កាលពីសប្តាហ៍មុន អាជ្ញាធរខ្មែរបានបណ្តេញប្រជាពលរដ្ឋខ្មែរដោយបង្ខំ ចេញពីតំបន់បុរីកីឡា ដើម្បីយកទីតាំងធ្វើការអភិវឌ្ឍរបស់ក្រុមហ៊ុនផានអ៊ីម៉ិច។
ប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញដោយបង្ខំនោះ ត្រូវបានដឹកជញ្ជូនចេញឲ្យទៅរស់នៅតំបន់ភ្នំបាត នៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយប្រមាណជិត៥០គីឡូម៉ែតពីទីក្រុងភ្នំពេញ។
ក្រោយពីត្រូវបានបណ្តេញចេញដោយបង្ខំ និងបានតាំងទីលំនៅថ្មី នៅលើទឹកដី ដែលគ្មានដើមឈើ ប្រព័ន្ធទឹក ភ្លើង សេវាសុខភាព និងសាលារៀនគ្រប់គ្រាន់ ក្រុមប្រជាពលរដ្ឋបានប្រឈមមុខនឹងការបណ្តេញចេញជាលើកទី២ ដោយសារតែចំនួនប្រជាពលរដ្ឋលើសតាមការកំណត់។
យោងតាមមន្ត្រីសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា មានប្រជាពលរដ្ឋសរុបចំនួន១៩៦គ្រួសារត្រូវបានបណ្តេញចេញពីបុរីកីឡា ហើយបានមករស់នៅតំបន់ភ្នំបាត។
លោកស្រី ស៊ុយ ស៊ីផាន ជាប្រធានក្រុមហ៊ុនផានអ៊ីម៉ិច និងជាដើមចមនៃការបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំពីតំបន់បុរីកីឡាសម្រាប់យកទីតាំងធ្វើការអភិវឌ្ឍ។ លោកស្រីបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា លោកស្រីទទួលស្គាល់ប្រជាពលរដ្ឋ ដែលមកតាំងទីលំនៅទីនេះតែ៧៨គ្រួសារតែប៉ុណ្ណោះ ហើយសម្រាប់អ្នកដែលនៅសេសសល់ លោកស្រីមិនទទួលស្គាល់ទេ។ លោកស្រីបានមានប្រសាសន៍ថា លោកស្រីបានផ្តល់ថវិកាចំនួន២០០០០រៀល គឺស្មើនឹង៥ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗឲ្យប្រជាពលរដ្ឋធ្វើជាសោហ៊ុយចាកចេញពីកន្លែងភ្នំបាត។
«មានឯកសារគ្រប់គ្រាន់ គឺមានតែ៧៨គ្រួសារទេ។ អញ្ចឹងមួយរយជាងហ្នឹង សុទ្ធតែកូនចៅប្រជាពលរដ្ឋដែលបានផ្ទះថ្មីនៅបុរីកីឡាហ្នឹង លោភលន់ចង់បានដីមួយកន្លែងទៀត។ បានផ្ទះហើយ ចង់បានដីមួយទៀត។ អញ្ចឹងហើយមកបន្លំនៅទីហ្នឹង»។
បើតាមគោលការណ៍របស់ក្រុមហ៊ុនផានអ៊ីម៉ិច ក្រុមហ៊ុនគ្រោងនឹងផ្តល់ថវិកាចំនួន៥០ម៉ឺនរៀល គឺស្មើនឹងជាង១០០ដុល្លារសហរដ្ឋអាមេរិក និងផ្តល់ដីមួយឡូត៍ ទំហំបួនម៉ែតគុណនឹងដប់ពីរម៉ែត (៤x១២ម) នៅលើផ្ទៃដីសរុប ដែលមានទំហំ១៨៣០០ម៉ែតការ៉េ នៅតំបន់ភ្នំបាត។
ប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន បានថ្លែងប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកថា ឥឡូវនេះក្រុមហ៊ុនបានកាត់ដីបន្ថែមទៀត ដោយផ្តល់ដោយពួកគេតែបួនម៉ែតគុណនឹងប្រាំបីម៉ែត (៤x៨ម) តែប៉ុណ្ណោះ នៅក្នុងមួយគ្រួសារ។ ចំណែកឯថវិកា៥០ម៉ឺនរៀល ពួកគេពុំទទួលបានទេ។
កំពុងតែអង្គុយដុសកំសៀវដាំទឹក នៅក្បែរតង់ធ្វើពីក្រណាត់ចាស់ៗ លោកពុធ ស៊ីណាត អាយុ៤៧ឆ្នាំ អតីតប្រជាពលរដ្ឋនៅតំបន់បុរីកីឡា បាននិយាយថា លោកពុំទាន់បានដីពិតប្រាកដសម្រាប់ស្នាក់នៅនៅឡើយទេ។
«ខ្ញុំឥតទាន់ដឹងច្បាស់ផង។ ថាមកនេះ គេឲ្យមកសិនទៅ។ ចាំក្រុមហ៊ុនគេដោះស្រាយឲ្យ ក្រោយពេលដែលគេឈូសឆាយរួចហើយ។ គេបង្ខំឲ្យយើងចេញមក អ្នកខ្លះឥតបានដឹងស្អីបន្តិចផង»។
