ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បឹងកក់​បន្ត​យុទ្ធនាការ​តវ៉ា​


កុមារីអាយុ​១១ឆ្នាំ ពៅ សុគន្ធកញ្ញា មក​ពីតំបន់​បឹងកក់​យំនៅ​ពេល​ដែលនាង​ដើរ​តវ៉ា​សុំ​ឲ្យ​ព្រះមហាក្សត្រនរោត្តម​សីហមុនី ជួយ​ឲ្យ​ដោះលែង​អ្នក​ភូមិ នៅ​មុខ​ព្រះបរមរាជវាំង នៅថ្ងៃទី៣១ ឧសភា ២០១១។ អ្នកភូមិ​បឹងកក់ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ពេល​ដែល​ពួកគេ​នៅ​តែ​បន្តសាងសង់
កុមារីអាយុ​១១ឆ្នាំ ពៅ សុគន្ធកញ្ញា មក​ពីតំបន់​បឹងកក់​យំនៅ​ពេល​ដែលនាង​ដើរ​តវ៉ា​សុំ​ឲ្យ​ព្រះមហាក្សត្រនរោត្តម​សីហមុនី ជួយ​ឲ្យ​ដោះលែង​អ្នក​ភូមិ នៅ​មុខ​ព្រះបរមរាជវាំង នៅថ្ងៃទី៣១ ឧសភា ២០១១។ អ្នកភូមិ​បឹងកក់ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ពេល​ដែល​ពួកគេ​នៅ​តែ​បន្តសាងសង់

បន្ទាប់​ពី​អស់​សង្ឃឹម​ក្រោយ​ពី​បាត់បង់​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​បឹងកក់​មាន​បំណង​ធ្វើ​អត្តឃាត​និង​អំពាវនាវ​ឲ្យ​មន្ត្រី​ស្ថានទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា​ទទួល​យក​កូន​របស់​លោក​អាយុ​៦​ឆ្នាំ​ទៅ​ចិញ្ចឹម។

លោក ​ដួង ​ឆើត ​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ១​ដែល​ផ្ទះ​របស់​លោក​ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​ បាន​បូម​ពន្លិច​កាល​ពី​ឆ្នាំ​២០១០​ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ចំនួន​១៨​គ្រួសារ​ផ្សេង​ទៀត​បាន​និយាយ​ថា​ជីវិត​របស់​លោក​ចុង​ក្រោយ​គ្មាន​ន័យ​ទេ​ក្រោយ​ពី​បាន​បាត់បង់​ផ្ទះ​សម្បែង។​ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​រយៈ​ទូរស័ព្ទ​ដោយ​សំឡេង​ក្តុកក្តួល​ថា​លោក​ចង់​ធ្វើ​អត្តឃាត​ដោយ​ចង់​ឲ្យ​រដ្ឋាភិបាល​កែ​ខ្លួន​ពីព្រោះ​បច្ចុប្បន្ន​នេះ​ គ្មាន​យុត្តិធម៌​ទេ​សម្រាប់​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់។

«ខ្ញុំ​ឲ្យ​កូន​តូច​ហ្នឹង​ទៅ​ឲ្យ​ស្ថានទូត​ហ្នឹង​ជួយ​រក​ម្តាយធម៌​ឲ្យ​កូន​ខ្ញុំ​ហ្នឹង។ ​ខ្ញុំ​ប្រហែល​ជា​មិន​រស់​ទេ​ព្រោះ​រស់​នៅ​ក្នុង​សង្គម​ដែល​គ្មាន​យុត្តិធម៌​អញ្ចឹង។​ ខ្ញុំនឹង​ធ្វើ​អត្តឃាត​ឲ្យ​រដ្ឋាភិបាល​កែ​ខ្លួន​ដើម្បី​ឲ្យ​ប្រជាជន​យើង​ហ្នឹង​រស់នៅ​ក្នុង​សង្គម​មួយ​មាន​យុត្តិធម៌»។

ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ១០០​នាក់​ពី​តំបន់​បឹងកក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​លើក​ទី​៣ ​នៅ​ពី​មុខ​ក្រសួង​យុត្តិធម៌​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្រជា​ពលរដ្ឋ​ចំនួន​ ១៥​នាក់​ ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស​រឿង​វិវាទ​ដីធ្លី។ ​ក្រុម​អ្នក​តវ៉ា​ភាគច្រើន​ជា​ស្ត្រី ​កុមារ​ ភរិយា​ និង​ស្វាមី​របស់​ជនរងគ្រោះ​ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​បាន​ស្រែក​ច្រៀង​បទចម្រៀង​យំសោក ​និង​មាន​ចង​បូរពណ៌ស​ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌​ជួយ​អន្តរាគម​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ដោះលែង​ជន​ជាប់ចោទ​ដែល​កំពុង​តែ​ជាប់​ឃុំឃាំង។

