ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡា ដែលពុំទាន់បានទទួលផ្ទះសម្បែងប្រមាណជិត៥០នាក់ នៅថ្ងៃច័ន្ទនេះបានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខតុលាការក្រុងភ្នំពេញដើម្បីឲ្យតុលាការពន្លឿនពាក្យបណ្តឹងរបស់ពួកគេប្រឆាំងជំទាស់ទៅនឹងក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រីស៊ុយ ស៊ីផាន។
ក្រុមអ្នកតវ៉ាបានឈរកាន់បដា ព្រមទាំងស្រែកតាមឧគ្ឃោសនស័ព្ទបំពងសំឡេងនៅពីមុខតុលាការ។ ក៏ប៉ុន្តែរយៈពេលពីរម៉ោងក្រោយមក ក្រុមប្រជាពលរដ្ឋបានសម្រេចរំសាយទៅវិញ បន្ទាប់ពីមានកម្លាំងមន្ត្រីប៉ូលិសមកហាមឃាត់។
អ្នកស្រី ជុំ ងាន់ អាយុ៣៩ឆ្នាំ តំណាងក្រុមប្រជាពលរដ្ឋនៅតំបន់បុរីកីឡា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីចង់ឲ្យតុលាការពន្លឿនពាក្យបណ្តឹងប្រជាពលរដ្ឋ។ អ្នកស្រីបាននិយាយថាប្រជាពលរដ្ឋ ដែលនៅសេសសល់ពីការបណ្តេញចេញ បានជំទាស់ទៅនឹងគោលការណ៍របស់ក្រុមហ៊ុន ដែលតម្រូវឲ្យពួកគេទៅរស់នៅតំបន់ភ្នំបាត និងតំបន់ទួលសម្បូរណ៍។
«ពួកខ្ញុំឥតព្រមទេ អារឿងភ្នំបាត ទួលសម្បូរណ៍។ បើពួកខ្ញុំព្រម ខ្ញុំទៅតាំងពីយូរ មិនដល់ថ្នាក់ជាប់នៅព្រៃស្ពឺ ជាប់នៅស្នងការ ឬជាប់នៅព្រៃស ជាដើម»។
ក្រុមប្រជាពលរដ្ឋនៅតំបន់បុរីកីឡា ដែលពុំទទួលបានផ្ទះសម្បែង បានដាក់ពាក្យបណ្តឹងពីរដាច់ដោយឡែកៗ ពីគ្នាទៅកាន់តុលាការភ្នំពេញ ដោយប្តឹងពីបទរដ្ឋប្បវេណី និងពីបទព្រហ្មទណ្ឌ។
ចំពោះបណ្តឹងរដ្ឋប្បវេណីប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ ដើម្បីប្តឹងក្រុមហ៊ុនផានអ៊ីម៉ិច ថាមិនបានគោរពតាមសន្យា និងទាមទារសំណងក្នុងមួយគ្រួសារចំនួនបួនលានរៀល និងបណ្តឹងទី២ ពីបទព្រហ្មទណ្ឌ ប្រជាពលរដ្ឋបានប្តឹងកាលពីថ្ងៃទី៦ ខែមិនា ប្តឹងអ្នកស្រីស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ថាបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមករុះរើលំនៅដ្ឋានប្រជាពលរដ្ឋ កាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ។
អ្នកស្រី ព្រំ ពេជ អាយុ៧០ឆ្នាំ កំពុងអង្គុយបទជើងទ្រហ៊ោយំ នៅកណ្តាលហ្វូងក្រុមបាតុករបាននិយាយថា អ្នកស្រីគ្មានទីជម្រកទេ បន្ទាប់ពីផ្ទះសម្បែងបានបាត់បង់។
«បើសិនជាភ្លើងឆេះផ្ទះ ក៏នៅសល់ដីដែរ តែឥឡូវនេះស្អីក៏គ្មាន។ ឥឡូវហ្នឹងឥវ៉ាន់បន្តិចបន្តួចរើយកទៅផ្ញើគេអស់ហើយពេលនេះ។ ខ្ញុំស៊ូទ្រាំជាងពីរខែមកហើយ»។
លោក ឌុច គឹមសន ចៅក្រមនៃតុលាការក្រុងភ្នំពេញបាននិយាយថា លោកពុំទាន់បានពិនិត្យសំណុំរឿងនេះនៅឡើយ។
«ឥតដឹង ខ្ញុំឥតបានដឹងផង។ ចាំមើលខ្ញុំសួរទៅខាងរដ្ឋបាល ខ្ញុំសួរសិន»។
លោក យិន សាវ៉ាត មេធាវីការពារក្តីប្រជាពលរដ្ឋបាននិយាយថា តាមក្រមនីតិវិធីរបស់តុលាការបានកំណត់ថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងមួយខែ តុលាការត្រូវតែចេញដីកា ដើម្បីកោះហៅភាគីទាំងសងខាង ធ្វើនីតិវិធីត្រៀមការពារក្តី។ ក៏ប៉ុន្តែរយៈពេលជិតមួយខែមកហើយ លោកមិនទាន់បានទទួលដីកាកោះហៅពីតុលាការនៅឡើយទេ។
«ខ្ញុំគិតថា ប្រហែលជាគេមិនខ្លាចទេ។ ព្រោះអីតុលាការជាស្ថាប័នឯករាជ្យ គាត់ដោះស្រាយ គឺគាត់ឈរនៅលើផ្លូវច្បាប់។ អញ្ចឹង ខ្ញុំគិតថាឥតមានអីគួរឲ្យខ្លាចទេ»។
អ្នកស្រី ស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចមិនអាចសុំទំនាក់ទំនងបានទេនៅថ្ងៃច័ន្ទនេះ។ ក៏ប៉ុន្តែក្រុមហ៊ុនផានអ៊ីម៉ិច បានចាប់ផ្តើមសាងសង់អគារពីរបន្ថែមតាមកិច្ចសន្យា។
ក្រុមប្រជាពលរដ្ឋនៅតំបន់បុរីកីឡា នៅតែចោទប្រកាន់ថា ការសាងសង់អគារពីរបន្ថែមរបស់ក្រុមហ៊ុនផានអ៊ីម៉ិចនេះ ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានឈ្មោះស្នាក់នៅអគារថ្មីនេះនៅឡើយ៕