អាជ្ញាធរប៉ូលិសរាជធានីភ្នំពេញនៅបន្តឃុំខ្លួនស្រី្តអ្នកតវ៉ាទំនាស់ដីធ្លីរបស់សហគមន៍បឹងកក់ទាំង១៣នាក់នៅឡើយមកទល់នឹងយប់ថ្ងៃពុធនេះ បើទោះបីជាមានការអំពាវនាវពីក្រុមអង្គការការពារសិទ្ធិមនុស្សឯករាជ្យសំខាន់ៗ ជាច្រើនក្នុងប្រទេសក៏ដោយ។ នេះបើយោងតាមក្រុមប្រជាពលរដ្ឋនៃសហគមន៍បឹងកក់ និងក្រុមមន្ដ្រីសិទ្ធិមនុស្ស។
អ្នកភូមិបឹងកក់ប្រមាណជាង៥០នាក់ បានទៅប្រមូលផ្តុំគ្នានៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ចាប់តាំងពីព្រឹករហូតដល់យប់ថ្ងៃនេះដោយជឿថា អ្នកដែលត្រូវចាប់ខ្លួននឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការចោទប្រកាន់។ ក៏ប៉ុន្ដែនគរបាលមិនបានបញ្ជូនអ្នកដែលត្រូវចាប់ខ្លួនទៅកាន់តុលាការនោះទេ។
កាលពីថ្ងៃអង្គារម្សិលមិញក្រុមនគរបាល កងរាជអាវុធហត្ថ និងកងសណ្ដាប់ធ្នាប់រាជធានីភ្នំពេញជាង១០០នាក់ប្រដាប់ដោយខែល ដំបងឆក់ និងគ្រាប់បែកផ្សែង បានឡោមព័ទ្ធប្រជាពលរដ្ឋអ្នកតវ៉ានៅសហគមន៍បឹងកក់ដែលមានគ្នាសរុបប្រមាណជា ៥០នាក់ និងបានបង្រ្កាបពួកគេយ៉ាងហិង្សា។ រួចបន្ទាប់មកក្រុមសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនក្រុមអ្នកតវ៉ាចំនួន១៣ ដោយសែង ដៃសែងជើងពួកគេរុញបញ្ចូលទៅក្នុងរថយន្តរបស់ប៉ូលិស។ មានប្រជាពលរដ្ឋចំនួនបីនាក់បានដួលសន្លប់ក្នុងព្រឹត្តិការណ៍នោះ។ ក្នុងចំណោមអ្នកចាប់ខ្លួនមានអ្នកស្រីទេព វន្នី ហេង មុំ និងអ្នកស្រីតុល ស្រីពៅ ដែលសុទ្ធសឹងជាអ្នកតវ៉ានាំមុខយ៉ាងក្លៀវក្លារបស់ប្រជាសហគមបឹងកក់។
សមាគមការពារសិទ្ធិមនុស្ស អាហុក ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះបានហៅការចាប់ឃុំខ្លួនស្រ្តីអ្នកតវ៉ានៅសហគមន៍បឹងកក់នោះថា ក្រុមអាជ្ញាធរបានធ្វើឲ្យស្ថានភាពជំលោះដីធ្លីនៅសហគមន៍បឹងកក់កាន់តែធ្ងន់ធ្ងរ។
សមាគមអាដហុកបានរំលឹកដល់រដ្ឋាភិបាលខ្មែរថា អាជ្ញាធរកម្ពុជាត្រូវស្ថិតនៅក្រោមកាតព្វកិច្ចការពារសិទ្ធិមានលំនៅដ្ឋានសមរម្យនៃប្រជាពលរដ្ឋរបស់ខ្លួន ដែលត្រូវការពារជាលក្ខណៈអន្ដរជាតិ។
អង្គការក្រៅរដ្ឋាភិបាលចំនួនបួន បានទាមទារភ្លាមៗ បន្ទាប់ពីការចាប់ខ្លួនស្ដ្រីអ្នកតវ៉ាទំនាស់ដីធ្លីទាំង១៣នាក់ ឲ្យអាជ្ញាធរក្រុងភ្នំពេញដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញដោយបានថ្កោលទោសការចាប់ខ្លួននោះ។
លោកឧត្តមសេនីត្រី ទូច ណារ៉ុថ ស្នងការប៉ូលិសរាជធានីភ្នំពេញមិនអាចធ្វើទំនាក់ទំនងដើម្បីស្នើការពន្យល់ណាមួយបានទេដោយសារតែលោកមិនលើកទូរសព្ទ។ រីឯមន្ដ្រីផ្លូវការសាលារាជធានីដទៃទៀតបដិសេធមិនផ្តល់សេចក្ដីអត្ថាធិប្បាយ។
លោកចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សរបស់អង្គការអាដហុកចាត់ទុកថា អាជ្ញាធរក្រុងភ្នំពេញកំពុងបិទបាំងព័ត៌មាននូវអំពើខុសច្បាប់របស់ខ្លួន។
«អាជ្ញាធរខ្លួនឯងធ្វើខុសមិនព្រមយកច្បាប់យកមកអនុវត្តន៍ទេ បែជាប្រើប្រាស់កម្លាំងប្រដាប់អាវុធចាប់ខ្លួនពួកគាត់និងឃុំខ្លួនរហូតដល់ពេលនេះ។ កាលណាធ្វើអំពើខុសច្បាប់ពួកគេតែងតែបិទបាំងពត៌មានអញ្ចឹងហើយ»។
ជាមួយគ្នានេះលោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានជំរុញឲ្យក្រុមអាជ្ញាធរដោះស្រាយទំនាស់ជាមួយក្រុមអ្នកភូមិបឹងកក់ប្រកបដោយតម្លាភាព។
ការចាប់ខ្លួនអ្នកភូមិបឹងកក់យកមកឃុំឃាំងនេះធ្វើឡើងស្របគ្នានឹងគណបក្សនយោបាយនានាកំពុងធ្វើការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ខែមិថុនា។
រដ្ឋាភិបាលបានផ្តល់ដីសរុបចំនួន១៣៣ហិចតានៃសហគមបឹងកក់ដល់ក្រុមហ៊ុនស៊ូកាគូ អ៊ីន របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដើម្បីអភិវឌ្ឈសំណង់ទំនើប និងមណ្ឌលពាណិជ្ជកម្មសម្រាប់រយៈពេល ៩៩ឆ្នាំ។
ប្រជាពលរដ្ឋចំនួនជាង ៤,០០០គ្រួសារ ត្រូវបានបណ្ដេញចេញប្រកបដោយភាពហិង្សា។ រហូតមកទល់ពេលនេះប្រជាពលរដ្ឋជាង៧០០ គ្រួសារទៀតមិនទាន់ទទួលបានការបែងចែកដីសមរម្យតាមការបញ្ជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្រោយពីមានគំនៀបរបស់ធនាគារពិភពលោកនោះទេ៕