ភ្នំពេញ៖ កម្ពុជាកំពុងបើកយុទ្ធនាការផ្តល់វ៉ាក់សាំងដល់កុមារជាងមួយលាននាក់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយសារជំងឺកញ្រ្ជឹល។
ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកុម្ភៈ រហូតដល់ដំណាច់ខែមិនា កម្ពុជានឹងត្រូវចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹលដល់កុមារ និងទារកចំនួន១,៥លាននាក់។ ក្រុមវេជ្ជបណ្ឌិតឲ្យដឹងថា ជំងឺកញ្ជ្រឹលអាចបង្កឲ្យកើតជំងឺខ្វាក់មាន់ ខ្វាក់ភ្នែក ឬក៏អាចបណ្ដាលឲ្យកុមារ ឬអ្នកជំងឺស្លាប់បានដែរ។
រដ្ឋាភិបាលកម្ពុជាមានផែនការលុបបំបាត់ជំងឺកញ្ជ្រឹលឲ្យអស់នៅឆ្នាំ២០១២។ កុមារអាយុពីប្រាំបួនខែ ដល់ប្រាំឆ្នាំនឹងត្រូវទទួលការចាក់ថ្នាំបង្ការនេះ។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងមណ្ឌលសុខភាពឃ្មួញ ក្រុងភ្នំពេញ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់វ៉ាក់សាំងឲ្យបានទូលំទូលាយ គឺជាកត្តាជ័យជំនះសម្រាប់ទិសដៅនេះ។ លោកថ្លែងដូច្នេះថា៖
«យុទ្ធនាការទាំងនេះ តម្រូវឲ្យបុគ្គលិក និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ សកម្មអនុវត្តន៍តស៊ូ ជម្នះរាល់ការលំបាក សហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអ្នកស្មគ្រ័ចិត្តភូមិ ដើម្បីចលនាស្វែងរកកុមារនៅគ្រប់ទីកន្លែងឲ្យមកទទួលថ្នាំបង្ការឲ្យបានគ្រប់គ្នាទើបយុទ្ធនាការនេះទទួលបានជោគជ័យ។ ដូច្នេះការចូលរួមពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ជាការ ចាំបាច់ណាស់ ក្នុងការគាំទ្រដល់ការរៀបចំ និងអនុវត្តយុទ្ធនាការទាំងមូល»។
នៅក្នុងយុទ្ធនាការនោះ ក្រៅពីចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ក៏មានការចែកគ្រាប់ថ្នាំជីវជាតិអា និងថ្នាំទម្លាក់ព្រូនដល់កុមារទាំងអស់ ហើយកុមាររស់នៅតំបន់ងាយរងគ្រោះក៏ត្រូវបានទទួលវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលក្រុងភ្នំពេញ បានមានប្រសាសន៍ថា កញ្ជ្រឹលជាជំងឺមួយប្រភេទដែលឆ្លងយ៉ាងសកម្ម។ ជាទូទៅអ្នកកើតជំងឺកញ្ជ្រឹលមានអាការរៈក្តៅខ្លួនឡើងកន្តួលក្រហម និងមានសញ្ញារួមផ្សំដូចជា ក្អក ហៀរសំបោរ ភ្នែកឡើងក្រហម។
លោកបានបញ្ជាក់ថា ឯកសាររបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ប្រមាណ៣០ភាគរយនៃអ្នកកើតជំងឺកញ្ជ្រឹលអាចនឹងជួបនឹងជំងឺរាគរូស ខ្សោះជាតិទឹក ឈឺពោះ កើតជំងឺសើស្បែក កើតអំបៅអំបែក រលាកសួត និង រលាកស្រោមខួរក្បាលជាដើម។
លោកឈុន លី ជាប្រជាពលរដ្ឋម្នាក់រស់នៅខណ្ឌសែនសុខ បានដឹកដៃកូនតូចៗរបស់គាត់ ចំនួនពីរនាក់សំដៅទៅកាន់កន្លែងរង់ចាំចាក់ថ្នាំបង្ការក្នុងមន្ទីរពេទ្យបង្អែកឃ្មួញ។
លោកមានប្រសាសន៍ថា ការចាក់ថ្នាំបង្ការនឹងជួយសន្សំការចំណាយរបស់លោកសម្រាប់ ការថែទាំសុខភាពកូនៗរបស់គាត់។ គាត់និយាយថា៖
«គេមកចាក់ថ្នាំបង្ការនេះវាល្អ វាជៀសផុតពីជំងឺកញ្ជ្រឹល។ កូនអត់ឈឺ។ យើងអាចសន្សំលុយក្នុងគ្រួសារបាន។ យើងចង់ឲ្យមានកម្មវិធីចាក់ថ្នាំផ្សេងៗទៀតនៅក្នុងមណ្ឌលសុខភាព»។
លោកវេជ្ជបណ្ឌិត ភីធើរ វ៉ាន ម៉ារិន (Pieter Van Maaren) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ក្នុងឱកាសបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹល ដោយរំពឹងថា នៅថ្ងៃអនាគតកុមារជំនាន់ក្រោយរបស់កម្ពុជា គឺលែងប្រឈមនឹងគ្រោះថ្នាក់ រហូតដល់ស្លាប់ដោយសារជំងឺនេះទៀតហើយ។
តួលេខរបស់ក្រសួងសុខាភិបាល បង្ហាញថា ក្នុងឆ្នាំ២០១០កន្លងទៅនេះ មានប្រជាពលរដ្ឋ ដែលបានកើតជំងឺកញ្ជ្រឹលមានចំនួនប្រមាណជា៣០០នាក់ ដោយភាគច្រើនជាកុមារ។
នៅប្រទេសកំពុងអភិវឌ្ឍ ជំងឺកញ្ជ្រឹលមានលក្ខណៈធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារដែលខ្វះអាហារូបត្ថម្ភ និងជីវជាតិអា។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ របាយការណ៍ដដែលបានបញ្ជាក់ថា មានកុមារចំនួន១០ម៉ឺននាក់ក្នុងពិភពលោកបានកើតជំងឺកញ្ជ្រឹល។ ដោយឡែកកុមារចំនួន៥ពាន់នាក់បានស្លាប់ និងពិការដោយសារជំងឺនេះ៕