អ្នកភូមិបឹងកក់ និងប្រជាពលរដ្ឋសហគមន៍ន៍បុរីកីឡាសរុបប្រមាណជា ២០០នាក់ បានធ្វើការតវ៉ានៅព្រឹកថ្ងៃចន្ទនេះ នៅមុខរដ្ឋសភាជាតិក្រុងភ្នំពេញដើម្បីស្វែងរកអន្តរាគមន៍ពីប្រធានសភាជាតិលោក ហេង សំរិន ឲ្យមានការដោះលែងសមាជិកសហគមន៍បឹងកក់ចំនួន១៥នាក់។
ក្រុមអ្នកតវ៉ាបានដើរចម្ងាយប្រមាណ ១០០ម៉ែត្រ ពីកន្លែងប្រមូលផ្តុំឆ្ពោះទៅកាន់មុខមន្ទីររដ្ឋសភាដៃកាន់បដាពណ៌ខៀវមានសរសេរអក្សរបញ្ឈប់អំពើហិង្សា ទាមទារឲ្យដោះលែងសមាជិកសហគមន៍ពួកគេ និងខ្លះទៀតដៃកាន់ផ្កាឈូកពណ៌ក្រហម ស ជាបាច់តូចៗ ដោយមានបិទបន្ទះក្រដាសតូចមួយសរសេរជាសារស្នើឲ្យមានការដោះលែងជនទាំង១៥នាក់នេះដែរ។ ពួកគេបានហៅការទាមទារនៅថ្ងៃនេះ គឺជាយុទ្ធនាការតវ៉ាដែលនឹងឈានទៅរកធ្វើការតវ៉ា នៅទូទាំងប្រទេសដើម្បីបញ្ចប់ការប្រើអំពើហិង្សាលើក្រុមប្រជាពលរដ្ឋ និងដោះលែងអ្នកភូមិបឹងកក់។
ប្រជាពលរដ្ឋទាំង១៥នាក់ ក្នុងនោះមានបុរសម្នាក់ ត្រូវចាប់ខ្លួនយ៉ាងហិង្សាដោយអាជ្ញាធរនគរបាលរាជធានីភ្នំពេញ ហើយត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស១៣នាក់ក្នុងចំណោមនោះឲ្យជាប់ពន្ធនាគារម្នាក់ចំនួនពីរឆ្នាំប្រាំមួយខែ និងពីរនាក់ទៀតត្រូវឃុំខ្លួនបណ្ដោះអាសន្ន។
នៅក្នុងញ្ញត្តិមួយដោយមានការផ្តិតមេដៃផង ក្រុមអ្នកតវ៉ាបានរៀបរាប់ពីប្រវត្តិនៃជម្លោះដីធ្លីក្នុងសហគមន៍បឹងកក់ ហើយបានស្នើលោក ហេង សំរិន ឲ្យជួយពិនិត្យករណីជម្លោះនេះ និងជួយអន្តរាគមឲ្យមានការដោះលែងសមាជិកសហគមន៍បឹងកក់ទាំង១៥នាក់ ដោយបញ្ជាក់ថាការចាប់ខ្លួនប្រជាពលរដ្ឋទាំងនេះកើតចេញទំនាស់ដីធ្លី «សុទ្ធសាធ» ហើយថាអាជ្ញាធរសាលារាជធានីភ្នំពេញមិនគួរចាប់ខ្លួនក្រុមអ្នកភូមិដាក់គុកនោះឡើយ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មិនអាចទាក់ទងបានទេ ដោយសារតែលោកមិនលើកទូរស័ព្ទ។ រីឯលោក ប៉ែន បញ្ញា ប្រធានគណកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹងរបស់រដ្ឋសភាដែលជាគណៈកម្មការទទួលញ្ញត្តិរបស់ប្រជាពលរដ្ឋបឹងកក់ និងសហគមន៍បុរីកីឡា កាលពីព្រឹកមិញ លោកប៉ែន បញ្ញា បានផ្តាច់ទូរសព្ទទៅវិញ បន្ទាប់ពីបានទទួលទូរសព្ទវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាបានបន្តិច។
យ៉ាងណាក៏ដោយស្រ្តីតំណាងក្រុមប្រជាពលរដ្ឋដែលបានយកញ្ញត្តិទៅដាក់គណៈកម្មការរបស់
លោកប៉ែន បញ្ញា នោះបានស្រង់សម្តីមន្ដ្រីមួយរូបថា គណៈកម្មការនេះនឹងជូនដំណឹងមកក្រុមប្រជាពលរដ្ឋវិញនៅសប្ដាហ៍ក្រោយ។
