ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលលោកខៀវ កញារិទ្ធ បានឲ្យដឹងថារដ្ឋាភិបាលកំពុងពិចារណានៅឡើយថាតើនឹងត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋសាមញ្ញចូលគោរពវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះបរមរាជវាំងដោយរបៀបណា។
លោកខៀវ កញារិទ្ធ បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ការចូលគោរពវិញ្ញាណខន្ធព្រះបរមសពក្នុងព្រះបរមរាជវាំងត្រូវបានធ្វើឡើងតាមស្ថាបនរដ្ឋនិងមន្ដ្រីផ្លូវការជាមុន។
«ដំបូងយើងទទួលអ្នកដែលមានអង្គការចាត់តាំងសិន។ ជាស្ថាបន បន្ទាប់មកយើងគិតថាតើត្រូវឲ្យប្រជាជនសាមញ្ញចូលរបៀបណា។ តើគាត់ត្រូវចូលដល់ក្នុងឬគាត់នៅត្រង់ណា។ ពីព្រោះបើសិនជាប្រជាជន១លាននាក់ចូលតើគាត់ចូលដោយរបៀបម៉េច ហើយតើយើងធានាសុវត្ថិភាពរបៀបណា»។
គិតរហូតមកទល់ពេលនេះអតីតព្រះមហាក្សត្រយាងចូលទវង្គតបានចំនួន១៥ថ្ងៃហើយ។ ក្រុមប្រជាពលរដ្ឋនៅតែបន្តកន្ទុយគ្នាមកគោរពវិញ្ញាណក្ខន្ធព្រះអង្គរាប់ពាន់នាក់ក្នុងមួយថ្ងៃ។ ក្នុងនោះប្រជាពលរដ្ឋមួយចំនួនមកពីខេត្តនានាផងដែរ។ ប្រជាពលរដ្ឋមួយចំនួនបានស្នាក់នៅជាច្រើនថ្ងៃក្នុងទីក្រុងភ្នំពេញ ដោយសង្ឃឹមថានឹងអាចបានចូលព្រះបរមរាជវាំងគោរពវិញ្ញាណក្ខន្ធព្រះបរមសព។
លោកខៀវ កញារិទ្ធ លើកឡើងថា ប្រជាពលរដ្ឋនៅមានរយៈពេលបីខែទៀតនៅឡើយសម្រាប់ចូលគោរពព្រះបរមសព។
«ហើយបីខែនោះតើនឹងមានមនុស្សប៉ុន្មានលាននាក់នឹងមកហើយតើគាត់ត្រូវដើរមកដោយរបៀបណា។ បើឲ្យមនុស្សចូលទៅថ្វាយបង្គំមឈូសាតែម្តងមិនអាចធ្វើបានទេ។ គឺមានតែដើរកាត់ធម្មតានិងថ្វាយបង្គំពីណាទៅណាតែប៉ុណ្ណោះ»។
លោកគង់ សំអុល ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងត្រូវដាក់ម៉ាស៊ីនរាប់ចំនួនមនុស្សសម្រាប់ចូលក្នុងព្រះបរមរាជវាំងផងដែរដើម្បីមានលទ្ធភាពកំណត់ចំនួនមនុស្សចូលគោរពព្រះវិញ្ញាណក្ខន្ធ៕