ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកទោស​បឹងកក់​ធ្វើ​កូដកម្ម​អត់​អាហារ


ក្រុម​អ្នកតវ៉ា​កុមារតូច​ៗ ​បាន​ស្រែកច្រៀង​បទចម្រៀង​ដើម្បី​ឲ្យ​ដោះលែង​អ្នក​ភូមិ​១៥​នាក់​នៅ​ពី​មុខ​ព្រះបរម​រាជវាំង។
ក្រុម​អ្នកតវ៉ា​កុមារតូច​ៗ ​បាន​ស្រែកច្រៀង​បទចម្រៀង​ដើម្បី​ឲ្យ​ដោះលែង​អ្នក​ភូមិ​១៥​នាក់​នៅ​ពី​មុខ​ព្រះបរម​រាជវាំង។

ក្រុមមន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​បាននិយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ មាន​តំណាង​ប្រជា​ពលរដ្ឋ​បឹងកក់​ចំនួន​បួន​នាក់​នៅ​ក្នុង​ចំណោម​ ១៥​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស ​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​ចេញ​ពី​ពន្ធនាគារ​និង​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ប្រជា​ពលរដ្ឋ ​ដែល​កំពុង​តវ៉ា​នៅ​ខាង​ក្រៅ​ពន្ធនាគារ។

ការធ្វើ​កូដកម្ម​អត់អាហារ​របស់​អ្នក​ភូមិបឹងកក់​ចំនួន​បួន​នាក់​ជា​លើក​ដំបូង​នេះ​ បានចាប់​ផ្តើម​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។​ បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​អ្នក​ទាំង​បួន​ ដែល​បាន​ចាប់ផ្តើម​អត់​អាហារ​ជា​លើក​ដំបូង​មាន​អ្នកស្រី​ទេព ​វន្នី ​តំណាង​អ្នក​ភូមិ​បឹងកក់​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ដ៏​លេចធ្លោ​ជាង​គេ អ្នកស្រី​គង់ ចន្ថា ​អ្នកស្រី​ឆេង លាភ ​និង​អ្នកស្រី​សុង ​ស្រីលាភ។

លោក​ចាន់​ សាវ៉េត ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​និយាយ​ថា ​លោក​បាន​ទទួលដំណឹង​អំពី​ការ​ធ្វើ​កូដកម្ម​អត់​អាហារ​របស់​អ្នកភូមិ​បឹងកក់​នេះ​ដែរ។ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ពួក​គេ​នឹង​ប៉ះពាល់​ដល់​សុខភាព​ ប្រសិនណា​បើ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ។

«បើ​សិន​ជា​គាត់​ធ្វើអីញ្ចឹង។ ​នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ការភ្ញាក់​អារម្មណ៍​ដែរ។​ ព្រោះ​គាត់​នៅ​ក្នុង​ពន្ធនាគារ​ គាត់​នៅ​តែ​មានសិទ្ធិ​ទាមទារ​តវ៉ា​ឲ្យ​ដោះស្រាយ​លើ​បញ្ហា​ដី​គាត់​ដដែល»។

នៅ​ក្នុង​ខណៈពេល​ដែល​អ្នកភូមិ​បឹងកក់​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ ដើម្បី​ដាក់សម្ពាធ​ដល់​រដ្ឋាភិបាល ​ក្រុម​អ្នកភូមិ​បឹងកក់​នឹង​សហគមន៍​បុរីកីឡា ​ដោយ​មាន​ការចូលរួម​ពី​កុមារ​តូចៗ​បាន​យក​ញត្តិ​មក​ដាក់​នៅ​ពី​មុខ​ព្រះបរម​រាជវាំង​ជា​លើក​ទី​២​និង​ក្រសួង​យុត្តិធម៌​ឲ្យ​ដោះលែង​តំណាង​ពួក​គេ​ដែល​កំពុង​ជាប់​ឃុំឃាំង។

ការដាក់​ញត្តិ​ជា​លើក​ទី​២ ​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ក្រុម​មន្ត្រី​ព្រះបរម​រាជវាំង​ឈ្មោះ​ឡាំ ​ចំនាប់ ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋដាក់ញត្តិ​ដោយ​ផ្ទាល់​ និង​បាន​សន្យា​ថា​នឹង​ដោះស្រាយ​ជូន​ពួកគេ​នៅ​ក្នុង​រយៈពេល​ពីរ ​ទៅ​បី​ថ្ងៃ​ខាង​មុខ​ទៀត។

