ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​ត្រូវ​បាន​ទប់ស្កាត់​មិន​ឲ្យ​ដាក់​ញ្ញត្តិ​ជូន​នាយករដ្ឋមន្ត្រី


ពលរដ្ឋ​បឹងកក់​កាន់ផ្ទាំង​ក្រដាស​ពាក្យ​ស្លោក​ក្នុង​ពេល​តវ៉ា​មួយ​ដោយ​សុំឲ្យ​ព្រះមហាក្សត្រជួយ​ដោះលែង​អ្នក​ភូមិ​និង​ម្តាយ​របស់​ពួកគេនៅ​មុខ​ព្រះបរមរាជវាំងក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១១ មិថុនា ២០១២។ ពាក្យ​នៅ​លើបដា​អានថា៖ «ជួយ​ប្រជាជន​បឹងកក់​ផង ជួយផង!!!»
ពលរដ្ឋ​បឹងកក់​កាន់ផ្ទាំង​ក្រដាស​ពាក្យ​ស្លោក​ក្នុង​ពេល​តវ៉ា​មួយ​ដោយ​សុំឲ្យ​ព្រះមហាក្សត្រជួយ​ដោះលែង​អ្នក​ភូមិ​និង​ម្តាយ​របស់​ពួកគេនៅ​មុខ​ព្រះបរមរាជវាំងក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១១ មិថុនា ២០១២។ ពាក្យ​នៅ​លើបដា​អានថា៖ «ជួយ​ប្រជាជន​បឹងកក់​ផង ជួយផង!!!»

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន​រាប់រយនាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​រាំង​ខ្ទប់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ​និង​សហគមន៍​បុរីកីឡា​ដែល​ប៉ុនប៉ង​ដាក់​ញត្តិ​ដោយ​ផ្ទាល់​ដៃ​ ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។

ញត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ​និង​បុរីកីឡា​ដែល​គ្រោង​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន​ មាន​អត្ថន័យ​ស្រដែង​គ្នា​ ដែល​បាន​ដាក់​ជូន​ក្រសួងយុត្តិធម៌ ​រដ្ឋសភា ​ព្រះមហាក្សត្រ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អ៊ឺរ៉ុប​ផងដែរ​ គឺ​គោលបំណង​តែ​មួយ​គត់​សុំអន្តរាគមន៍​ដោះលែង​អ្នក​ភូមិ​ចំនួន​១៥​នាក់ ​ដែល​កំពុងជាប់ឃុំ ​និង​ផ្តល់​ចំនួន​១២​ហិចតា ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ធ្វើប្រទានកម្ម​ដល់​ប្រជាពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៥​នាក់ ​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​ឧសភា​ បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​រយៈពេល​ពីរ​ឆ្នាំ ​ប្រាំមួយ​ខែ ​បន្ទាប់​ពី​ពួក​គេ​ហ៊ានចេញ​មុខ​តវ៉ា​កាពារសិទ្ធិ​លំនៅដ្ឋាន។

បន្ទាប់​ពី​ធ្វើ​សន្និសីទ​ព័ត៌មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ​នៅ​ក្នុង​បរិវេណ​តំបន់បឹងកក់​ ក្រុម​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​តាម​ម៉ូតូកង់បី ​ដើម្បី​យកញត្តិ​ទៅ​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​។​ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​កម្លាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​រាំងខ្ទប់។

ក្រុម​ប្រជាពលរដ្ឋ​បានត្រឹមតែ​អង្គុយ​សំពះ​ស្រែក​តវ៉ា​ចង្ងាយ​ប្រមាណ​ប្រាំរយម៉ែត្រ​ ដើម្បី​ស្នើសុំ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដ៏​មាន​ឥទ្ធិពល​ជួយ​តែ​ប៉ុណ្ណោះ។

«កូនចៅចង់​បាន​សម្តេច​ជួយ! កូនចៅ​មាន​ទុក្ខ​ហើយ»។

លោកវីរៈសេនីយ៍ឯក ​ភួង​ ម៉ាល័យ ​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​បាន​បដិសេធ​មិន​បាន​ផ្តល់​បទ​សម្ភាស​ណាមួយ​ជាមួយ​នឹង​អ្នកយកព័ត៌មានអំពី​សកម្មភាព​សមត្ថកិច្ច​បានរាំងខ្ទប់​ប្រជាពលរដ្ឋ​នោះទេ។ ក្រុម​អ្នក​តវ៉ា​ហាក់បីដូច​ជា​មាន​ការភ័យខ្លាច​ការ​ចាប់​ខ្លួន​បន្តទៀត​ នៅពេល​ដែល​សមត្ថកិច្ច​បាន​យក​រថយន្ត​ខ្លុប​បិទជិត​របស់​ប៉ូលិស​ ដែល​ធ្លាប់ចាប់ពួក​គេ​មក​គំរាមគំហែង​នៅ​កន្លែង​តវ៉ា។

