នៅពេលដែលព័ត៌មាននានា បានផ្សាយអំពីការចាប់រំលោភផ្លូវភេទក្នុងសម័យបច្ចុប្បន្ន ការរំលោភទាំងនេះមិនត្រូវបានឮទេនៅក្នុងរបបកុម្មុយនីស្ដបែបម៉ៅនិយមរបស់ពួកខ្មែរក្រហមនោះ។ វាជារបបមួយដែលត្រូវបានអះអាងថា អំពើអសីលធម៌ផ្លូវភេទនឹងត្រូវផ្ដន្ទាទោសធ្ងន់ធ្ងរបំផុតរហូតដល់សម្លាប់ចោល។
ការរំលោភផ្លូវភេទក្នុងរបបខ្មែរក្រហមបានកប់ជ្រៅក្នុងភាពសម្ងាត់អស់រយៈពេលបីទសវត្សរ៍មកហើយ។ ប៉ុន្ដែសៀវភៅដែលមានចំណងជើងថា «អាថ៌កំបាំងនៃហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម» អាចក្លាយជាភ័ស្ដុតាងមួយដែលបំបែកអតីតកាលនោះ។
សៀវភៅនេះទើបនឹងបោះពុម្ពផ្សាយកាលពីខែមិថុនា ឆ្នាំ២០១១ ដោយអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបន្ទាប់ពីស្រាវជ្រាវអស់រយៈពេលពីឆ្នាំ។ សៀវភៅកម្រាស់៦២ទំព័របានស្រង់សម្តីសាក្សីចំនួន១៨នាក់ដែលបានឃើញសាច់ញាតិរបស់ខ្លួនត្រូវពួកខ្មែរក្រហមចាប់រំលោភ ឬឃើញស្ដ្រីដទៃត្រូវពួកនោះចាប់រំលោភ និងអ្នកដែលបានរងការរំលោភផ្លូវភេទនេះដោយខ្លួនឯងផ្ទាល់។ ជនរងគ្រោះទាំងនោះកំពុងរស់នៅក្នុងរាជធានី និងខេត្តចំនួន១១គឺក្រុងភ្នំពេញ ពោធិ៍សាត់ បាត់ដំបង កោះកុង កំពង់ស្ពឺ តាកែវ កំពត កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។
នេត សាវឿន ជាស្ដ្រីអភ័ព្ទម្នាក់ ដែលត្រូវស្រង់សម្តីក្នុងសៀវភៅនោះ។ អ្នកស្រុកស្វាយទៀប ខេត្តស្វាយរៀងរូបនេះត្រូវបានជម្លៀសចេញទៅកាន់ខេត្តពោធិ៍សាត់។ នៅចុងឆ្នាំ១៩៧៨ គាត់មានអាយុ ប្រហែល២២ឆ្នាំ ហើយត្រូវពួកខ្មែរក្រហមនាំខ្លួនជាមួយស្ដ្រី២៩នាក់ផ្សេងទៀត យកទៅ
សម្លាប់ចោល។ អ្នកស្រីនេត សាវឿន រៀបរាប់ថា ស្រ្ដីដែលមានរូបរាងស្អាត ក្នុងចំណោមនោះសុទ្ធតែត្រូវបានរំលោភ រួចទើបវាយសម្លាប់ចោលនឹងផ្លែពូថៅ។ លុះដល់ពាក់កណ្ដាលអាធ្រាតទើបដល់វេនរូបគាត់ត្រូវយកទៅសម្លាប់។ អ្នកស្រី សាវឿន បញ្ជាក់ថា ឃាតករខ្មែរក្រហមចំនួនពីរនាក់ បានចាប់រំលោភគាត់ទាំងដៃរបស់គាត់ជាប់ចំណង។ បន្ទាប់មករូបគាត់ត្រូវពួកខ្មែរក្រហមកាប់ក្បាលចំនួនបីពូថៅដើម្បីសម្លាប់ចោល ហើយពួកគេក៏បានចាកចេញទៅ។ លុះជិតភ្លឺគាត់បានដឹងខ្លួនឡើងវិញ។ ខ្លួនរបស់គាត់អាក្រាត គ្មានសម្លៀកបំពាក់ និងប្រឡាក់ដោយឈាមពាសពេញ។ នៅជុំវិញខ្លួនគាត់គឺសុទ្ធសឹងជាសាកសពស្ដ្រី ដែលនាំយកទៅសម្លាប់ជាមួយគាត់។