នៅលើដីទំហំជាងមួយហិចតា នៅតំបន់ភ្នំបាត ប្រជាពលរដ្ឋបានចងតង់កៅស៊ូ និងកន្ទេលដើម្បីស្នាក់នៅ។ ពួកគេភាគច្រើនទទួលទានដំណេក ផ្ទាល់ដី ដោយក្រាលកៅស៊ូក្រណាត់ចាស់ៗ និងក្រាលបន្ទះក្តារជាដើម ដោយពុំមានគ្រែសម្រាប់ស្នាក់នៅគ្រប់គ្រាន់ទេ។
ក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រីស៊ុយ ស៊ីផានបានបុកអណ្តូងតែពីរប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋជាង១០០គ្រួសារស្នាក់នៅទីនោះ។ ក្រុមប្រជាពលរដ្ឋកំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកប្រើប្រាស់ និងជម្ងឺឆ្លង។ កុមារភាគច្រើន មានជម្ងឺផ្តាសាយ ដោយសារតែអាកាសធាតុក្តៅនៅពេលថ្ងៃនិងត្រជាក់នៅពេលយប់។
អ្នកស្រីឌិន ស៊ីដេត អាយុ២៥ឆ្នាំកំពុងបីកូនអាយុ៨ខែនៅនឹងដៃ ក្រោមសំពត់តង់កៅស៊ូចាស់ៗ នៅតំបន់ភ្នំបាត។ អ្នកស្រីបាននិយាយថា កូនរបស់អ្នកស្រី ក៏ដូចជាអ្នកភូមិដទៃផ្សេងទៀត កំពុងតែឆ្លងជម្ងឺគ្រប់ៗគ្នា។ អ្នកស្រីបាននិយាយថា អាជ្ញាធរមិនបានផ្តល់ថ្នាំពេទ្យដល់ពួកគេទេ មានតែអង្គការលីកាដូតែប៉ុណ្ណោះ ដែលបានផ្តល់ថ្នាំពេទ្យដល់ពួកគេ បន្ទាប់ពីការបណ្តេញចេញ។
«វាពិបាកដែរហ្នឹង។ ខ្ញុំមានកូនតូច ពូ! ឥឡូវកូនយំធ្វើទុក្ខ ហើយដីហុយ ដីអីអញ្ចឹងពូ! ហើយណាមួយបន្ទប់ទឹកឥតមាន ហើយទឹកអី ប្រើទឹកអណ្តូង។ ប្រើទឹកអណ្តូង។ កូនតាំងពីមកទីនេះគឺឈឺភ្នែកទៀត»។
លោកញឹប ចាន់ ប្រធានឃុំផ្សារដែក បាននិយាយថា ក្រុមហ៊ុនផានអ៊ីម៉ិចទើបតែមកទិញដីនៅតំបន់ភ្នំបាតនេះ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១១។ លោកបានមានប្រសាសន៍ថា អាជ្ញាធរមានមណ្ឌលសុខភាពនៅក្បែរនោះ ហើយប្រជាពលរដ្ឋអាចទទួលសេវាព្យាបាលជម្ងឺបាន នៅពេលណាដែលពួកគេឈឺ។
«កន្លងទៅហ្នឹង ខ្ញុំបានប្រាប់ជម្រាបជូនគាត់ដែរ។ ពាក់ព័ន្ធនឹងសុខភាពអីហ្នឹង យើងមានមណ្ឌលសុខភាពអីដែរ។ បាទ! វាគ្រាន់តែគាត់ទៅមកប៉ុន្មានថ្ងៃអញ្ចឹង យើងមិនទាន់ចាត់ចែង ថាម៉េចៗទេ»។
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា បន្ទាប់ពីត្រូវបានបណ្តេញចេញពីបុរីកីឡា ប្រជាពលរដ្ឋបានប្រឈមមុខនឹងកង្វះស្បៀងអាហារ កង្វះទឹកសម្រាប់បរិភោគ ជម្រក ហើយកុមារភាគច្រើនកំពុងប្រឈមមុខនឹងជម្ងឺផ្សេងៗ។
«ការបណ្តេញចេញមក ហើយនៅនេះគ្មានហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ហើយពេលដែរមកនៅ គឺមិនទាន់បានបែងចែកដីធ្លីសម្រាប់ពួកគាត់សម្រាប់ការរស់នៅនោះទេ។ អញ្ចឹងយើងឃើញថា ការដែលអភិវឌ្ឍរបៀបនេះគឺវាប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋ»។
ក្រុមហ៊ុនផានអ៊ីម៉ិច ដែលដឹកនាំដោយលោកស្រីស៊ុយ ស៊ីផាន នៅថ្ងៃច័ន្ទនេះ បានចុះចែកអង្គរ នឹងចែកតង់កៅស៊ូដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋបាននិយាយថា ពួកគេត្រូវការជម្រកស្នាក់នៅសមរម្យ បន្ទាប់ពីការបណ្តេញចេញពីទីតាំងចាស់៕