«រឿងហ្នឹងគឺពាក់ព័ន្ធទៅដល់ក្រសួងយុត្តិធម៌។ អញ្ចឹងគាត់ថា គាត់ហ្នឹងជួយឲ្យដំណឹងយើងក្នុងរយៈពេលមួយអាទិត្យទៀត។ ខ្ញុំក៏សូមអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន លោកជុំទាវប៊ុនរ៉ានី។ កាលពីសម័យប៉ុលពត ក៏លោកជំទាវធ្លាប់បែកបាក់ព្រាត់កូន ព្រាត់ប្តីជាទីស្រឡាញ់ដែរ។ លោជំទាវប្រាកដជាយល់នូវការឈឺចាប់នូវការបែកបាក់»។
លោក ហេង សំអ៊ន អគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រសាសន៍ថា ក្រុមប្រជាពលរដ្ឋ និងសមាគមរបស់លោកនឹងធ្វើការតវ៉ាតទៅទៀត ប្រសិនបើមិនមានការដោះលែងអ្នកភូមិបឹងកក់នោះទេ។
«ចាប់ពីថ្ងៃនេះទៅយើងនឹងបន្តរហូត ហើយវានឹងកាន់តែធំទៅៗ រហូតដល់មានការដោះលែងអ្នកបឹងកក់ទាំង១៥នាក់ ទើបយើងបញ្ចប់យុទ្ធនាការរបស់យើង»។
ដោយឡែកមន្ដ្រីខាងលើនេះបានប្រាប់ប្រជាពលរដ្ឋសហគមន៍បុរីកីឡាថា ពួកគេធ្វើញ្ញត្តិដដែលៗ ដូចមុនដែរ។
ក្រុមប្រជាពលរដ្ឋសហគមន៍បឹងកក់ និងបុរីកីឡាបានយកផ្កាឈូកដែលពួកគេកាន់នោះទៅដាក់ពីមុខខ្លោងទ្វារផ្លូវចូលរដ្ឋសភា។ នៅទីនោះហើយដែលលោក ដួង ឆឺត ប្រជាពលរដ្ឋអ្នកភូមិបឹងកក់បានកោរសក់ដើម្បីបួងសួងឲ្យមានការដោះលែងប្រជាពលរដ្ឋទាំង ១៥នាក់ មានការសូត្រធម៌សុំសិល្ប៍ប្រាំបន្ទាប់ពិធីកោរសក់នេះរួច។
ដើមហេតុនៃការចាប់ខ្លួនជនទាំង ១៥នាក់ ក្នុងនោះមានស្ដ្រីអ្នកតវ៉ាយ៉ាងសកម្មក្នុងសហគមន៍បឹងកក់ចំនួនបីនាក់យ៉ាងតិច បន្ទាប់ក្រុមអ្នកតវ៉ាជួយគាំទ្រដល់លោកដួង ឆឺត នេះ ក្នុងការប៉ុនប៉ងសាងសង់ផ្ទះរបស់គាត់ឡើងវិញលើដីរបស់គាត់ដែលត្រូវឈូសឆាយកម្ទេច។
លោក ដួង ឆឺត ថ្លែងដោយទឹកមុខស្លេកស្លាំង។
«បើខ្ញុំស្លាប់ទៅឲ្យបងប្អូនជួយមើលប្រពន្ធកូនខ្ញុំផង។ ខ្ងុំពិបាកណាស់ ខ្ញុំរស់ព្រឹកល្ងាចយប់ថ្ងៃ នឹកឃើញតែរឿងសម្លាប់ខ្លួន ព្រោះថារស់នៅវាវេទនាពេក»។
លោក អំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា សាលារាជធានីភ្នំពេញកំពុងដើរបញ្ច្រាសនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។
«សម្តេចនាយកធ្លាប់លើកឡើងហើយថា មិនឲ្យប្រជាពលរដ្ឋណាមួយជាប់ពន្ធនាគារដោយសារការតវ៉ារឿងដីធ្លីទេ។ ផ្ទុយទៅវិញសាលាក្រុងភ្នំពេញ កំពុងតែអនុវត្តផ្ទុយពីគោលការរបស់រាជរដ្ឋាភិបាល»។
លោកសុន ឆ័យ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញរបស់គណបក្សជំទាស់សម រង្ស៊ី មានវត្តមានក្នុងការតវ៉ារបស់អ្នកភូមិបឹងកក់នោះដែរ។ លោកបានថ្កោលទោសដល់ការផ្តន្ទាទោសលើអ្នកភូមិបឹងកក់ពីសំណាក់តុលាការក្រុងភ្នំពេញ។
ព្រះតេជគុណលួន សាវ៉ាត ដែលអាជ្ញាធរសង្ឃចាប់ខ្លួនបង្ខំឲ្យឈប់ចូលរួមសកម្មភាពតវ៉ារបស់ក្រុមប្រជាជនក៏បង្ហាញខ្លួនឡើងវិញដែរ។ ហើយព្រះតេជគុណមានសង្ឃដីកាដោយមិនខ្លាចការចាប់ឃាត់ខ្លួនព្រះអង្គជាថ្មីនោះទេ៕