមិនអាចសន្ទនាគ្នាបានស្រួល។
ប្រទេសកម្ពុជាទទួលបានកំណើនទេសចរបរទេសចំនួន ២,៨ លាននាក់ កាលពីឆ្នាំ ២០១១។ ហើយរថយន្ដដឹកអ្នកដំណើរក្រៅក្រុងច្រើនត្រូវគេសង្កេតឃើញថា បានបើកបរក្នុងល្បឿនជ្រុលហួសកំណត់ សម្រាប់ស្ថានភាពផ្លូវតូចចង្អៀត និងគុណភាពផ្លូវមិនល្អភាគច្រើន នៅក្នុងប្រទេសកម្ពុជាបែបនេះ។ មួយវិញទៀតក្រុមហ៊ុនដឹកជញ្ជូនមិនបានត្រួតពិនិត្យការបើកបរនៃអ្នកបើកបររបស់ខ្លួន ធ្វើត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបច្ចេកទេសគ្រប់គ្រាន់ឡើយ។
លោក ប៊ុន បៀវ ប្រធានការិយាល័យទេសចរណ៍ខេត្តកោះកុង ដែលបានចុះត្រួតពិនិត្យគ្រោះថ្នាក់ក្រឡាប់រថយន្ដក្រុងដោយផ្ទាល់ហាក់ដូចជាទទួលស្គាល់លើកង្វះខាតទាំងនេះ។
«ខ្ញុំមើលហេតុដែលកើតឡើងប្រសិនបើភ្ញៀវមានបំពាក់ខ្សែក្រវ៉ាត់ក៏មិនអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កម្រិតនេះដែរ។ ឡានយើងភាគច្រើនចាស់ៗ។ ភ្ញៀវអាចធុញទ្រាន់ពេលនេះ។ មួយវិញទៀតការបើកបររបស់យើងអត់មានការប្រុងប្រយ័ត្ន។ ខ្ញុំឧស្សាហ៍ឃើញក្រុមហ៊ុនផ្សេងៗ បើកលឿនណាស់។ យើងបើកឡានតូចៗកុងទ័រ ១០០ (គីឡូម៉ែត្រក្នុងមួយម៉ោង) នៅវាវ៉ាយើងទៀត»។
ក៏ប៉ុន្ដែលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា គ្រោះថ្នាក់របៀបនេះមិនមែនជាឧបទ្ទវហេតុចម្លែក និងគួរឲ្យរាងចាលនោះទេ។ វាកើតមាននៅលើពិភពលោកដូចគ្នា។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា គួរតែពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ជាតិបន្ថែមទៀត៕