ក្រុមសមត្ថកិច្ចចម្រុះដែលរួមមានប៉ូលិស និងមន្ត្រីយោធាប្រមាណជិត៥០នាក់ ប្រដាប់ដោយអាវុធស្វ័យប្រវត្តិគ្រប់ដៃ កាលពីយប់ថ្ងៃច័ន្ទ រហូតឈានទៅដល់ព្រឹកថ្ងៃអង្គារនេះ បានឡោមព័ទ្ធផ្ទះអ្នកស្រីប៊ុន ធឿន បងស្រីបង្កើតរបស់លោកប៊ុន រដ្ឋា ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួនពីបទបង្កើតអបគមន៍ខុសច្បាប់នៅក្នុងខេត្តក្រចេះ។
ការឡោមព័ទ្ធនេះបានធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង ក៏ប៉ុន្តែសមត្ថកិច្ចមិនបានសម្រុកចូលភ្លាមៗទេ ដោយពុំមានដីកាចុះឆែកឆេរ។
អ្នកស្រីប៊ុន ធឿន អាយុ៣៣ឆ្នាំ បងស្រីបង្កើតរបស់លោកប៊ុន រដ្ឋា បានថ្លែងប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទមកថា សមត្ថកិច្ចបានធាក់ទ្វារ និងអង្រន់បង្អួច ព្រមទាំងបញ្ចាំងពិលចូលក្នុងផ្ទះរបស់អ្នកស្រី ដែលធ្វើឲ្យសមាជិកនៅក្នុងផ្ទះមានការភិតភ័យយ៉ាងខ្លាំង។ អ្នកស្រីបានមានប្រសាសន៍ទៀតថាសមត្ថកិច្ចមិនបានរកឃើញភ័ស្តុងតាងអ្វីទេ បន្ទាប់ពីបានឆែកឆេរផ្ទះរបស់អ្នកស្រីអស់ប្រមាណជាជិតមួយម៉ោង។
«គេមិនបានសួរអ្វីផង គ្រាន់តែថា ពុកខ្ញុំហ្នឹងមានទោស។ គេថា ទោសហ្នឹងមិនជាធំប៉ុន្មានទេ ប៉ុន្តែប៊ុន រដ្ឋា ហ្នឹងគឺខ្លាំង។ គេថា ពុកខ្ញុំរត់អញ្ចឹង អត់ត្រូវទេ គួរតែប្រគល់ខ្លួនឲ្យសមត្ថកិច្ច។ អញ្ចឹងខ្ញុំមិនដឹងថាម៉េចទេ ព្រោះខ្ញុំមិនដែលទាក់ទងគាត់ផង»។
លោកប៊ុន រដ្ឋា អតីតសមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ ព្រមទាំងឪពុករបស់គាត់ លោកប៊ុន ឆន និងប្រជាពលរដ្ឋចំនួនបីនាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ស្វែងរកចាប់ខ្លួនពីបទសង្ស័យថា បង្កើតតំបន់អបគមន៍ខុសច្បាប់ នៅក្នុងខេត្តក្រចេះ។
លោកឧត្តមសេនីយ៍ត្រីឆាយ គឹមសុន ស្នងការប៉ូលិសខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជនសង្ស័យទាំងប្រាំនាក់ ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន រួមមានលោកប៊ុន រដ្ឋា លោកប៊ុន ឆន ឪពុករបស់លោកប៊ុន រដ្ឋា សុខ តុង ឆ័ត្រ សារឿន និងម៉ា ឆាង។ លោកបានមានប្រសាសន៍ថាមូលហេតុដែលសមត្ថកិច្ចបានចុះឆែកឆេរផ្ទះបងស្រីរបស់លោកប៊ុន រដ្ឋា នៅស្រុមមេម៉ត់ ខេត្តកំពង់ចាម ដោយសមត្ថកិច្ចសង្ស័យថា មានជនសង្ស័យមួយចំនួនក្នុងចំណោមប្រាំនាក់ ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួននោះ មកសម្ងំលាក់ខ្លួននៅទីនោះ។
«ពេលឥតឃើញ គឺកម្លាំងសមត្ថកិច្ចគាត់ដកចេញដែរ។ គេធ្វើកំណត់ហេតុឆែកឆេរតែម្តង»។
យ៉ាងតិចមានប្រជាពលរដ្ឋចំនួនប្រាំពីរនាក់ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួន ក្រោយពីមានការបង្រ្កាបដោយបង្ហូរឈាមនៅក្នុងខេត្តក្រចេះរួចមក។
កាលពីថ្ងៃទី១៦កន្លងទៅនេះ សមត្ថកិច្ចចម្រុះដោយបូករួមទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង ផង បានចុះបង្ក្រាបទីតាំងប្រជាពលរដ្ឋមួយកន្លែងនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយបានចោទប្រកាន់ថា ក្រុមប្រជាពលរដ្ឋបានបង្កើតតំបន់អបគមន៍ខុសច្បាប់ ដែលដឹកនាំដោយលោកប៊ុន រដ្ឋា។ យ៉ាងតិចមានកុមារីមា្នក់ឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែងក្នុង ខណៈពេលចូលបង្ក្រាបនោះ។ ពុំមានមន្ត្រីសមត្ថកិច្ចណាម្នាក់ត្រូវបានចាប់ខ្លួន ឬក៏នាំយកមកកាត់ទោសនៅឡើយទេ ក្រោយពីបានបាញ់សម្លាប់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ៕