ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកភូមិ​បុរីកីឡា​ និង​ប៉ូលិស​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា


ប្រជាពលរដ្ឋ​ប៉ះទង្គិចជាមួយនឹងអាជ្ញាធរនៅ​សហគមន៍​បុរី​កីឡា ​កណ្តាល​ទីក្រុង​ភ្នំពេញ ​នៅថ្ងៃទី៣ មករា ២០១២។
ប្រជាពលរដ្ឋ​ប៉ះទង្គិចជាមួយនឹងអាជ្ញាធរនៅ​សហគមន៍​បុរី​កីឡា ​កណ្តាល​ទីក្រុង​ភ្នំពេញ ​នៅថ្ងៃទី៣ មករា ២០១២។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា​ យ៉ាង​តិច​មាន​ប្រជា​ពលរដ្ឋ​១២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ​និង​ប្រមាណ​ជិត​២០​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​មួយ​ នៅ​សហគមន៍​បុរី​កីឡា ​កណ្តាល​ទីក្រុង​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​មាន​ឡើង ​ដោយសារ​តែ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី​ស៊ុយ ​សុផានបាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ច្រើន​រាប់​រយ​នាក់ ​ប្រដាប់​ដោយ​អាវុធ ​ខែល​ ដំបង​ឆក់​ និង​រថយន្ត​ពន្លត់​អង្គីភ័យ​ បាន​ទៅ​បណ្តេញ​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ​ឲ្យចេញ​ពី​សហគមន៍​បុរីកីឡា។

ក្រុម​អាជ្ញាធរ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ខែល​ រថយន្ត​បាញ់​ទឹក​និង​បាញ់​កាំភ្លើង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ដាក់​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ឈរ​កាន់​ដំបង​ ព្រម​ទាំង​ដុត​កង់ឡាន​ឆេះ​សន្ធោ​សន្ធៅ ​ក៏ប៉ុន្តែ​ក្នុង​ខណៈពេល​នោះ ​ប្រជា​ពលរដ្ឋ​បាន​តបត​មក​វិញ ​ដោយ​គប់​ដុំថ្ម​ លាយឡំ​នឹង​សំបកដប​ ដាក់​សមត្ថកិច្ច​ទៀត​ផង។

មន្ត្រីប៉ូលិស ​ដែល​សមត្ថកិច្ច​បាន​អះអាង​ថា ​ឈ្មោះ​ភួង ​ម៉ាឡៃ ​ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ ​និង​លោក​សយ​ ចាន់ឌី ​មេបញ្ជាការ​ប៉េអឹម​ខណ្ឌ​៧​មករា​ បាន​រង​របួស​បែក​ក្បាល​ហូរ​ឈាម​ ដោយសារ​តែ​ត្រូវ​ដុំថ្ម​របស់​ប្រជា​ពលរដ្ឋ។ ​ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ឈ្មោះ​រឿង​ ស្រីពៅ ​និង​ប្អូនប្រុស​ឈ្មោះ​សុខ ​ហេង ​អាយុ​១៣​ឆ្នាំ ​សិស្ស​សាលា​នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ​បាន​រង​របួស​បែក​ក្បាល​ ហើយ​បាន​ចោទ​ប្រកាន់​ថា​ សមត្ថកិច្ច​បាន​ប្រើប្រាស់​អំពើ​ហិង្សា​វាយដំ​មក​លើ​ពួក​គេ។

ប្អូនប្រុស​សុខ ​ហេង​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖

«នៅ​មិន​នៅ ​គាត់​ក៏​មក​ចាប់​ខ្ញុំ។​ ខ្ញុំ​អាយុ​១៣​ឆ្នាំ។ ​ខ្ញុំ​ឈ្មោះ​សុខ ​ហេង។ ​ខ្ញុំ​រៀន​នៅ​សាលា​វត្តព្រះពុទ្ធ»។

ក្រុម​ប្រជាពលរដ្ឋ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្តង​មួយៗ​ ចេញ​ពី​សហគមន៍​បុរី​កីឡា ​ក្រោយ​ពី​ការ​ប៉ះទង្គិច​គ្នា​បាន​ចប់។ ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ ដែល​មាន​របួស​ចំ​ផ្ទៃ​មុខ​ និង​បែក​ក្បាល​ ត្រូវ​បាន​បណ្តើរ​ចេញ​ ដោយ​មាន​សមត្ថកិច្ច​ចាប់​ក្រៀក​យ៉ាង​អែន។

«ខ្ញុំ​ឥត​ដឹង​រឿង​ផង។ ​ខ្ញុំ​មក​ឈរ​មើល​គេ។ ​បែក​មាត់​ហ្នឹង ​គេ​វ៉ៃ។ ​ប៉ូលិស​គាត់​វៃ។​ ខ្ញុំ​គិត​ថា​ សាហាវ​ណាស់។ ​ខ្ញុំ​ឥត​បាន​បាញ់​ប៉ូលិស​ផង»។

