ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រូវការ​សហគមន៍​អន្តរជាតិ​ជួយអភិរក្ស​វប្បធម៌


រូប​ចម្លាក់​ព្រឹទ្ធាចារ្យ​ប្រៀន​ប្រដៅ​ និង​ជា​កវី​និពន្វ​ ភិរម្យ​ ភាសា​ អ៊ូ​ ហៅ​ ង៉ុយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។​
រូប​ចម្លាក់​ព្រឹទ្ធាចារ្យ​ប្រៀន​ប្រដៅ​ និង​ជា​កវី​និពន្វ​ ភិរម្យ​ ភាសា​ អ៊ូ​ ហៅ​ ង៉ុយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ ប្រទេស​កម្ពុជា​បាន​ស្នើ​សភា​អាស៊ី​ឱ្យ​ជួយ​ការពារ​សម្បត្តិ​បេតិកភណ្ឌវប្បធម៌​របស់​ខ្លួន​ ដែល​បាន​បាត់​បង់​ និង​ខូច​ខាត​ដោយសារ​សង្គ្រាម​ជិត​៣០​ឆ្នាំ។ សំណើនេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ បាន​ចាប់​ផ្តើមពិភាក្សា​ជា​មួយ​ប្រទេស​ចំនួន​១០​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​អាស៊ី សំដៅ​រិះរក​វិធី​សាស្ត្រ​ដ៏ល្អ​ប្រសើរ​សម្រាប់​ការ​ការពារ ​និង​ការ​គោរព​វប្បធម៌​ចម្រុះ​នៅ​តំបន់​អាស៊ី។

គណៈប្រតិភូ​សភា​មក​ពី​ប្រទេស​អីរ៉ង់ គូវ៉េត ស៊ីរី ម៉ាល់ឌិវ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ថៃ តួគី និង​ប្រទេស​វៀណាម​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អនុ​គណៈ​កម្មាធិការ​នៃសភា​អាស៊ី​ស្តី​អំពី​ការ​ការពារ និង​ការ​គោរព​វិញ្ញត្តិ​វប្បធម៌​នៅ​តំបន់​អាស៊ី​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី៥​ដល់​ថ្ងៃ​ទី៦​ ខែកក្កដា។

លោក​ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​អាស៊ី​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal) ថា ប្រទេស​កម្ពុជា​ត្រូវ​ការ​ចាំបាច់​នូវ​កិច្ច​ការពារ​ដ៏​រឹងមាំ​ ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​ខ្លួន ដោយ​ពឹង​ផ្អែក​លើ​មូលដ្ឋាន​គតិយុត្ត និង​ការ​គាំទ្រ​របស់សហគមន៍​អន្តរជាតិ។ លោក​ហ៊ឹម ឆែម​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ប្រឈម​នឹង​ភាព​ក្រីក្រ និង​សេដ្ឋកិច្ច​ទន់​ខ្សោយ ប៉ុន្តែ​មាន​ខឿន​វប្បធម៌ និង​អារិយធម៌​មួយ​ដ៏​យូរ​លង់​ប្រចាំ​តំបន់​អាស៊ី និង​សម្បូរ​ដោយ​បេតិកភណ្ឌវប្បធម៌​រូបិយ ​និង​អរូបិយ​នៅ​ពោស​ពេញ​ផ្ទៃ​ប្រទេស​។ លោក​បន្ត​ទៀត​ថា៖

«កម្ពុជាយល់​យ៉ាង​ច្បាស់​ថា កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​មិន​អាច​ធ្វើ​តែ​ឯក​ឯង​បាន​ នោះ​ទេ។ ការ​ទាម​ទារ​ចាំ​បាច់​ត្រូវ​មាន​ការ​សហការ និង​ការ​ចូល​រួម​ពី​សហគមន៍​អន្តរជាតិ​ជា​ពិសេស​ បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ខាង​ភូមិ​របង​ជា​មួយ​ និង​ក្នុង​តំបន់»។

ក្រុមអ្នក​ជំនាញ​បាន​និយាយ​ថា ប្រទេស​កម្ពុជា​ពឹង​ពាក់​ទៅ​លើ​ជំនួយ​ថវិកា​ បច្ចេកទេស​ និង​ស្មារតី ​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​ការងារ​អភិរក្ស​ និង​អភិវឌ្ឍន៍វប្បធម៌​របស់​ខ្លួន។

លោក​អាមៀរ ហូសេន ហ្សាមានីនីយ៉ា (Amir Hossein Zamaninia) ជំនួយ​ការ​អគ្គ​លេខាធិការ​នៃ​សភា​អាស៊ី​បាន​ថ្លែង​ថា៖

«យើង​ជួប​គ្នា​នៅ​រាជធានី​ភ្នំពេញ​នេះ ដើម្បី​ទទួល​ស្គាល់​ថា វប្បធម៌​ចម្រុះ​ និង​ការ​ស្វែង​រក​ការ​អភិវឌ្ឍ​វប្បធម៌​របស់​ប្រជា​ពលរដ្ឋ​ និង​ប្រទេស​ជាតិ​នានា គឺ​ជា​ប្រភព​នៃ​ការ​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ជិវិត​វប្បធម៌​ របស់​មនុស្ស​ជាតិ ជា​ពិសេស សន្តិភាព​ ការ​យោគយល់​ និង​មិត្ត​ភាព​ក្នុង​ចំណោម​បុគ្គល​ និង​ប្រជា​ពលរដ្ឋ​ដែល​មាន​វប្បធម៌​ផ្សេងៗ​គ្នា។ យើង​ត្រូវ​ការ​ជឿ​ជាក់​ទៅ​លើ​ការពិត​ ដែល​មិន​អាច​ប្រកែក​បាន​ថា វប្បធម៌​សន្តិភាព​ប្រាកដ​ជា​បង្កើត​នូវ​ភាព​អហិង្សា​ និង​ការ​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ សិទ្ធិ​មនុស្ស និង​ពង្រឹង​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ ​និង​ប្រទេស​ជាតិ​ដែល​មាន​វប្បធម៌ ​និង​ប្រពៃណី​ចម្រុះ»។

លោក ​ប៉ាន់ សំបូរ ប្រធាន​សម្ព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវា​កម្ម​កម្ពុជា​បាន​ថ្លែង​ថា ការ​ប្រជុំ​របស់​សភា​អាស៊ី​នេះ ផ្តល់​ផល​ប្រយោជន៍យ៉ាង​សំខាន់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ការ​ទាក់​ ទាញ​ទេសចរ​ក្នុង​តំបន់ ​និង​ពិភពលោក ឱ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​ អារ្យធម៌ ​វប្បធម៌​ ទំនៀមទម្លាប់​ និង​ប្រពៃណី​ខ្មែរ។

លោក ​ព្រីម ភ្លឿង នាយក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​បញ្ជាក់​ថា ជំនួប​នេះជួយ​លើក​កម្ពស់ ​ការ​អភិរក្ស ​និងការ​អភិវឌ្ឍ​វប្បធម៌​របស់​យើង។

XS
SM
MD
LG