លោក ដូង សាវ៉ន មេធាវីមួយរូបរបស់អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងអ្នកនិពន្ធសៀវភៅ "អាថ៌កំបាំងនៃហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម" បានរៀបរាប់ថា ការរៀបរៀងសៀវភៅនេះឡើងគឺដើម្បីលាតត្រដាងការខ្វះចន្លោះមួយ ដែលគេមិនបានរំលឹកដល់។
«នៅក្នុងសម័យខ្មែរក្រហមហ្នឹងមានមនុស្សតិចតួចណាស់ដែលបាននិយាយ ឬក៏ដឹងរឿងហ្នឹង។ ជនរងគ្រោះខ្លួនឯងក៏មិនមានឱកាសនិយាយចេញមកសម្រាប់សាធារណជនបានដឹងដែរ។ ដូច្នេះយើងចងក្រងសៀវភៅនេះឡើងសម្រាប់ប្រយោជន៍មនុស្សទូទៅ និងក្មេងជំនាន់ក្រោយបានដឹងពីរឿងហិង្សាផ្លូវភេទនេះ»។
សៀវភៅនេះត្រូវបានចេញផ្សាយក្រោយពីបិទបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿង០០២ ដ៏មានសារៈសំខាន់ ហើយមានជនជាប់ចោទជាមេដឹកនាំកំពូលខ្មែរក្រហម ដែលក្នុងនោះរួមមាន នួន ជា ខៀង សំផន អៀង សារី និងអៀង ធីរិទ្ធ។
យោងតាមសៀវភៅដដែលនេះ ការរំលោភផ្លូវភេទបានចាប់ផ្ដើមចាប់តាំងពីឆ្នាំ១៩៧៧ ហើយវាបន្ដរហូតដល់ខែមករា ឆ្នាំ១៩៧៩។ ស្រ្ដីខ្លះត្រូវគេប៉ុនប៉ងចាប់រំលោភសេពសន្ធវៈ រួចទើបសម្លាប់ចោល ខ្លះទៀតត្រូវរំលោភក្នុងពេលយកទៅសម្លាប់ និងមួយចំនួនទៀតទទួលរងការរំលោភផ្លូវភេទម្ដងហើយម្ដងទៀត ក្នុងអំឡុងដែលគាត់រស់នៅក្នុងសម័យខ្មែរក្រហម។
អ្នកស្រី លាង កន អាយុ៥៩ឆ្នាំដែលពេលនោះរស់នៅស្រុកដំណាក់ចង្អើរ ខេត្តកំពត បានទទួលរងអំពើហិង្សាបែបនេះនៅខែមករា ឆ្នាំ១៩៧៩។ ពេលព្រលប់មួយមានកងឈ្លបម្នាក់អាយុប្រហែលជា១៥ឆ្នាំ បានមកហៅគាត់ឲ្យទៅជួបមេរបស់គេ ហើយក្រោយមកគាត់ត្រូវពួកឈ្លបខ្មែរក្រហមចាប់សម្រាតខោអាវ និងរំលោភនៅក្នុងព្រៃ ដោយពួកឈ្លបក្មេងៗជាអ្នកចាប់ដៃ និងជើងរបស់គាត់។ នៅពេលនោះគាត់អាយុ២៦ឆ្នាំ ហើយគាត់បានទទួលរងការវាយដំយ៉ាងខ្លាំងនៅពេលដែលរូបគាត់បានព្យាយាមរើបម្រះ។ ពួកឈ្លបចំនួនបីនាក់ ដែលមានមាឌធំៗ អាយុប្រហែល៣០ឆ្នាំ បានចាប់រំលោភ គាត់រហូតដល់គាត់សន្លប់។ ជាអកុសលមួយថ្ងៃមុនថ្ងៃរំដោះគឺនៅថ្ងៃទី៦ ខែមករា អ្នកស្រី លាង កន ទទួលរងការរំលោភយ៉ាងព្រៃផ្សៃ ដោយកងឈ្លបពួកខ្មែរក្រហមចំនួនបីនាក់រហូតដល់សន្លប់ម្ដងទៀត។ របៀបរំលោភប្រព្រឹត្តិទៅដូចមុនដែរ។ ពួកកងឈ្លបចាប់ហែកអាវរបស់គាត់ និងសម្រាតខោ និងមួយចំនួនចាប់ដៃគាត់ និងសង្កត់ជើងរបស់គាត់។ ពេលនោះពួកខ្មែរក្រហមក៏បាននាំស្ដ្រីចំនួនបីនាក់ទៀតទៅជាមួយគាត់ដែរ ប៉ុន្ដែគាត់មិនបានដឹងថា ស្ដ្រីបីនាក់ទៀតនឹងជួបប្រទះរឿងអ្វីនោះទេ។ អ្នកស្រី លាង កន បច្ចុប្បន្នរស់នៅខេត្តកោះកុង។