អ្នកស្រី​ប៊ូ ឆវី ​តំណាងប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​ខកចិត្ត​ បន្ទាប់​ពី​ខកខាន​មិន​បាន​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដោយ​ផ្ទាល់ដៃ។

«ខ្ញុំ​ទៅ​រក​អ្នក​ជួយ ឥត​មាន​រក​ដំណោះស្រាយ​ជូន​ពួក​ខ្ញុំ​ទេ។ មាន​តែ​ដាក់​កម្លាំង​មក​បង្រ្កាប​ពួកខ្ញុំ​ទៅ​វិញ។ ពួកខ្ញុំ​ទ្រាំយក​បានដែរ ​ឬ​ទេ។ ​ពួកខ្ញុំ​មក​ដាក់​កន្លែង​ហ្នឹង​ឥត​ដែល​បាន​ដំណោះស្រាយ​។​ ឥឡូវ​ពួក​ខ្ញុំ​ឥត​ដាក់​ទេ​។ ​ខ្ញុំ​ចង់​ទៅ​ដាក់​ ទៅ​ដល់​មុខ​ផ្ទះ​សម្តេច»។

មាន​មន្ត្រី​ខុទ្ធកាល័យ​មួយរូប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​មក​ទទួល​ញត្តិ​ដែរ​។​ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​បាន​ប្រគល់ជូន​ឲ្យ​មន្ត្រី​នោះ​ទេ​ ដោយសារ​តែ​ខ្លាច​បារម្ភ​មិន​បាន​ដល់ដៃ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។

លោក​គង់ ​ចំរើន​ លេខាផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា​លោក​មាន​បំណង​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​។ ​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​បាន​ដាក់​ញត្តិ​តាមរយៈ​គាត់​ទេ។

«អាហ្នឹង​ខ្ញុំ​មាន​នាទី​មក​ទទួល ​ហើយ​អ្នក​ចាត់ការ​ដំណោះស្រាយ​របស់​គាត់​ហ្នឹង ​អ្នក​ផ្សេង​។​ គ្រាន់​ខ្ញុំ​មក​ទទួល​របស់​គាត់​ដែល​គាត់​ដាក់​មក​។ ​ហើយ​ខ្ញុំ​នឹង​មើលតាម​ទម្រង់​ត្រឹមត្រូវ ​តើ​ខ្ញុំ​អាច​ទទួល​បាន ​ខ្ញុំ​នឹង​ទទួល​។ ​ទទួល​យក​ទៅ​ខាង​ក្នុង​ហ្នឹង ​មាន​អ្នក​បច្ចេកទេស​គេ​ចាត់ចែង​ទៀត»។

លោក​អំ ​សំអាត ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​បាន​បន្ទោសការរារាំង​របស់​សមត្ថកិច្ច​ថា​ គួរតែ​មាន​ការ​សម្របសម្រួល​ណាមួយ ​ដើម្បី​ជៀសវាង​នៅ​អំពើ​ហិង្សា។

«គឺធ្វើ​យ៉ាងណា​ឲ្យ​ការ​ដែល​ដាក់​ញត្តិ ​ឬក៏​ការពាំនាំ​នូវ​ពាក្យ​របស់​ប្រជាពលរដ្ឋ​បាន​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​គឺ​ជា​ការ​ល្អ»។

ខណៈដែល​អ្នក​ភូមិ​បឹងកក់​កំពុងតែ​ស្វះស្វែង​រកអន្តរាគមន៍​ឲ្យ​ដោះលែង​ពួកគេ​ដែល​បាន​កំពុង​ជាប់ឃុំ ​មន្ត្រី​សិទ្ធិមនុស្ស ​និង​អ្នក​ភូមិបឹងកក់​បាន​និយាយ​ថា​ចំនួន​អ្នក​ធ្វើ​កូដកម្ម​អត់អាហារ​កំពុង​ជាប់​ឃុំ ​មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នក​ភូមិបឹងកក់​បាន​និយាយ​ថា​ ចំនួន​អ្នក​ធ្វើ​កូដកម្ម​ឥតអាហារ​បានកើនឡើង​ដល់​៧​នាក់​ហើយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

បើ​តាម​ការបញ្ជាក់​របស់​អ្នក​ភូមិបឹងកក់​ និង​មន្ត្រីសិទ្ធិមនុស្ស​បាន​និយាយ​មាន​ចំនួន​បួន​នាក់​នៅ​ក្នុង​ចំណោម​ប្រាំពីរ​នាក់ ​ដែល​កំពុង​ធ្វើ​កូដកម្ម​ឥតអាហារ​ បាន​ប្រឈមមុខ​អស់កម្លាំង​យ៉ាងខ្លាំង​ ដោយសារ​តែ​ពួកគេ​បាន​អត់អាហារ​ដ៏​ច្រើន​ថ្ងៃ៕

XS
SM
MD
LG