ជនរងគ្រោះចំនួនពីររូប ក្នុងចំណោមជនរងគ្រោះចំនួនបីរូប ដែលបានទទួលរងរបួសដោយសារតែអំពើការបាញ់ប្រហារកាលពីខែកុម្ភៈ បានទាមទារសំណងជំងឺចិត្តចំនួនជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងទាមទារឲ្យនាំខ្លួនជនសង្ស័យទៅផ្តន្ទាទោសតាមច្បាប់។ នេះបើតាមពាក្យបណ្តឹងពីរច្បាប់ដាច់ដោយឡែកៗពីគ្នាដែលវីអូអេបានទទួល។
កម្មការិនីទាំងពីររូប គឺកញ្ញា ប៊ុន ចិន្តា អាយុ២១ឆ្នាំ រស់នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស និងកញ្ញា នុត សាខន អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយគុយ នៅថ្ងៃអង្គារនេះ បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការខេត្តស្វាយរៀង ប្តឹងប្រឆាំងជំទាស់ទៅនឹងលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតពីបទមនុស្សឃាត។
នៅក្នុងពាក្យបណ្តឹងនោះបានទាមទារឲ្យលោក ឈូក បណ្ឌិត ផុ្តល់សំណងជំងឺចិត្តពីរ ៤៥.០០០ដុល្លារ រហូតដល់ ៥០.០០០ ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ចំណែកឯអ្នកស្រី កែវ នា ដែលរងរបួសស្រាលដោយអំពើបាញ់ប្រហារនេះ មិនបានដាក់ពាក្យបណ្តឹងទេបន្ទាប់ពីបានទទួលប្រាក់ចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរមិនដាក់ពាក្យប្តឹង។
កញ្ញា ប៊ុន ចិន្តា ដែលបានទទួលរងរបួសធ្ងន់ធ្ងរជាងគេ ក្នុងចំណោមកម្មការិនីចំនួនបីនាក់នោះ បានមាននិយាយថា លោក ឈូក បណ្ឌិត គឺជាជនសង្ស័យ ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារមកលើកញ្ញា និងកម្មករផ្សេងៗទៀត។ កញ្ញាបាននិយាយថា កញ្ញាចង់បានសំណងនេះ ដើម្បីយកមកព្យាបាលរបួស និងនាំខ្លួនជនសង្ស័យទៅផ្តន្ទាទោសតាមច្បាប់។
«ខ្ញុំចង់ឲ្យអ្នកដែលបាញ់ខ្លួនខ្ញុំ ត្រូវបានគេចាប់ខ្លួន។ បើគេចាប់បាន អស់ចិត្តហើយខ្ញុំ»។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានគេដកហូតចេញពីមុខតំណែងឲ្យមកបម្រើការងារនៅសាលាខេត្តស្វាយរៀងវិញ។ លោកគឺជាជនសង្ស័យតែម្នាក់គត់ ដែលជាប់ពាក់ព័ន្ធ នឹងការបាញ់ប្រហារដ៏មិនញញើតដៃទៅលើក្រុមកម្មករដែលបានតវ៉ាកាលពីខែកុម្ភៈ។
កញ្ញា នុត សាខន កម្មការិនីម្នាក់ទៀតដែលបានទទួលរងរបួសបាននិយាយថា មានប្រធានភូមិមកចរចាមកឲ្យកញ្ញាចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ពាក្យបណ្តឹង ក៏ប៉ុន្តែកញ្ញាមិនព្រមទទួលទេ។
«ខ្ញុំចង់ឲ្យគាត់ធ្វើម៉េច ធ្វើទៅ។ ខ្ញុំមិនហ៊ានទេ តែខ្ញុំសូមតែលុយព្យាបាលខ្លួនខ្ញុំ។ ចង់គាត់រកយុត្តិធម៌យ៉ាងម៉េចធ្វើទៅ។ ខ្ញុំសូមតែលុយ»។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញានៃតុលាការខេត្តស្វាយរៀងបាននិយាយថា លោកបានទទួលពាក្យបណ្តឹងរបស់កម្មកររងគ្រោះនោះហើយ។ លោកបានមានប្រសាសន៍ថា លោកកំពុងពិនិត្យពាក្យបណ្តឹងនេះដើម្បីចាត់វិធានការតាមផ្លូវតុលាការ។
«យើងចាត់ការបន្ត ពីព្រោះរឿងនេះនៅក្នុងរឿងតែមួយ។ ទោះបីគាត់មិនប្តឹង ក៏នៅចាត់ការតាមនីតិវិធីអយ្យការ ត្រូវតែដំណើរការទៅ។ គ្រាន់តែថា គាត់ជាដើមបណ្តឹង គាត់ដាក់មកគេនឹងពិចារណា»។
លោក នុត បូពិណ្ណារ័ត្ន អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង បាននិយាយថា តុលាការត្រូវតែចាំបាច់រកយុត្តិធម៌ដល់ជនរងគ្រោះ។
«បញ្ហានេះ យើងថាទោះបីយ៉ាងណា តុលាការចាំបាច់ត្រូវតែរកយុត្តិធម៌ឲ្យជនរងគ្រោះ។ ហើយអ្វីដែលយើងជឿជាក់ផងនោះ គឺជនរងគ្រោះ គាត់បានដាក់ពាក្យបណ្តឹង ក្នុងនាមគាត់ជាដើមបណ្តឹងរដ្ឋប្បវេណី»។
តុលាការខេត្តស្វាយរៀង គ្រោងនឹងកោះហៅលោក ឈូក បណ្ឌិត ឲ្យចូលមកបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី១៦ ខាងមុខនេះ ពាក់ព័ន្ធនឹងការសង្ស័យបាញ់កម្មករបីនាក់ឲ្យរងរបួស។ ប្រសិនណា តុលាការរកឃើញថា មានទោសកំហុស លោក ឈូក បណ្ឌិត អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ រហូតដល់២០ឆ្នាំ តាមក្រមព្រហ្មទណ្ឌថ្មី៕