ប៉ុន្ដែរឿងអាស្រូវនេះ ក្រៅពីរូបជនល្មើស និងជនរងគ្រោះផ្ទាល់ គ្មានអ្នកណាបានដឹងទេពីមុនមក។ ការលាក់រឿងនេះទុកហាក់ដូចជាធ្វើឲ្យគេមើលមិនឃើញថា ពួកកម្មាភិបាលខ្មែរក្រហមបានរំលោភលើគោលការណ៍ដ៏ផ្ដាច់ការរបស់ពួកគេ។
អ្នកនិពន្ធសៀវភៅ «អាថ៌កំបាំងនៃហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម» លោក ដួង សាវន លើកឡើងថា ការរំលោភសេពសន្ធវៈគឺជារឿងដែលពិបាកហ្នឹងនិយាយចេញមកសម្រាប់ជនរងគ្រោះក្នុងសង្គមខ្មែរ។
«រឿងហិង្សាផ្លូវភេទមិនសូវមានអ្នកណានិយាយ ហើយជនរងគ្រោះខ្លួនឯង ពិបាកហ្នឹងនិយាយចេញការខ្មាសអៀនជារឿងមួយ ហើយការឈឺចាប់ក៏ជារឿងមួយដែរ។ ហើយគាត់ឈឺចាប់ផ្លូវកាយ ផ្លូវចិត្តដែលនៅជាមួយពួកគាត់ជានិច្ច។ តាមការស្រាវជ្រាវអំពើហិង្សានេះមានស្ទើរគ្រប់ខេត្តក្រុងទាំងអស់»។
អំពើហិង្សាផ្លូវភេទបែបនេះមិនស្ថិតក្នុងចំណាត់ការរបស់សាលាក្ដីខ្មែរក្រហមទេ។ ក្រុមចៅក្រមស៊ើបអង្កេតធ្លាប់បានបង្ហាញថា ការរំលោភផ្លូវភេទមិនមែនជាគោលនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យទេ។
ក្រុមអង្គការសង្គមស៊ីវិល ធ្លាប់បានជំរុញឲ្យសាលាក្ដីខ្មែរក្រហមចាត់ទុកថា ការរំលោភផ្លូវភេទគឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយ ដែលប្រព្រឹត្តិឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។ ក្រុមអង្គការបានបន្ទោសថា សាលាក្ដីខ្មែរក្រហមបានខកខានក្នុងការស៊ើបអង្កេតករណីនេះ ក្នុងសំណុំរឿង០០១ ករណីឌុច។ ផ្ទុយទៅវិញការរំលោភផ្លូវភេទបានកើតមានឡើងក្នុងមន្ទីរឃុំឃាំងនោះ ដែលមានអ្នកទោសយ៉ាងតិច១២.៣៨០ ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ចោល។
អ្នកស្រី ណាំ ម៉ុន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តកំពង់ចាមគឺជាបុគ្គលិកចែកថ្នាំពេទ្យនៅមន្ទីរស២១ ហើយក្រោយមកគាត់បានក្លាយជាអ្នកទោសនៅទីនោះដែរ។ ម្ដាយឪពុក និងបងប្រុសរបស់គាត់ពីរនាក់ត្រូវសម្លាប់ក្នុងគុកទួលស្លែងនេះ។ គាត់ត្រូវសន្ដិសុខម្នាក់ដែលជាមនុស្សជំនិតរបស់ឌុច ប្រធានគុកទួលស្លែងចាប់រំលោភក្នុងបន្ទប់ឃុំឃាំងទាំងជើងម្ខាងរបស់គាត់ជាប់ខ្នោះ។ នៅពេលនោះគាត់អាយុ១៧ឆ្នាំ។ ជនប្រព្រឹត្តិបទល្មើសបានចូលក្នុងបន្ទប់ឃុំឃាំងនៅពេលយប់មួយម៉ោងប្រមាណជា៦ល្ងាច ហើយបានបញ្ជាឲ្យគាត់ដេកផ្ងា និងបន្ទាប់មកជននោះ ដែលមានអាយុប្រហាក់ប្រហែលរូបគាត់ដែរបានដោះខោអាវរបស់គាត់រួចក៏ចាប់ផ្ដើមរំលោភ។ អ្នកស្រី ណាំ ម៉ុន គឺជាសាក្សីម្នាក់ក្នុងសំណុំរឿង០០១ ករណី ឌុច។ គាត់បានជួបជាមួយអ្នករំលោភគាត់ម្ដងទៀតនៅពេលគាត់ផ្ដល់សក្ខីកម្មដល់សាលាក្ដីខ្មែរក្រហមនៅឆ្នាំ២០០៨។ ប៉ុន្ដែជនរូបនោះអះអាងថា មិនចំណាំរូបគាត់នោះទេ។