ចំណែកឯ​មន្ត្រី​យោធា​បី​រូប​ផ្សេង​ទៀត​ត្រូវ​បាន​កង​រាជអាវុធហត្ថ​ក្រុង​ភ្នំពេញ​ចាប់​បញ្ជូន​ទៅ​ការិយាល័យ​របស់​ខ្លួន។

«គេ​ថា ​ទៅ​ជួប​មេ​គេ​ នៅ​សាលា​ខណ្ឌ ​នៅ​ឯ​អង្គ​រក្ស។ ​អា​ហ្នឹង ​គេ​ចង់​សួរ ​ថា​យើង​មក​ហ្នឹង​មាន​មូលហេតុ​អ្វី?»

អ្នកស្រី​ភួង ​ថាវី ​អាយុ​៣៦​ឆ្នាំ ​នៅ​ក្រុម​ទី​១២ ​សង្កាត់​វាលវង់ ​ខណ្ឌ​៧​មករា ​បាន​ស្រែក​ទ្រហោ​យំ ​នៅ​ពេល​ដែល​ផ្ទះ​របស់​អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​ឲ្យ​រាប​ដល់​ដី។

«ខណ្ឌ​ និង​ប្រធាន​ភូមិ ​និង​ក្រុមហ៊ុន​គាត់​អ្នក​ដឹង។ ​គាត់​អង្វរ​ពួក​ខ្ញុំ​ឲ្យ​រើ​ចេញ​មក។ ​រើ​ចេញ​មក​ រងចាំ​ការ​ដោះស្រាយ។ ​ឥឡូវ​នេះ ​តើនេះជា​វិធី​ដោះស្រាយ​របស់​ពួក​គាត់ឬ?»

លោក​ហ៊ី ​ព្រូ ​ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ ​និង​លោក​កើត ​ឆែ ​នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ​ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​នោះ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ដល់​អ្នក​សារព័ត៌មាន​ទេ។

«ខ្ញុំ​ឥត​ដឹង​ទេ។ ​ទៅ​សួរ​មេ​បញ្ជាការ​គេ​ទៅ! ​ខ្ញុំ​វា​ក្តាប់​អត់បាន។ ​ពួក​ខ្ញុំ​អត់​និយាយ​ទេ»។

លោក​ចាន់ ​សាវ៉េត ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍​ថា​ ការ​បង្ក្រាប​របស់​អាជ្ញាធរ​ប៉ូលិស​នេះ​ បាន​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​រំលោភ​ទៅ​លើ​សិទ្ធិ​លំនៅដ្ឋាន។

«អ្វី​ដែល​ជា​ការ​មើល​ឃើញ​ជាក់​ស្តែង​ ​យើង​ឃើញ​ថា ​កម្លាំង​ដែល​មក​ធ្វើ​នេះ ​វា​ហាក់​បី​ដូច​ជា​មាន​ចេតនា​យក​ឈ្នះ ​យក​ចាញ់​តែ​ម្តង។ ​មិនមែន​ជា​រឿងដោះស្រាយ​ទេ»។

ការ​ប៉ះទង្គិច​រហូត​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​ ក្រោយពី​ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា ​កុ្រមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី​ស៊ុយ ​សុផាន​មិន​បាន​សាងសង់​អគារ​ពីរ​បន្ថែម​ទៀត​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​សាងសង់​១០​អគារ​នៅ​សហគមន៍​បុរី​កីឡា។

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ ​នៅ​តែ​អះអាង​ថា​ ពួក​គេ​ខ្វះ​ទី​ជម្រក​ ដោយសារ​តែ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​មិន​បាន​សាងសង់​ឲ្យ​គ្រប់​ចំនួន​ទៅ​តាម​ការ​កំណត់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។ ​ចំណែកឯ​ប្រជា​ពលរដ្ឋ​៥០​គ្រួសារ​ផ្សេង​ទៀត ​ដែល​បាន​ទទួល​សំណង​ដី​១​ឡូ ​និង​ទឹក​ប្រាក់​ប្រមាណ​៥០​ម៉ឺន​រៀលគឺ​ស្មើ​ជាង​១០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​នោះ​ បាន​ទៅ​រស់​នៅ​ភ្នំបាត​ ​ជាង​២០​គីឡូម៉ែត​ពី​ទីក្រុង​ភ្នំពេញ។

លោកស្រី ​ស៊ុយ ​សុផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ធ្លាប់​បាន​ប្រាប់​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​ថា​ ក្រុមហ៊ុន​បាន​សាងសង់​៨​អគារ​ គឺ​គ្រប់គ្រាន់​សម្រាប់​ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍​បុរី​កីឡា​នេះ​ហើយ៕

XS
SM
MD
LG