ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ម៉ម សូណង់​ផ្អាកការ​ធ្វើដំណើរ​ទៅ​ប្រទេស​ខ្មែរ ​ក្រោយពី​មាន​ព័ត៌មាន​ថា ​រដ្ឋាភិបាល​គ្រោងចាប់​ខ្លួន​លោក​


លោក​ម៉ម សូណង់ដូ​
លោក​ម៉ម សូណង់ដូ​

ព្រះ​សង្ឃសូត្រ​មន្តជយន្តោ ​ហើយ​បាន​ប្រទាន​យ័ន្ត​រំដោះគ្រោះ​ឲ្យ​លោក​ម៉ម សូណង់ដូ ​ក្រោយពី​លោក​បាន​ប្រាប់​ពុទ្ធបរិស័ត​ខ្មែរ​នៅ​វត្តធម្មរង្សី​រដ្ឋ​Virginia​ថា ​លោកត្រូវ​ផ្អាក​ការ​ធ្វើដំណើរ​ទៅប្រទេស​កម្ពុជា​វិញ ​ក្រោយពី​មាន​ព័ត៌មាន​ថា​ រដ្ឋាភិបាល​គ្រោង​ចាប់ខ្លួន​លោក​នៅពេល​លោក​ទៅដល់​មាតុភូមិ​វិញ​នៅ​ចុងខែ​នេះ។​

លោក​ម៉ម សូណង់ដូ​និយាយ​ថា៖​

«ដំណឹង​ដែលគេ​នឹង​ចាប់ខ្ញុំ​ពេលចូល​ទៅស្រុកខ្មែរ​វិញហ្នឹង​ គឺដំណឹង​ហ្នឹង​ខ្ញុំ​មិនអាច​ថា ​ពិតបាន​ទេ ​គ្រាន់តែ​ជា​ពាក្យ​ចចាម​អារាម។​ប៉ុន្តែ​ពាក្យ​ចចាអារាម​ហ្នឹង​វា​ច្បាស់លាស់​ពេក។​ ត្រូវតែ​ខ្ញុំចាត់​វិធានការ​ទប់ស្កាត់​គឺការ​បំភ្លឺ​របស់ខ្ញុំ។ ​ការ​បំភ្លឺ​កុំឲ្យ​យល់ខុស​ កុំឲ្យ​ភ្លេច​ថា ​ខ្ញុំជា​អ្នក​សារព័ត៌មាន»។​

លោក​ម៉ម សូណង់ដូ​ពន្យល់​ពី​ហេតុផល​ដែល​លោក​លើកពេល​ធ្វើដំណើរ​នេះយ៉ាង​ដូច្នេះ​ថា៖​

«ហើយ​ដល់ពេល​ខ្ញុំឮថា គេ​ចង់ចាប់ខ្ញុំ​ ខ្ញុំផ្អាក​ដំណើរ។​ មិនមែន​ខ្ញុំខ្លាច​ចូល​គុកទេ។​បើសិន​ជាខ្ញុំទៅ​គេចាប់​ខ្ញុំ​ ​ខ្ញុំអត់​អាច​វិល​ត្រឡប់​មក​វិញធ្វើបទ​សម្ភាសន៍​ជាមួយ​លោក​សួន សេរីរដ្ឋា​ដែល​ខ្ញុំគ្រោង​ទុកទេ។​ហេតុដូច្នេះ​ ខ្ញុំផ្អាក។ ពេលណា​ដែល​ខ្ញុំធ្វើបទ​សម្ភាសន៍​រួចហើយ​ ខ្ញុំនឹង​វិល​ទៅ​ប្រទេសជាតិ​វិញ​ណា៎»។​

លោកម៉ម ​សូណង់ដូ​បន្ថែម​ថា ​លោក​ត្រូវ​យកព័ត៌មាន​ពិតថា ​តើលោក​សួន សេរីរដ្ឋា​និយាយ​ពិត​ឬ​ភូតកុហក់ ​នៅពេល​លោក​អះអាង​ថា ​តុលាការ​ឧកិ្រដ្ឋកម្ម​អន្តរជាតិ​នឹង​កោះហៅ​លោក​នៅខែ​ក្រោយ​ឲ្យទៅ​បំភ្លឺ​អំពី​ពាក្យ​បណ្តឹង​ដែល​លោកដាក់​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​មន្ត្រីហ៊ុន សែន។​

«ខ្ញុំចង់​ដឹងថា​ លោកសួន ​សេរីរដ្ឋាភរ​ឬក៏មិនភរ?​ហេតុដូច្នេះ​ការណ៍​ដែល​លោក​សួន​សេរីរដ្ឋា​ប្រកាស​ក្នុងពិភព​លោក​ហ្នឹង​ឲ្យ​ដឹង​ថា​ គាត់​នឹងប្តឹង​ ហើយ​គាត់បាន​ប្តឹង​ហើយ​គេនឹងកោះហៅ​គាត់នៅ​ថ្ងៃទី៦ហ្នឹង។​ ដូច្នេះ​ជា​ដំណឹង​មួយ​មាន​សារៈសំខាន់​សម្រាប់ខ្មែរ​យើង​ទាំងអស់​គ្នា»។​

