ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​បឹង​កក់​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ឲ្យ​ដោះលែង​ពីការហៅ​តំណាង​សហគមន៍​ចូល​បំភ្លឺ


ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ធ្វើការ​តវ៉ា
ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ធ្វើការ​តវ៉ា

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ឲ្យ​ចំនួន​ប្រាំមួយ​នាក់​ឲ្យ​ចូល​បំភ្លឺ ​ក៏ប៉ុន្ដែ​បាន​លើក​ពេល​ការ​សួរដេញដោល​ពួក​គេ​វិញ ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​យ៉ាង​រ៉ាំរ៉ៃ​នេះ​ប្រមាណ​២០០​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​តុលាការ។

ការ​កោះហៅ​នេះ​ដោយ​យោង​តាម​បណ្ដឹងពី​បទ​បរិហារកេរ្តិ៍ ​និង​ជេរ​ប្រមាថ​របស់​អ្នកស្រី ​លី ​មុំ ​អតីតតំណាង​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ម្នាក់​ ដែល​ត្រូវ​ក្រុម​អ្នក​តវ៉ា​ដក​ការ​ទុកចិត្ត​ហើយ​ក៏​ធ្វើ​ឡើង​ដំណាល​គ្នានឹងយុទ្ធការ​តវ៉ា​រក​ដំណោះ​ស្រាយ​បញ្ចប់​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៩៤​គ្រួសារ ​របស់​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បដិសេធ​ផ្តល់​ចំណែក​ដី​តាម​ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន​ សែន។ ​ការ​តវ៉ា​រយៈ​ពេល​មួយ​សប្ដាហ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ចាប់​ផ្តើម​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ​ខែ​មេសា ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៦ ​ខែ​ឧសភា​នេះ។

នៅ​ក្នុង​លិខិត​មួយ​ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​កោះហៅ​ទាំង​នេះ ​លោក​ព្រះរាជអាជ្ញារង​សុខ ​រឿន ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​គ្រាន់តែ​បាន​បញ្ជាក់​ថា ​ការ​សាកសួរ​នឹង​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​ ដោយ​មិន​បាន​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ពេល​ក្រោយ​នោះ​ទេ។

អ្នកស្រី ​ទេព ​វណ្ណី ​តំណាង​ម្នាក់​ក្នុង​ចំណោម​តំណាង​ប្រជាពលរដ្ឋ​ទាំង​ប្រាំមួយ​ដែល​ត្រូវ​កោះហៅ​នោះ ​បាន​ជំរុញ​ឲ្យ​តុលាការ​ដោះស្រាយ​បញ្ហា​របស់​ពួក​ខ្លួន​ឲ្យ​បាន​ឆាប់។

«ពួក​ខ្ញុំ​ចង់​ប្រាប់​តុលាការ​ថា ​ពួកខ្ញុំ​មិន​ចង់​ឲ្យ​តុលាការ​លើក​ពេល​ទៀត​ទេ​ ពីព្រោះ​ពួក​ខ្ញុំ​ឈឺ​ចាប់​ណាស់​ពី​រឿង​អភិវឌ្ឃ​បឹងកក់​ហ្នឹង។ បើ​តុលាការ​កាត់ទោស​ពួក​ខ្ញុំ​ ត្រូវ​ជាប់​គុក​ ឬ​សម្លាប់​ចោល​ក៏​សម្លាប់​ទៅ»។

ក្រុម​អ្នក​តវ៉ា​បាន​ច្រៀងចំ​រៀង​ពី​ការ​រើសអើង ​ភាព​ជា​ទាសករ​ និង​ពី​កា​រគោរព​សិទ្ធិ​មនុស្ស។ ពួក​គេ​បាន​បាច​ក្រដាស​ជា​ប្រាក់​ដុល្លារ​ក្រាល​ពេញ​ដី ​នៅ​ខាង​មុខ​ផ្លូវ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ទំនង​ជា​ធ្វើ​ការ​រិះគន់​ពី​ភាព​ពុក​រលួយ។

ក្រុម​ប៉ូលីស​ប្រឆាំង​បាតុកម្ម​ជា​ច្រើន​ប្រដាប់​ដោយ​ខែល​ត្រូវ​បាន​ដាក់​ពង្រាយ ​ប៉ុន្តែ​មិនមាន​អំពើ​ហិង្សា​ណា​មួយ​កើតឡើង​នោះ​ទេ​មុន​នឹង​ក្រុម​អ្នក​តវ៉ា​បាន​ដក​ថយ​ទៅ​វិញ។

លោក ​អំ ​សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ដែល​តាម​ឃ្លាំ​មើល​ព្រឹត្តិការណ៍​នោះ​បាន​អំពាវនាវ​ឲ្យ​ក្រុម​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​វិបត្តិ​នៅ​បឹងកក់​ឲ្យ​បាន​ឆាប់។

«យើង​ទទូច​ហើយ​ទទូច​ទៀត​ថា ដើម្បី​បញ្ចប់​គឺ​ត្រូវ​ដោះ​រឿង​ហ្នឹង​ឲ្យ​បាន​ចប់»។

លោក ​កើត ​ឆែ ​នាយករងរដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ដំណោះស្រាយ​ដែល​នៅ​សេសសល់​ជុំវិញ​ទំនាស់​ជាមួយ​សហគម​បឹងកក់​នេះ​ទេ។

រដ្ឋាភិបាល​បាន​ផ្តល់​ដី​សរុប​ចំនួន​១៣៣​ហិកតា​ នៃ​សហគមន៍​បឹងកក់​ដល់​ក្រុមហ៊ុន​ស៊ូកាគូ អ៊ីន ​របស់​លោក​ឧកញ៉ា ​ឡាវ ​ម៉េងឃីន ​ព្រឹទ្ធសភា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​ដើម្បី​អភិវឌ្ឈ​សំណង់​ទំនើប​ និង​មណ្ឌល​ពាណិជ្ជកម្ម​សម្រាប់​រយៈពេល​៩៩ឆ្នាំ។

ប្រជាពលរដ្ឋ​ចំនួន​ជាង ៤.០០០គ្រួសារ​ ត្រូវ​បាន​បណ្ដេញ​ចេញ​ប្រកប​ដោយ​ហិង្សា។ ​ធនាគារ​ពិភពលោក​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​វិបត្តិ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ។ ​ក្រោយ​មក​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន ​បាន​សម្រេច​កាត់ដី​ចំនួន​ជាង​១២ ​ហិកតា​ សម្រាប់​ធ្វើ​ការ​បែងចែក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ជាង​៧០០​គ្រួសារ។ ក៏ប៉ុន្ដែ​ប្រជាពលរដ្ឋ​៩៤​គ្រួសារ​ ក្នុង​ចំណោម​នោះ​ត្រូវ​បាន​អាជ្ញាធរ​សាលារាជធានី​ភ្នំពេញ​បដិសេធ​មិន​ផ្តល់​ចំណែក​ដី​ដោយ​ចោទ​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​លើ​ចំណី​ដី​របស់​ក្រុមហ៊ុន។ ប៉ុន្ដែ​ក្រុម​ប្រជាជន​បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG