ប្រទេសកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានបានបញ្ជូនលិខិត ជាផ្លូវការទៅឲ្យប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែទាំង៥នៅថ្ងៃសុក្រនេះ ដើម្បីស្នើសុំឲ្យប្រទេសទាំងនោះចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០១២នេះ។
ការបញ្ជូនលិខិតជាផ្លូវការនេះបានធើ្វឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្រេចធើ្វបែបនេះក្នុងកិច្ចប្រជុំមួយនៅខេត្តសៀមរាបកាលពីសបា្តហ៍មុន។
លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជាបានជួបជាមួយតំណាងនៃប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែទាំង៥ រួមមានសហរដ្ឋអាមេរិក ចិន អង់គ្លេស បារាំង និងសហព័ន្ធរុស្ស៊ី។
លោករដ្ឋមន្រ្តីការបរទេស ហោ ណាំហុង បានប្រគល់លិខិតជូនឯកអគ្គរដ្ឋទូតនៃប្រទេសនីមួយៗប្រចាំកម្ពុជា។
លោក កួយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយពីជំនួបថាប្រទេសកម្ពុជាបានជំរុញឲ្យប្រទេសមហាអំណាចទាំង៥ ចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានេះ នៅពេលដែលកម្ពុជាធើ្វជាប្រធានអាស៊ានក្នុងឆ្នាំ២០១២នេះ។
«យើងស្នើសុំប្រទេសមហាអំណាចទាំង៥ឆ្លើយបំភ្លឺឲ្យបានឆាប់ដើម្បីអាចចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះឲ្យបានឆាប់ ដើម្បីអាចចុះហត្ថលេខាលើពិធីសារនេះនៅក្នុងឆ្នាំ២០១២ ក្នុងខណៈដែលកម្ពុជាធើ្វជាប្រធានអាស៊ាន ព្រោះ
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ពីព្រោះការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានេះគឺរួមចំណែកដល់ការពង្រឹងតំបន់អាស៊ីអាគ្នេយ៍យើងនេះជាតំបន់គ្មានអាវុធនុយក្លេអ៊ែ ហើយនេះជាការពង្រឹងដល់សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែផងដែរ»។
លោក កួយ គួង បានបញ្ជាក់ថាតំណាងប្រទេសមហាអំណាចទាំង៥នេះមិនមានយោបល់ចំពោះលិខិតនេះទេ។ ប៉ុន្តែបានទទួលយកលិខិតនេះបញ្ជូនទៅឲ្យរដ្ឋាភិបាលរបស់ពួកគេ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថាគោលនយោបាយបានដើរស្របជាមួយគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ដែលប្រឹងប្រែងរារាំងប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់មិនឲ្យផលិតអាវុធនុយក្លេអ៊ែ។
«វាជាជោគជ័យមួយសម្រាប់កម្ពុជា និងអាស៊ាន បើតំបន់ អាស៊ានអាចរួចចាកពីសព្វាវុធនុយក្លេអ៊ែនេះ។ នេះជាការណ៍ល្អ ជាពិសេសក្នុងបរិបទយុទ្ធសាស្រ្តរបស់ប្រទេសមហាអំណាចសព្វថ្ងៃនេះ។
លោក កួយ គួង បានបញ្ជាក់ថាអាស៊ានបានចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែនៅតំបន់អាស៊ានក្នុងឆ្នាំ១៩៩៥ ហើយ២ឆ្នាំក្រោយមក សន្ធិសញ្ញានេះបានចូលជាធរមាន។
លោក កួយ គួង បានបន្ថែមថាការចរចារវាងអាស៊ាន និងប្រទេសមហាអំណាចទាំង៥ បានធើ្វឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១១ ហើយប្រទេសមហាអំណាចទាំង៥ បានឯកភាពគ្នាជាគោលការណ៍ដើម្បីចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ាន។
បណ្តាប្រទេសអាស៊ានរួមមានកម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភូមា ប្រ៊ុយណេ សឹង្ហបូរី និងហ្វីលីពីន៕