បន្ទាប់​ពី​បាន​តវ៉ា​នៅ​ពី​មុខ​ក្រសួង​យុត្តិធម៌​ ប្រជា​ពលរដ្ឋ​បាន​ដើរ​ជា​ក្បួន​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​ព្រះអង្គ​ដងកើរ ​ដើម្បី​បួងសួង​សុំ​បារមី​របស់​ព្រះអង្គ​នៅ​ពី​មុខ​ព្រះបរម​រាជវាំង​ឲ្យ​ជួយ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ផុត​ពី​ទុក្ខទោស។

លោក​ប៊ុន​ យៃណារិទ្ធ​ នាយ​ខុទ្ទការល័យ​ក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា​លោក​បាន​ទទួល​ញត្តិ​ពី​ប្រជា​ពលរដ្ឋ​រួច​ហើយ។​ ហើយ​លោក​សន្យា​ថា​ក្រសួង​នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​ស្ថាប័ន​ជំនាញៗ​ នៅ​សប្តាហ៍​ក្រោយ​នេះ។

«ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​យ៉ាងម៉េច​ដែរ​ ព្រោះ​ខាង​ជំនាញ​គេ​នឹង​លើក​ទៅ​តាម​គោលការណ៍​ច្បាប់​ហ្នឹង។​ គេ​មើល​ និង​សម្រប​ទៅ​តាម​នីតិ​វិធី​ច្បាប់​ផង»។

ក្នុង​ខណៈពេល​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ បាន​ចាប់ខ្លួន​ប្រជា​ពលរដ្ឋ​បឹងកក់​ចំនួន​ ១៥​នាក់​យក​ទៅ​ឃុំឃាំង ​និង​ការ​បាញ់​សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ​មួយ​គឺ​លោក​ឈុត ​វុទ្ធី​ ការបាញ់​កម្មការិនី​ឲ្យ​របួស​នៅ​ខេត្ត​ស្វាយរៀង ​និង​ការ​បាញ់សម្លាប់​កុមារី​ហេង ​ចន្ថា ​នៅ​ក្នុង​ខេត្ត​ក្រចេះ ​បាន​ជំរុញ​ឲ្យ​មាន​ការថ្កោលទោស​ជា​បន្តបន្ទាប់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​និង​ក្រៅ​ប្រទេស។

រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​តិច​ ១៣៩​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ដោយ​បាន​ថ្កោលទោស​ទង្វើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ត្រូវ​តែ​បញ្ឈប់​វប្បធម៌​និទណ្ឌភាព ​និង​អំពើ​ហិង្សា។ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ បាន​លើក​ឡើង​ថា​ការប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ជនស៊ីវិល ​ពួក​គេ​មិន​អាច​ទទួល​យក​បាន​ទេ​ និង​បាន​សច្ចា​ថា​នឹង​តាម​ឃ្លាំមើល​សកម្មភាព​ទាំ​ងនេះ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ដីធ្លី ​សិទ្ធិ​ធនធាន​ធម្មជាតិ​ និង​ការងារ។

លោក​ចាន់ ​សាវ៉េត ​មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​និយាយ​ថា​ អំពើ​ហិង្សា​ទាំង​នេះ​នឹង​ជះឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ខាង​មុខ​នេះ។

«អីចឹង​បាន​ជា​រដ្ឋាភិបាល​ព្យាយាម​ដើម្បី​ធ្វើ​កិច្ច​ការងារ​ហ្នឹង​ដោយ​មិន​បាន​គិតគូរ​អំពើ​សន្តិភាព​នៃ​ការបោះឆ្នោត ​នៅ​ពេល​ខាង​មុខ​នោះ​ទេ។ ​វា​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ដំណើរការ​បោះឆ្នោត​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ខាង​មុន​នេះ»។

យោង​តាម​របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា​យ៉ាង​តិច​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៤៩​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​តែ​រឿង​វិវាទ​ដីធ្លី​ ក្នុង​នោះ​បាន​ដោះលែង​ចំនួន​១៦​នាក់ ​ហើយ​នៅ​សល់​ ៣៣​នាក់​ផ្សេងទៀត​ កំពុង​ឃុំ​ខ្លួ​ននៅ​ពន្ធនាគារ​នៅ​ឡើយ៕

XS
SM
MD
LG