សាក្សីឃើញផ្ទាល់ភ្នែកនិងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបាននិយាយនៅថ្ងៃពុធនេះថា យ៉ាងតិចមានប្រជាពលរដ្ឋអតីតតំបន់បុរីកីឡា និងតំបន់បឹងកក់ចំនួនប្រាំមួយនាក់ត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ និងមន្ត្រីប៉ូលិសបានចាប់ខ្លួនភ្លាមៗ រួចហើយបានយកទៅឃុំឃាំងនៅស្នងការប៉ូលិសក្រុងភ្នំពេញ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធីនៅពីមុខសាលាក្រុងភ្នំពេញ។
ប្រជាពលរដ្ឋដែលត្រូវគេចាប់ខ្លះបានស្រែកទ្រហ៊ោថា៖
«បងប្អូនអើយ គេចាប់ទៀតហើយ!!!»។
បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា ការចាប់ខ្លួនបានកើតមានឡើងបន្ទាប់ពីក្រុមប្រជាពលរដ្ឋបានឈរស្រែកតវ៉ានៅពីមុខសាលាក្រុងភ្នំពេញដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋអតីតតំបន់កីឡាចំនួនប្រាំបីនាក់ ដែលបានចាប់ខ្លួនកាលពីដើមខែមករា។
ក្រុមអ្នកតវ៉ាមួយចំនួនដែលភាគច្រើនជាស្ត្រី បានដោះអាវ នឹងស្រាតខោ ដើម្បីប្រឆាំងជំទាស់ទៅនឹងមន្ត្រីមានសមត្ថកិច្ច និងសន្តិសុខសាលាខណ្ឌដូនពេញ។
ក្រុមមន្ត្រីប៉ូលិសប្រដាប់ដោយខែល និងដំបងឆក់ជាច្រើនរាប់រយនាក់បានមកបំបែកការតវ៉ារបស់ក្រុមអ្នកស្រុកក៏ប៉ុន្តែប្រជាពលរដ្ឋបានតបតទៅវិញ ដោយគប់ដបទឹកសុទ្ធ នឹងយកសម្លៀកបំពាក់មកវាយតបនឹងសមត្ថកិច្ច។
ពួកគេបានស្រែកដាក់ក្រុមសមត្ថកិច្ចទាំងនោះថា៖
«មិនចេះខ្មាសគេទេ! មករករឿងប្រជាជន ទាំងរបាំងការពារទៀត ចំណែកឯប្រជាជនដៃទទេសុទ្ធសាធ»។
ការប៉ះទង្គិចគ្នាសារជាថ្មីម្តងទៀតរវាងអ្នកភូមិបុរីកីឡាជាមួយនឹងសមត្ថកិច្ចដោយមានការចូលរួមពីអ្នកភូមិបឹងកក់ផងនោះ ពុំមានរបាយការណ៍ណាមួយបង្ហាញពីអ្នករងរបួសទេ។ ក៏ប៉ុន្តែមានភូមិបុរីកីឡាចំនួន៥នាក់ និងអ្នកភូមិបឹងកក់ម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួន។
លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធមនុស្សលីកាដូបានហៅការចាប់ខ្លួននេះគឺជារំលោភសិទ្ធិមនុស្ស និងមិនមែនជាដំណោះស្រាយទេ។
«រាជរដ្ឋាភិបាលលោកគួរតែរកដំណោះស្រាយមួយដ៏ល្អ ដើម្បីបង្ហាញដល់អន្តរជាតិក៏ដូចជាអាស៊ានថារដ្ឋាភិបាលយើង កំពុងតែមានចំណាត់ការល្អទាក់ទងទៅនឹងវិស័យសិទ្ធិមនុស្សនេះ»។
លោក កើត ឆែ នាយករដ្ឋបាលសាលាក្រុងភ្នំពេញមិនបានធ្វើអត្ថាធិប្បាយណាមួយ ជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកដែលបានសាកសួរអំពីមូលហេតុនៃការចាប់ខ្លួនប្រជាពលរដ្ឋទេ ដោយលោកគ្រាន់តែបញ្ជាក់តាមសំឡេងដើមថា៖ «ថាអ្នកឯងឃើញគេធ្វើអីហ្នឹង! គេធ្វើយ៉ាងម៉េច អ្នកឯងមើលតាមហ្នឹងទៅ។ គេចាប់យកទៅណាដឹងតាមហ្នឹងទៅ វិនិច្ឆ័យអីញ្ចឹងទៅ! លោកឯងឃើញគេធ្វើអីអត់? លោកឯងមានភ្នែកដែរ ខ្ញុំមានភ្នែកដែរ! ឃើញថាម៉េច និយាយអញ្ចឹងទៅ!»។
ក្រុមអតីតអ្នករស់នៅតំបន់បុរីកីឡាប្រមាណជាង១០០នាក់ បានមកដាក់ញត្តិសារជាថ្មីដល់សាលាក្រុងភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋចំនួន៨នាក់ ដែលបានចាប់ខ្លួនកន្លងទៅនេះ។
ប្រជាពលរដ្ឋបាននិយាយថា ញត្តិដែលបានដាក់ជូនទៅសាលាក្រុងកាលពីលើកមុន មិនមានការឆ្លើយតប និងអើពើពីមន្ត្រីសាលាក្រុងភ្នំពេញទេ។
ពួកគេបានស្រែកអំពាវនាវដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនឱ្យធ្វើអន្តរាគមន៍ក្នុងរឿងនេះ៖
«សព្វថ្ងៃហ្នឹងពួកខ្ញុំវេទនាណាស់! គ្មានទីជម្រកអីទាំងអស់! មានតែម្រាមដៃដប់ សូមអំពាវនាវឲ្យសម្តេចជួយ»។
កាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ អ្នកភូមិបុរីកីឡា ត្រូវបានអាជ្ញាធរខ្មែរបណ្តេញចេញដោយបង្ខំលាយឡំជាមួយនឹងការប្រើប្រាស់អំពើហិង្សាយ៉ាងបំពាបំពាន។ ហើយក្រោយមកយ៉ាងតិចមានប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបានរាយការណ៍មកថា ត្រូវបានចាប់យកទៅឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារប៉េស្ស៊ី ក្រោមបទចោទប្រកាន់ថាជាប់ពាក់ព័ន្ធ និងការប្រើប្រាស់អំពើហិង្សា និងប្រឆាំងអ្នករាជការសាធារណៈ។
អ្នកភូមិបុរីកីឡា ក្រោយពីរងការបណ្តេញចេញដោយបង្ខំមានមួយចំនួនគ្មានទីជម្រក និងមួយចំនួនទៀតត្រូវបានដឹកជញ្ជូនយកទៅរស់នៅតំបន់ភ្នំបាតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល និងតំបន់ទួលសម្បូរណ៍ ក្នុងខណ្ឌដង្កោ ជាយក្រុងភ្នំពេញ៕