ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ប្លុក​បុរី​កីឡា​តវ៉ា​សុំ​សិទ្ធិ​រស់​នៅ​លើ​អគារ​ថ្មី


អ្នក​ប្លុក​បុរី​កីឡា​តវ៉ា​សុំ​សិទ្ធិ​រស់​នៅ​លើ​អគារ​ថ្មី
អ្នក​ប្លុក​បុរី​កីឡា​តវ៉ា​សុំ​សិទ្ធិ​រស់​នៅ​លើ​អគារ​ថ្មី

នៅ​ក្បែរ​អគារ​ដែល​កំពុង​សាងសង់​ចំនួន​ពីរ​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ក្រុម​អ្នក​ភូមិ​បុរីកីឡា​ប្រមាណ​៥០​នាក់ ​ដែល​នៅ​សេសសល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​សារ​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ទីជម្រក​ដល់​ពួកគេ​ឲ្យ​បាន​រស់នៅ​ក្នុង​អគារ​ ដែល​ទើប​នឹង​បាន​សាងសង់​ថ្មី​នេះ។

ក្រុម​អ្នក​តវ៉ា​ដែល​ក្នុង​នោះ​មាន​កុមារ​តូចៗ​ផងដែរ ​បាន​ឈរ​កាន់​បដា ​ដែល​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ទីជម្រក​ដល់​ពួក​គេ ​និង​កាន់​រូប​ព្រះឆាយាលក្ខ​សម្តេចឪ​ សម្តេច​ម៉ែ ​និង​ព្រះមហាក្សត្រ ​ព្រមទាំង​រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​និង​ភរិយា​របស់​លោក។

ក្រុម​បាតុករ​បាន​ស្រែក​ថា៖

«សុំ​ឲ្យ​ក្រុមហ៊ុន​មក​ជួប​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ»។

បន្ទាប់​ពី​ឈរ​ស្រែក​តវ៉ា​ពុំ​មាន​ដំណោះស្រាយ ​ក្រុម​ប្រជាពលរដ្ឋ​បាន​សម្រេច​បិទ​កំណត់​ផ្លូវ​២១១​ ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​វាលវង់ ​ខណ្ឌ​៧មករា។ ​ការ​បិទ​ផ្លូវ​នេះ ​ពុំ​មាន​សមត្ថកិច្ច​មក​រារាំង​ និង​ហាមឃាត់​ទេ។ ​រយៈពេល​មួយ​ម៉ោង​ក្រោយ​មក​ ក្រុម​ប្រជាពលរដ្ឋ​បាន​សម្រេច​បើក​ផ្លូវ​ឲ្យ​ចរាចរណ៍​ឡើង​វិញ។

អ្នកស្រី ​អាត់ ​សំណាង ​អាយុ​២៧​ឆ្នាំ ​បាន​ឈរ​យំ​បង្ហូរ​ទឹក​ភ្នែក​នៅ​កណ្តាល​ហ្វូង​ក្រុមបាតុករ​ ដែល​កំពុង​ឈរ​ស្រែក​ទាមទារ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ផានអ៊ីម៉ិច។ ​អ្នកស្រី​បាន​និយាយ​ទៀត​ថា​ យើង​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ក៏ប៉ុន្ត​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​សា្នក់នៅ​អគារ​ដែល​ទើប​នឹង​សាងសង់​ថ្មី​នោះ​ទេ​ គឺ​ឲ្យ​ពួក​គេ​ទៅ​រស់នៅ​តំបន់​ភ្នំបាត។

«ខ្ញុំ​ចង់​បាន​ផ្ទះ​ដូច​គេ ​នៅ​បុរី​កីឡា​ហ្នឹង​ដែរ។ ​ចំណែក​ពីរ​អគារ​ហ្នឹង ​ខ្ញុំ​ត្រូវ​មាន​ឈ្មោះ​ឡើង។​ ហេតុអ្វី​បាន​ជា​ឲ្យ​ខ្ញុំ​ទៅ​រស់នៅ​ភ្នំបាត​ ហើយ​គាត់​ថា​ក្រុមហ៊ុន​ហ្នឹង​ក្ស័យទុន។​ បើ​ក្ស័យទុន​ អញ្ចឹង​សុំ​ឲ្យ​ដី​ខ្ញុំ​មក​វិញ។ ​ខ្ញុំ​សុខចិត្ត​សាងសង់​ខ្លួន​ឯង»។

អ្នកស្រី ​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​តាមរយៈ​ទូរស័ព្ទ​ថា ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ឈរ​ស្រែក​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ មិន​មាន​ឯកសារ​ត្រឹមត្រូវ​ទេ ​ទើប​ក្រុមហ៊ុន​មិន​ផ្តល់​ផ្ទះសម្បែង​ដល់​ពួក​គេ។​ អ្នកស្រី​បាន​និយាយ​ទៀត​ថា​ អ្នក​ដែល​នៅ​សេសសល់ ​មាន​ចំនួន​តែ​១០​គ្រួសារ​តែប៉ុណ្ណោះ។ ​ក៏ប៉ុន្តែ​បើ​ពួក​គេ​យល់ព្រម ​ពួកគេ​នឹង​ទទួល​បាន​ដី​មួយ​ឡូ ​នៅ​តំបន់​ភ្នំបាត ​ឬ​នៅ​តំបន់​ទួល​សម្បូរណ៍​សម្រាប់​អ្នក​ដែ​លនៅ​សេសសល់​ចុង​ក្រោយ។

«ឯកសារ​និង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្រុមហ៊ុន​និង​អាជ្ញាធរ​បាន​ផ្តល់​ជូន​ហើយ។​ អ្នក​ដែល​តវ៉ា​ព្រឹកម៉ិញ​ហ្នឹង ​គឺ​សុទ្ធតែ​ជា​អ្នក​ដែល​ឥត​មាន​ឯកសារ​គ្រប់គ្រាន់​ទី​១​។ ​ទី​២ ​គាត់​បាន​ផ្ទះ​ហើយ​ គាត់​លក់​ផ្ទះ​ហើយ​មក​នៅ​តវ៉ា​ទៀត។​ ចំពោះ​ប្រជាជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហ្នឹង​ឥត​ខ្វះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​អ្នកស្រី​ស៊ុយ ​ស៊ីផាន ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​រាប់រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ ខែល ​និង​ដំបងឆក់ ​ឧស័្មន​បង្ហូរ​ទឹក​ភ្នែក​ និង​រថយន្ត​បាញ់​ទឹក​ បាន​មក​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​សហគមន៍​បុរីកីឡា​ លាយឡំ​ជាមួយ​នឹង​ការ​បង្ហូរឈាម​។ ​ការបណ្តេញ​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ​នោះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​គ្មាន​ទីជម្រក ​ហើយ​ធ្វើ​ការ​តវ៉ារ​ហូត​មក​ដល់​សព្វថ្ងៃ​នេះ​ និង​មួយ​ចំនួន​ទៀត​ ត្រូវ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទៅ​រស់នៅ​តំបន់​ភ្នំបាត ​ដែល​មាន​ទីតាំង​ឋិត​នៅ​ក្នុង​ស្រុក​ឧត្តុង​ ខេត្ត​កំពង់ស្ពឺ​ និង​មួយចំនួន​ទៀត​ទៅ​រស់នៅ​តំបន់​ទួល​សម្បូរណ៍​ជាយ​ទីក្រុង​ភ្នំពេញ៕

XS
SM
MD
LG