លោក​ម៉ម សូណង់ដូ​ធ្លាប់ជាប់​ពន្ធនាគារ​ទាក់ទង​នឹង​ការផ្សាយ​ព័ត៌មាន​អំពី​ការបះបោរ​បំផ្លាញ​ស្ថានទូត​ថៃ និង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

លោក​ប្រកាស​ការ​តាំងចិត្ត​របស់លោក​ថា៖​

«ពេល​យើង​តាំងខ្លួន​បម្រើជាតិ​គឺត្រូវ​យើង​គ្រោង​ទុកឲ្យ​ហើយ​ថា​ ថ្ងៃណា​មួយ​ត្រូវ​គេ​ចាប់​ដាក់គុក​ឬថ្ងៃណា​មួយគេ​នឹង​សម្លាប់​យើងចោល។​ អាហ្នឹង​យើងត្រូវ​ដឹង​អញ្ចឹង​តែម្តង។​ ព្រះ​សម្មាសម្ពុទ្ធ​បាន​សម្តែង​ថា​ ជីវិត​វា​មិនទៀង តែស្លាប់វា​ទៀង។ ​អ្នកណា​ក៏ត្រូវស្លាប់​ដែរ។​ហេតុដូច្នេះ​ខ្ញុំត្រូវជ្រើស​រើស​ការ​ស្លាប់​របស់​ខ្ញុំ។ ​បើខ្ញុំស្លាប់​ក្នុង​ករណី​ដែលខ្ញុំ​បម្រើជាតិ ​ការពារ​ជាតិ ​ការពារ​ទឹកដី​មាតុភូមិ ​ការពារ​អនាគត​សម្រាប់​កូនចៅ​ខ្មែរ។ ​បើសិន​ជាខ្ញុំស្លាប់​របៀប​ហ្នឹង​គឺ​ជាកិត្តិយស​របស់​ខ្ញុំមួយ​ដែល​កើតជា​កូនខ្មែរ»។

លោក​សួន សេរីរដ្ឋា ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពីបទ​បង្កចលនា​ហិង្សា ​ក្រោយពី​លោកចូលរួម​ជាមួយ​ចលនា​អាវលឿងថៃ​កាល​ពីឆ្នាំ​ទៅ។

លោក​ម៉ម សូណង់ដូ​និយាយ​ថា លោក​គ្រាន់តែ​ចូល​រួម​យកព័ត៌មាន​អំពី​លោកសួន សេរីរដ្ឋា​ប៉ុណ្ណោះ ​ហើយ​សង្កេត​ឃើញ​ថា​ ចលនា​អំណាច​ប្រជាជន​នេះ​មិនមែន​ជាលចនា​ប្រដាប់​អាវុធ​ទេ។

លោក​តាន់ វិបុល​ អនុប្រធាន​អង្គការខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​ ថ្លែង​ថា ​លោក​នឹង​តាម​ដាន​ពាក្យ​ចរចាម​អារាម​អំពី​គម្រោង​ចាប់លោក​ម៉ម សូណង់ដូ ​ប្រធាន​វិទ្យុសំបុក​ឃុំ​នេះ។​

លោក​សម្តែង​ក្តីសង្ឃឹម​ថា៖​

«នឹង​ធ្វើ​អ្វីដែល​យើង​អាចធ្វើ​បានដើម្បី​ការពារ​សិទ្ធិសេរីភាព​អ្នក​សារព័ត៌មាន​ជាពិសេស។ ​សង្ឃឹមថា រដ្ឋាភិបាល​មិន​ធ្វើ​ដូច្នេះទេ»។​

ពុទ្ធ​បរិស័ទ​ខ្មែរជាង​២០​នាក់ដែល​សំណេះ​សំណាល​ជាមួយ​លោកម៉ម សូណង់ដូ​បាន​ប្រមូល​បច្ច័យជូន​លោក​ ហើយ​ប្រមូល​បច្ច័យខ្លះ​ទៀតផ្ញើ​ទៅគ្រួសារ​លោក​ឈុត វុទ្ធី​សម្មជន​ព្រៃឈើ​ដែល​គេ​បាញ់​សម្លាប់​ថ្មីៗ​នេះ។ ​ពួកគាត់​សង្ឃឹម​ថា ​លុយ​សប្បុរស​នេះ​នឹង​ទៅដល់​គ្រួសារ​លោក​ឈុត​ វុទ្ធី ​ហើយ​វានឹង​មិន​ជាប់ឃុំ​ទេ​ បើលោក​ម៉ម សូណង់ដូ​ត្រូវ​រដ្ឋាភិបាល​ឃាត់ខ្លួន​ដូចពាក្យ​ចរចាម​អារាមមែន ​ក៏ដោយ៕​

XS
SM
MD
LG