អ្នកស្រី​យោម បុប្ផា ​ អាយុ​៣២​ឆ្នាំ​ បានថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​មុខ​ព្រះបរម​រាជវាំង​ បន្ទាប់​ពី​អ្នកស្រី​បាន​ដាក់​ញត្តិ​នៅ​ក្នុង​ព្រះបរម​រាជវាំង​ថា​ ពួកគេ​សង្ឃឹម​ថា​ព្រះមហាក្សត្រ​នឹង​ជួយ​អន្តរាគម​ដល់​រដ្ឋាភិបាល ​ដើម្បី​ជួយ​ឲ្យ​ដោះលែង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំឃាំង។

«ពួក​ខ្ញុំ​ជឿជាក់​ថា ​គាត់​នឹង​ជួយ​ព្រោះ​មហាក្សត្រ​ជា​ម្លប់​កូនចៅ។​ អីចឹង​កូនចៅ​របស់​គាត់​កំពុង​តែ​រង​វេទនា​ហើយ​ កំពុងតែ​ប្រឈមមុខ​នឹង​សេចក្តី​ស្លាប់​ហើយ។ ​ព្រះមហាក្សត្រ​គាត់​នឹង​អាណិត​ អាសូរ​ដល់​កូនចៅ​របស់​ព្រះអង្គ»។

ក្រុម​អ្នកតវ៉ា​ដោយ​មាន​ការចូលរួម​ពី​កុមារតូច​ៗ ​បាន​ស្រែកច្រៀង​បទចម្រៀង​ដើម្បី​ឲ្យ​ដោះលែង​អ្នក​ភូមិ​១៥​នាក់​នៅ​ពី​មុខ​ព្រះបរម​រាជវាំង​ រួច​ហើយ​បាន​បន្ត​ទៅ​តវ៉ា​នៅ​ពី​មុខ​ក្រសួង​យុត្តិធម៌​ទៀត។

អ្នកស្រី​បូវ សោភ័ណ ​អាយុ​៣២​ឆ្នាំ​ ត្រូវ​ជា​ប្អូនស្រី​របស់​អ្នកស្រី​បូវ ​សោភា ​ដែល​កំពុងតែ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ​បានអង្គុយ​បត់ជើង​សំពះ​នៅ​ពីមុខ​ព្រះបរម​រាជវាំង​ ដោយ​អ្នកស្រី​បានមាន​ប្រសាសន៍​ថា​មាន​តែ​ព្រះមហាក្សត្រ​ទេ​ ដែល​អាច​ជួយ​ដោះលែង​ប្រជា​ពលរដ្ឋ​ចំនួន​១៥​នាក់​ ឲ្យ​រួចផុត​ពី​ទុក្ខទោស។

«ពួកគាត់​ជិត​ស្លាប់​អស់​ហើយ ​អត់អាហារ​ពីរ​ថ្ងៃ​ហើយ។ ​មានតែ​ព្រះមហាក្សត្រ​ទេ​ ដែល​ជួយ​ពួក​ទូលបង្គំ​បាន​។ ​ប្រសិន​បើ​មិន​ដូច​ច្នោះ​ទេ ​ពួកគាត់​នឹង​អត់អាហារ​ស្លាប់​អស់​ហើយ​។​ គាត់​មាន​កូន​បី​នាក់​ទៀត​ត្រូវ​ចិញ្ចឹម​ ប្រសិនណា​បើ​ពួក​គាត់​ស្លាប់ទៅ ​តើ​មាន​នរណា​មើល​កូន​គាត់»។

កាល​ពី​សប្តាហ៍​មុន​អ្នក​ភូមិ​បឹងកក់​និង​បុរីកីឡា​បានព្យាយាម​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​ពី​មុខ​ព្រះបរម​រាជវាំង។ ​ក៏ប៉ុន្តែ​គ្មាន​មន្ត្រី​ណាម្នាក់​មក​ទទួល​ញត្តិ​ទេ​ ទើបតែ​ថ្ងៃ​ច័ន្ទ​នេះ​ មាន​ប្រជាពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រះបរម​រាជវាំង​ដើម្បី​ដាក់​ញត្តិ។ ​នៅ​ក្នុង​ញត្តិ​មួយ​ច្បាប់​ ដែល​មានស្នាម​ផ្តិត​មេដៃ​តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​រៀបរាប់​ពី​ទុក្ខសោក​ និង​ការទាមទារ​ទំហំដី​ ១២,៤៤​ហិកតា​មក​វិញ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន ​បានធ្វើ​ប្រទានកម្ម​ដល់​ពួកគេ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១១​។ ​ការទាមទារ​នេះ ​មិនត្រឹមតែ​ចង់​បាន​ដី​មក​វិញ​ទេ​ថែមទាំង​ចង់​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ចំនួន​ ១៥​នាក់​ ដែលត្រូវ​បាន​អាជ្ញាធរ​ចាប់ឃុំ​ដាក់ពន្ធនាគារ​កាល​ពី​ជា​កន្លះ​ខែ​មុន៕

XS
SM
MD
LG