ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​បុរី​កីឡា​ប្តឹង​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច​ពីបទ​បំផ្លិច​បំផ្លាញ​ផ្ទះសម្បែង


អ្នក​ភូមិ​បុរីកីឡា​ប្រឈមមុខ​ដាក់​អាជ្ញាធរ​ដែល​បង្ខំឲ្យ​ពួកគេចាកចេញ​ពីលំនៅដ្ឋាន។
អ្នក​ភូមិ​បុរីកីឡា​ប្រឈមមុខ​ដាក់​អាជ្ញាធរ​ដែល​បង្ខំឲ្យ​ពួកគេចាកចេញ​ពីលំនៅដ្ឋាន។

អ្នក​ភូមិ​បុរីកីឡា​ច្រើន​រាប់រយ​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ បាន​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ នៅ​ថ្ងៃ​ពុធ​នេះ ​អំពី​ការ​បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​កាល​ពី​ដើម​ខែ​មករា​នេះ។

អ្នក​ភូមិ​បុរីកីឡា​ជាង​៣៨០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ ផ្ទះ​សម្បែង​ដោយ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា​ ខណៈ​ដែល​កងសន្តិសុខ​បាន​ឈូស​កម្ទេច​ផ្ទះសម្បែង​របស់​ពួក​គាត់។

ក្នុង​ពាក្យ​បណ្តឹង ​អ្នក​ភូមិ​បាន​ប្តឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​ពី​ការ​មិន​គោរព​កិច្ចសន្យា​ក្នុង​ការ​សាងសង់​អគារ​ឲ្យ​គ្រប់​ចំនួន​១០​ ដែល​មាន​កម្ពស់​៦​ជាន់​តាម​កិច្ច​ព្រមព្រៀង​ចុះ​ថ្ងៃ​ទី​៥ ​ខែ​មករា​ ឆ្នាំ​២០០៤​ និង​បាន​កម្ទេច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​ព្រមទាំង​សុំ​ឱ្យ​ដោះលែង​អ្នក​ភូមិ​ជាប់​ឃុំ​៧នាក់។

មន្រ្តី​រដ្ឋបាល​តុលាការ ​បាន​បញ្ជាក់​ថា​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​នេះ​ហើយ។ ​អ្នក​ភូមិ​បុរីកីឡា​បាន​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់ ​និង​ផ្តន្ទាទោស​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ដែល​បាន​រំលោភ​បំពាន​សិទិ្ធ​លំនៅដ្ឋាន។

អ្នកស្រី​ទឹម​ សាក់មុន្នី ​តំណាង​សហគមន៍​បុរីកីឡា ​បាន​ថ្លែង​ថា​អ្នកស្រី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផាន អ៊ីម៉ិច​សង​ការ​ខូចខាត​ផ្ទះសម្បែង ​និង​របស់​របរ​ប្រើប្រាស់​ដែល​មាន​តម្លៃ​ប្រមាណ​២.៥០០​ដុល្លារ​អាមេរិក។

«តាម​ពាក្យ​បណ្តឹង​ហ្នឹង​ យើង​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​សង​ថ្លៃ​ខូចខាត​ និង​សង​ថ្លៃ​ជំងឺ​ចិត្ត។ ​ខ្ញុំ​ថា​ឲ្យ​ក្រុមហ៊ុន​សង​ឲ្យ​សមរម្យ​ដោយ ​ពួក​ខ្ញុំ​ចាត់​ទុក​ហេតុការណ៍​នេះ​ថា​ជា​គ្រោះចង្រៃ​របស់​យើង​ទៅ​ចុះ។​ សង​ឲ្យ​សមរម្យ​ដើម្បី​ពួក​យើង​អាច​ទិញ​របស់​របរ​ប្រើប្រាស់​កំប៉ិច​កំប៉ុក​ខ្លះ។ ​បើ​សិន​ជា​គេ​បដិសេធ