អ្នកស្រាវជ្រាវជនជាតិជប៉ុន លោកស្រី ណាកាវ៉ា កាស៊ូមិ ( Nakawa Kasumi) បានបង្ហាញក្នុងរបាយការណ៍នៅឆ្នាំ២០០៩ ថា យ៉ាងហោចណាស់មានស្ដ្រីកម្ពុជាចំនួន២សែននាក់ត្រូវបានបង្ខំឲ្យរៀបការនៅក្នុងសម័យខ្មែរក្រហម។ ហើយមានការរំលោភផ្លូវភេទជាក្រុម និងការបង្ខំឲ្យរួមភេទក្រោយពីការរៀបការដោយបង្ខំ។
សៀវភៅ «អាថ៌កំបាំងនៃហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម» ក៏បានបង្ហាញការបង្ខំឲ្យរៀបការនៅមន្ទីរឃុំឃាំងចំនួនពីរគូដែរ។ គូស្វាមីភរិយាទាំងនោះត្រូវបង្ខំឲ្យរួមភេទ។ សៀវភៅក៏បានបង្ហាញពីការប៉ុនប៉ងរំលោភលើប្រជាពលរដ្ឋខ្មែរអ៊ីស្លាមផងដែរ។ ជនរងគ្រោះម្នាក់ៗក្នុងសៀវភៅបានរំលឹកការឈឺចាប់ និងភាពធូរស្បើយក្នុងអារម្មណ៍នៅពេលដែលពួកគាត់បានរំលឹកអនុស្សាវរីយ៍ នៃសុបិន្ដអាក្រក់ទាំងនោះ។
ប៉ុន្ដែលោក ដួង សាវន ហាក់ដូចជាខកចិត្តនៅពេលដែលតុលាការមិនទទួលយកបណ្ដឹងរបស់ជនរងគ្រោះក្នុងបទរំលោភនេះ។
«យើងមានជនរងគ្រោះដាក់ពាក្យបណ្ដឹងពីការរំលោភនេះ ចូលក្នុងសាលាក្ដី (ខ្មែរក្រហម) ដែរ ក៏ប៉ុន្ដែសាលាក្ដីមិនបានចោទប្រកាន់លើមេដឹកនាំជាន់ខ្ពស់ទាក់ទង នឹងការរំលោភនោះទេ។ មានតែការបង្ខំឲ្យរៀបការប៉ុណ្ណោះទេ ដែលសាលាក្ដីនេះយកមកពិចារណា។ ដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ជនរងគ្រោះដែរ»។
ទោះជាយ៉ាងណាលោកនេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមអះអាង ការរំលោភសេពសន្ធវៈ ស្ថិតក្នុងចង្កោមនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែរ ហើយតុលាការទំនងជាអាចពិចារណាជាមួយនឹងបទចោទ ដែលទាក់ទងនឹងការបង្ខំឲ្យរៀបការ។
ក្រុមស្ដ្រីរងគ្រោះពីការរំលោភបែបនេះចំនួនបីនាក់ និងបុរសម្នាក់ ដែលបានឃើញពួកខ្មែរក្រហមចាប់បងស្រីរបស់គាត់រំលោភ និងធ្វើទារុណកម្មផ្ទាល់នឹងភ្នែក ជនរងគ្រោះទាំងនេះនឹងជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃទី៧ និងទី៨ ខែធ្នូនេះ ក្នុងទីក្រុងភ្នំពេញដើម្បីបង្ហាញពីបទពិសោធន៍ជូរចត់ដែលពួកគេបានជួបប្រទះ៕