ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកភូមិ​បុរី​កីឡា​ដើរ​ហែក្បួនតវ៉ា​កណ្តាល​ក្រុង​ភ្នំពេញ


ក្មេងស្រីពី​អតីត​តំបន់​បុរីកីឡាតវ៉ាទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​៨​នាក់​។ នៅលើ​ក្រដាស់មួយសរសេរថា៖ ទាមទារឲ្យដោះលែង​ប្រជាជន​ដែល​តុលាការ​ឃុំនៅពន្ធនាគារ។
ក្មេងស្រីពី​អតីត​តំបន់​បុរីកីឡាតវ៉ាទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​៨​នាក់​។ នៅលើ​ក្រដាស់មួយសរសេរថា៖ ទាមទារឲ្យដោះលែង​ប្រជាជន​ដែល​តុលាការ​ឃុំនៅពន្ធនាគារ។

នៅ​ពី​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្រុម​ប្រជាពលរដ្ឋ​អតីត​តំបន់​បុរីកីឡា ​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តវិធី​ដ៏​កម្រ​មួយ​ នៅ​តាម​មហា​វិថី​សំខាន់ៗ​កណ្តាល​ទីក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​៨​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ទីជម្រក​សមរម្យ​ដល់​ពួក​គេ។

កាល​ពី​សប្តាហ៍​មុន ​ អាជ្ញាធរ​ខ្មែរ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​តំបន់​បុរីកីឡា​ចំនួន​៨​នាក់​ យក​ទៅ​ដាក់​ឃុំឃាំង​ពន្ធនាគារ​ព្រៃស ​និង​ពន្ធនាគារ​ប៉េស្ស៊ី ​(ពន្ធនា​គារប៉ូលិស)ក្រោម​បទ​ចោទ​ប្រកាន់​ថា​ បាន​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា ​និង​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ ​បន្ទាប់​ពី​ការ​បង្ហូរ​ឈាម​ដាក់​គ្នា​មួយ​រវាង​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច។

ក្រុម​អ្នក​តវ៉ា​ ដោយ​មាន​ការ​ចូលរួម​ពី​ជន​ពិការ​ និង​កុមារ​តូចៗ ​បាន​កាន់​បដា​ ស្រែក​ឧគ្ឃោសន​ស័ព្ទ​ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ព្រម​ទាំង​ផ្តល់ជម្រក​ដល់​ពួក​គេ ​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​សប្តាហ៍​មុន។

កុមារ​តូចៗ​ ដែល​បាន​នាំមុខ​ក្បួន​បាតុកម្ម​នេះ ​បាន​ស្រែក​តវ៉ា​ថា​ ​អយុត្តិធម៌​ពុករលួយ​ និង​អ្នកស្រី​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ពុករលួយ។

«ក្រុមហ៊ុន​ពុករលួយ ​ធ្វើ​បាប​ប្រជារាស្ត្រ​ឲ្យ​ពួក​ក្មេងៗ​ឈឺ​ចាប់។ ​ពួក​អា​ឯង​រុះ​ផ្ទះ​អញ ​ពួក​អា​ឯង​ អា​ក្រុមហ៊ុន​ពុក​រលួយ»។

ក្រុម​បាតុកម្ម​ប្រមាណ​ជិត​១០០​នាក់​បាន​ប៉ុនប៉ង​ដើរ​សំដៅ​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ នា​វិមាន​ឯករាជ្យ ​ក៏ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ទៅ​តវ៉ា​នៅ​មុខ​រដ្ឋ​សភា​វិញ។​ ក៏ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ពុំមាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ទេ។

លោកស្រី​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ​នៅ​តំបន់​ភ្នំបាត​ថា​ ក្រុមហ៊ុន​មិន​បាន​ប្តឹង​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ទេ។​ លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​ការ​ចាប់​ខ្លួន​នេះ​គឺ​ជា​រឿង​របស់​សមត្ថកិច្ច។

«បញ្ហា​ហ្នឹង​ខ្ញុំ​ឥត​ដឹង​ទេ ​ព្រោះ​អី​នេះ​ជា​រឿង​សមត្ថកិច្ច។ ​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​ទៅ​ចំពោះ​រឿង​បញ្ហា​ហ្នឹង ​តែ​ចំពោះ​ខ្លួន​ខ្ញុំ ​ខ្ញុំ​ជួយ​ដោះស្រាយ​ប្រជាជន ​វា​អស់​លទ្ធភាព​ប៉ុណ្ណឹង​ហើយ»។

ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ប្រមាណ​៣៨៤​គ្រួសារ ​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ បាន​ទៅ​រស់នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​ គឺ​នៅ​តំបន់​ទួលសំបូរ ​ដែល​មាន​ទីតាំង​ឋិត​នៅ​សង្កាត់​ព្រៃវែង​ ខណ្ឌ​ដង្កោ ​និង​នៅ​តំបន់​ភ្នំបាត ​ស្រុក​ពញាឮ ​ខេត្ត​កណ្តាល ​និង​មួយ​ក្រុម​ទៀត​ បាន​អះអាង​ថា​ ពុំ​មាន​កន្លែង​ស្នាក់នៅ​ពិតប្រាកដ​ទេ។

«ខ្ញុំ​ឥត​មាន​កន្លែង​នៅ ​កន្លែង​ដេក​ទេ ​ខ្ញុំ​ដើរ​ដេក​តាម​តូប។ ​យប់​នេះ​ដេក​តូប​នេះ​ យប់​នេះ​ដេក​តូប​នោះ​ទៅ។​ ខ្ញុំ​ឥត​មាន​ដី​ពិតប្រាកដ​ទេ ​វា​គ្មាន​កន្លែង​ដេក។​ គេ​ដេញ​រហូត​ហ្នឹង​ គេ​មិន​ឲ្យ​យើង​ដេក។​ រាប់រយ​គ្រួសារ​នោះ​ ដែល​ដើរ​ដេក​តាម​តូប​អញ្ចឹង»។

អ្នកស្រី​សាក់ ​មុន្នី ​អតីត​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ បាន​មាន​ប្រសាសន៍​ថា​ សាលាក្រុង​ភ្នំពេញ​មិន​បាន​ទទួល​ស្គាល់​ពួក​គេ​ឲ្យ​រស់នៅ​តំបន់​បុរីកីឡា​ទេ។

«ឥត​ព្រម​ទទួល​ស្គាល់​ពួក​ខ្ញុំ​ទេ។ ​ពួក​ខ្ញុំ​ឥត​សុំ​អី​ទេ។ ​សុំ​ឲ្យ​តែ​សម្តេច​ប្រទាន​ឲ្យ​ពួក​ខ្ញុំ​ ដោយ​ថា​ ធ្វើ​១០​អគារ​ ហើយ​នៅ​ពីរ​អគារ​ដែល​គាត់​(អ្នកស្រី​ស៊ុយ សាផាន)​មិន​ព្រម​ធ្វើ។ ​ពួក​ខ្ញុំ​គ្មាន​សមត្ថភាព​មែន​ហើយ។ ​ពួក​ខ្ញុំ​ឥតមាន​លុយ​ឲ្យ​ពួក​សហគមន៍ ​មិន​មាន​ដូចពួក​យាយ​ផាន​ទេ​ បាន​ជា​ពួក​ខ្ញុំ​ប៉ុន្មាន​ហ្នឹង​វា​ឥត​មាន​ផ្ទះ។ ​គេ​ទារ​សុទ្ធ​តែ​ពីរពាន់។ ​ទៅ​រក​ឯណា​បាន?»

ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី​ស៊ុយ ស៊ីផាន​ត្រូវបាន​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា ​មិន​បាន​សាងសង់​ឲ្យ​បាន​១០​អគារ ​គឺ​បាន​សាងសង់​តែ​ប្រាំបី​អគារ​តែ​ប៉ុណ្ណោះ​ ទើប​បណ្តាល​ឲ្យ​ប្រជាពលដ្ឋ​ជា​ច្រើន​ខ្វះ​ទី​ជម្រក។

លោកស្រី​ស៊ុយ ​ស៊ីផាន​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ជាង​៣០០​គ្រួសារ​នោះ ​ពុំមាន​ឯកសារ​ស្នាក់នៅ​ពិតប្រាកដ​ទេ។​ ក៏ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​ដោយសារ​តែ​ពួក​គេ​មិន​មាន​ប្រាក់​២០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ឲ្យ​ទៅ​ក្រុមហ៊ុន​ និង​សហគមន៍​ ទើប​ពួក​គេ​គ្មាន​ទីជម្រក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕

XS
SM
MD
LG