មិន​ព្រម​សង ​អញ្ចឹង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រ​តោក​យ៉ាក​ និង​ខ្ចី​បុល​គេ​យក​មក​ទិញ​របស់​ប្រើប្រាស់»។

អ្នកស្រី​ទឹម ​សាក់មុន្នី​ បាន​បញ្ជាក់​ថា​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សម្រាប់​ផ្ទះ​នីមួយៗ​ក្នុង​ចំណោម​ផ្ទះ​៣៨៤ ​មាន​តម្លៃ​ចាប់​ពី​១.០០០​ដុល្លារ​អាមេរិក​ដល់​៤.០០០​ដុល្លារ​អាមេរិក។

អ្នកស្រី​អេង​ ថន​ អាយុ​៥១​ឆ្នាំ ​ជន​រងគ្រោះ​នៅ​សហគមន៍​បុរីកីឡា ​បាន​រៀបរាប់​ថា​ការ​ខូចខាត​ផ្ទះសម្បែង ​និង​របស់​របរ​ប្រើប្រាស់​របស់​អ្នកស្រី​ដោយសារ​ការ​ឈូសឆាយ ​មាន​តម្លៃ​ប្រហែល​ជា​១០០០​ដុល្លារ​អាមេរិក។

«ផ្ទះ​របស់​ខ្ញុំ ​ក្រុមហ៊ុន​ឈូសឆាយ​ខ្ទេចខ្ទី​អស់។ ​ចាន​ ឆ្នាំង ​គ្រែ ​មុង​ ភួយ ​និង​ខោអាវ​មិន​បាន​យក​ទេ។​ ខ្ញុំ​ចង់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ការ​ខូចខាត​ផ្ទះសម្បែង​ប្រហែល​១០០០​ដុល្លារ​អាមេរិក»។

អ្នកស្រី​បាន​លើក​ឡើង​ថា​បើ​ក្រុមហ៊ុន​មិន​សង​ការ​ខូចខាត ​តាម​ការ​ទាមទារ​នេះ​ទេ​ អ្នក​ភូមិ​បុរីកីឡា​នឹង​តស៊ូ​តាម​ផ្លូវ​ច្បាប់​រហូត​ដល់​ទទួល​បាន​ជោគជ័យ។

លោកស្រី​ ស៊ុយ ​ស៊ីផាន​ ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​ បាន​បញ្ជាក់​ថា​បើ​អ្នក​ភូមិ​បុរីកីឡា​ណា​មាន​ឯកសារ​គ្រប់គ្រាន់ ​លោកស្រី​នឹង​ផ្តល់​ដំណោះស្រាយ​ជូន​ ប៉ុន្តែ​បើ​គ្មាន​ឯកសារ​ទេ ​លោកស្រី​នឹង​ផ្តល់​ដី​នៅ​ភ្នំបាត ​និង​ទួលសម្បូរណ៍ ​ហើយ​គ្រួសារ​ដែល​ចង់​ទៅ​រស់​ស្រុក​កំណើត​វិញ ​នឹង​ទទួល​បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ​អាមេរិក។

ក្រុម​អង្គការ​សិទិ្ធ​មនុស្ស​ក្នុង​ស្រុក ​និង​អន្តរជាតិ​បាន​ថ្កោលទោស​ចំពោះ​ការ​បណ្តេញ​អ្នក​ភូមិ​បុរីកីឡា​នេះ។​ ក្រុម​អង្គការ​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ​រួម​មាន​ Amnesty International ​និង​ Human Rights Watch​ បាន​អំពាវនាវ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​បញ្ចប់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​ឲ្យ​ដោះលែង​អ្នក​ភូមិ​បុរី​កីឡា​៧​នាក់​ ដែល​កំពុង​ជាប់​ឃុំ ​បន្ទាប់​ពី​ការ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ ហើយ​បាន​ប្រែក្លាយ​ទៅ​ជា​អំពើ​ហិង្សា៕

XS
SM
MD
LG