ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដកហូត​តំណែង​អភិបាល​ក្រុង​បាវិត​ក្រោយពី​មាន​រឿង​បាញ់​កម្មករ


ជនរងគ្រោះ​ម្នាក់​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ការ​បាញ់ប្រហារ​។
ជនរងគ្រោះ​ម្នាក់​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ការ​បាញ់ប្រហារ​។

រដ្ឋាភិបាល​កម្ពុជា​ទើប​តែ​បាន​សម្រេច​ដកហូត​តំណែង​ជា​អភិបាល​ក្រុងបាវិត ​លោក ​ឈូក ​បណ្ឌិត ​ស្របពេល​ដែល​ជន​រងគ្រោះ​ពីរ​នាក់​ដែល​ត្រូវ​សង្ស័យ​ថា​ដោយសារ​ការ​បាញ់ប្រហារ​របស់​លោក ​គ្រោង​នឹង​ដាក់​បណ្ដឹង​ទៅ​កាន់​តុលាការ​នៅ​សប្ដាហ៍​ក្រោយ។ ​នេះ​បើ​យោង​តាម​ប្រភព​នានា​ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ជន​ជាប់​សង្ស័យ​ឈូក ​បណ្ឌិត ​នឹង​ត្រូវ​បញ្ជូន​ទៅ​បំពេញ​ការងារ​នៅ​ឯ​សាលា​ខេត្ត​ស្វាយរៀង​ រីឯ​តួនាទី​ជា​អភិបាល​ក្រុង​បាវិត​របស់​លោក ​នឹង​ត្រូវ​ជំនួស​ដោយ​លោក ​នេប ​សារឿន ​បច្ចុប្បន្ន​ជា​អភិបាល​រង​ក្រុង​បាវិត។

លោក ​ម៉ែន ​វិបុល ​អភិបាលរង​ខេត្ត​ស្វាយរៀង ​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​បាន​ចុះ​ហត្ថលេខា​លើ​អនុក្រិត​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ដក​តំណែង​ ឈូក ​បណ្ឌិត​ ហើយ​ពិធី​ផ្ទេរ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

លោក​ម៉ែន វិបុល​បញ្ជាក់​ថា៖

«អនុក្រិត​មួយ​ចុះ​ថ្ងៃ​ទី​៥ ​ខែ​មិនា ​ចុះហត្ថ​លេខា​ដោយ​សម្ដេច​នាយក [រដ្ឋមន្ដ្រី] ​សម្រួល​ការងារ​ពី​អភិបាល​ក្រុង​បាវិត​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​ស្វាយរៀង»។

ការ​ដក​ហូត​តំណែង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​ខេត្ត​ស្វាយរៀង ​បាន​កោះហៅ​លោក​ ឈូក បណ្ឌិត ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មិនា ​នេះ​តាម​របាយការណ៍​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។ ​របាយការណ៍​បង្ហាញ​ថា ​អតីត​អភិបាល​ក្រុង​បាវិត​រូប​នេះ​ត្រូវ​សង្ស័យ​ថា ​ជា​ខ្មាន់​កាំភ្លើង​ក្នុង​ការ​បាញ់​ប្រហារ​លើ​កម្មការិនី​រោងចក្រ​ចំនួន​បី​នាក់​កាល​ពី​ថ្ងៃ​ទី ​២០​ ខែ​កុម្ភៈ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ​ក្រុម​មន្ដ្រី​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ស្វាយរៀង​បាន​បញ្ជាក់​ថា ​មាន​ជន​រងគ្រោះ​ចំនួន​ពីរ​នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ដោយ​ការ​បាញ់ប្រហារ​ចំនួន​បី​នាក់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ស្វាយរៀង ​នៅ​សប្ដាហ៍​ក្រោយ។ ​រីឯ​ជន​រងគ្រោះ​ម្នាក់​ទៀត​បាន​យល់​ព្រម​ទទួល​យក​ប្រាក់​សម្រុះសម្រួល​ចំនួន ​១.០០០ ​ដុល្លារ​អាមេរិក​ពី​ជន​ជាប់​សង្ស័យ​ក្រោម​ការ​ជួយជ្រោមជ្រែង​ពី​ភ្នាក់ងារ​របស់​អាជ្ញាធរ​មូលដ្ឋាន។

លោក ​សំ ​ស៊ីណាត ​ជា​បងប្រុស​បង្កើត​របស់​កញ្ញា ​ប៊ុន ​ចិន្ដា ​ដែល​ជា​ជន​រងគ្រោះ​ដែល​មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ដាក់​បណ្ដឹង​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ឲ្យ​ប្អូនស្រី​របស់​លោក​ប្រឆាំង​ទៅ​នឹង​អតីត​អភិបាល​ក្រុងបាវិត ​បន្ទាប់​ពី​លោក​បាន​បដិសេធ​ការព្យាយាម​ចរចា​របស់​មន្ដ្រី​អាជ្ញាធរ​ក្រុងបាវិត​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​ដើម្បី​ឲ្យ​បញ្ឈប់​ចេតនា​ប្ដឹង​ប្រឆាំង​ទៅ​នឹង​លោក ​ឈូក ​បណ្ឌិត ​ជា​ថ្នូរ​ទៅ​នឹង​ប្រាក់​ចំនួន​ ១.០០០​ ដុល្លារ​អាមេរិក​ដូច​ជន​រងគ្រោះ​ខាង​លើ​ដែរ។

យ៉ាងណា​ក៏​ដោយ​លោក​ សំ ​ស៊ីណាត ​មិន​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​នៃ​ការ​ដាក់​បណ្ដឹង​នោះ​ទេ។

«ប្ដឹង​អាទិត្យក្រោយ​នេះ។ ​ការណ៍​ពិត​ប្រាក់​ដែល​គាត់​ឲ្យ​មក​មិន​សមរម្យ​ទេ ​គ្រាន់​តែ​ថ្នាំពេទ្យ​ឲ្យ​មិន​គ្រប់​ផង។ ​ហើយ​ជីវិត​ប្អូនស្រី​ខ្ញុំ​ទៅ​ថ្ងៃ​ក្រោយ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ ព្រោះ​ជំងឺ​គាត់​មិន​ទាន់​ជា​ដាច់។ ​ម្យ៉ាង​ទៀត​ប្ដឹង​នេះ​ដើម្បី​រកយុត្តិធម៌​ឲ្យ​យើង​ផង»។

ជាមួយ​គ្នា​នេះ​លោក​ មឿន ​តុលា ​ប្រធាន​កម្មវិធី​សិទ្ធិការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​បញ្ជាក់​ថា​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​របស់​លោក ​បាន​ត្រៀម​ផ្ដល់​ជំនួយ​មេធាវី​ការពារក្ដី​ជន​រងគ្រោះ​ដែល​មាន​បំណង​ដាក់​បណ្ដឹង​នោះ​រួច​ហើយ ​ហើយ​លោក​ជឿ​ថា ​ក្រុម​មេធាវី​នឹង​ចាប់​ផ្ដើម​ធ្វើ​ការងារ​ជាមួយ​ជន​រងគ្រោះ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ហើយ​ដំណើរ​ការ​ដាក់​ពាក្យ​បណ្ដឹង​អាច​នឹង​ធ្វើ​នៅ​ថ្ងៃ​ដដែល​ ឬ​នៅ​ថ្ងៃ​អង្គារ៕

XS
SM
MD
LG