អតីតបងធំទី២ នៃរបបខ្មែរក្រហម នួន ជា នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលឯកសារនានាដែលប្រឆាំងនឹងខ្លួនដោយសំអាងថា ឯកសារទាំងនោះមានភាពមិនច្បាស់លាស់ និងមិនត្រឹមត្រូវ។
ក្រុមសហព្រះរាជអាជ្ញា និងក្រុមមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងការកាត់ទោសសំណុំរឿង០០២ ចាប់តាំងពីថ្ងៃច័ន្ទសប្តាហ៍នេះ បានបង្ហាញឯកសារជាច្រើនរួមមានឯកសារប្រតិចរិក ឯកសារជាសំឡេង និងឯកសារជាវីដីអូខ្លី សរុបចំនួន៩៥ឯកសារ ប្រឆាំងនឹងជនជាប់ចោទទាំងបីនាក់គឺនួន ជា ខៀវ សំផន និង អៀង សារី។
ឯកសារទាំងនោះដែលបង្ហាញពីការដឹកនាំ និងការទទួលខុសត្រូវជាខ្សែសង្វាក់របស់អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបី។ ថ្លែងនៅក្នុងឱកាសចាប់ផ្តើមបើកសវនាការនៅព្រឹកថ្ងៃនេះ អតីតប្រធានសភាខ្មែរក្រហមបានបង្ហាញពីការសង្ស័យលើឯកសារមួយចំនួន រួមទាំងទាត់ចោលភស្តុតាងដែលស្រង់ជាសម្តីបុគ្គល។
«ការដែលរៀបរាប់ពីគណៈយោធាក្តី គណៈអចិន្ត្រៃយ៍ក្តី ដែលយកចេញពីបុគ្គលមួយចំនួននោះគឺមិនត្រឹមត្រូវទេ។ ចំណែកបទសម្ភាសផ្សេងៗជាមួយរូបខ្ញុំគឺជាការចាំបាច់ ត្រូវតែស្តាប់ខ្សែអ័ដ្ស ដែលបានថតនោះ ដើម្បីឲ្យដឹងថា ជាសម្តីរបស់ខ្ញុំមែនដែរ ឬទេ»។
ក្រុមមេធាវីរបស់ជនជាប់ចោទអៀង សារី លោក ម៉ៃឃើល កាណាវ៉ាស (Michael KANAVAS) និងមេធាវីរបស់ខៀវ សំផន លោក គង់ សំអុន ក៏បានបង្ហាញការជំទាស់ដែរ។ សហមេធាវីទាំងពីរ ក៏បានទាមទារឲ្យផ្ទៀងផ្ទាត់ឯកសារ ដែលត្រូវបានបង្ហាញនោះជាមួយនឹងឯកសារដើមផងដែរ។
ជាមួយគ្នានេះលោក គង់ សំអុន បានបង្ហាញថា ឯកសារដែលបានមកពីមជ្ឈមណ្ឌលកម្ពុជាមានភាពលម្អៀង ហើយឯកសារទាំងនោះសម្រាប់តែធ្វើការដាក់បន្ទុកលើជនជាប់ចោទតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍រយៈពេល១៥នាទី នួន ជា ចោទប្រកាន់ការិយាល័យសហចៅក្រមស៊ើបអង្គេតថា មានភាពលម្អៀង និងបានទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហមទទួលយកសាក្សីដែលខ្លួនបានស្នើសុំ។ លោកបានសុំដាក់ភស្តុតាងបន្ថែមសម្រាប់ការពារខ្លួន។
នួន ជា ក៏បានចោទសួរពីមូលហេតុ ដែលថា ហេតុអ្វីបានជាអង្គជំនុំជម្រះសាលាដំបូងមិនធ្វើការសួរដេញដោលពីការជាប់ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅកម្ពុជា និងចេតនារបស់ប្រទេសជិតខាងមកលើកម្ពុជា។
ជនជាប់ចោទរូបនេះអះអាងថា កត្តាពីរចុងក្រោយ គឺជាមូលហេតុសំខាន់នៃប្រវត្តិសាស្ត្រទាក់ទងនឹងរបបខ្មែរក្រហម។ សូមបញ្ជាក់ថា ការកាត់ទោសនៅក្នុងសំណុំរឿង០០២នឹងផ្អាកដំណើរការនៅសប្តាហ៍ក្រោយមុននឹងបន្តឡើងវិញនៅថ្ងៃទី១២ ខែមិនា៕