លោកស្រីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានចូលរួមជាមួយមន្រ្តីជាន់ខ្ពស់តំបន់អាស៊ីអាគ្នេយ៍ដើម្បីពិភាក្សាកម្រិតខ្ពស់នៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ។ ជំនួបរបស់អស់លោករដ្ឋមន្រ្តីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បាននិយាយសម្រាលការរង្កៀសចិត្តរវាងរដ្ឋជាសមាជិកអាស៊ាននិងចិនអស់រយៈពេលមួយសប្តាហ៍ពេញ។ នៅខាងក្រោយឆាក មានការតានតឹងបន្តិចបន្តួចចាប់តាំងពីជម្លោះផ្លូវនាវាចរណ៍បានបន្តធ្វើឲ្យមានភាពខុសគ្នាជាមួយនឹងការធានាអះអាងជាសាធារណៈនៃកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នារបស់អស់លោករដ្ឋមន្រ្តី។
ចូលក្នុងសប្តាហ៍នេះ អ្នកវិភាគ បានព្យាករណ៍ថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងនឹងបង្កើតជាផ្នែកដ៏សំខាន់មួយនៃការពិភាក្សានៅក្នុងទីក្រុងភ្នំពេញ។ ជម្លោះនោះបានដាក់ប្រទេសបួនដែលជាសមាជិក អាស៊ានឲ្យមានការប្រកួតប្រជែងទាមទារទឹកដីនោះប្រឆាំងនឹងចិន ដែលបានទាមទារផ្នែកភាគច្រើននៃដែនទឹកនោះ។
ប៉ុន្តែ នៅសប្តាហ៍នេះ មានការផុសចេញនៃភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងហួសពីព្រំដែនអាស៊ាន។ ជប៉ុន បានប្រកាសថាខ្លួន បានចាប់ផ្តើមធ្វើការប្រឆាំងតវ៉ាជាផ្លូវការជាមួយចិន បន្ទាប់ពីនាវាចិន បានបើកជិតប្រជុំកោះសិនកាគុ (Senkaku) ដែលជាកោះដាច់ស្រយាលដែលបានទាមទារដោយប្រទេសទាំងពីរ។ ទាំងជប៉ុននិងចិន ជាសមាជិកនៃដៃគូសន្ទនាមិនពេញសិទ្ធិរបស់អាស៊ាន។ ប៉ុន្តែ បញ្ហានេះ នៅតែកើតឡើងក្នុងអំឡុងពេលនៃការពិភាក្សាទ្វេភាគីនៅសប្តាហ៍នេះ។
លោកស្រី ណាអុកុ សាអ៊ីគី (Naoko Saiki) ជាអ្នកនាំពាក្យឲ្យរដ្ឋមន្រ្តីការបរទេសជប៉ុន។
«ដោយផ្អែកលើការពិតនៃប្រវត្តិសាស្រ្តនិងមូលដ្ឋាននៃច្បាប់ប្រវត្តិសាស្រ្ត មិនមានការងឿងឆ្ងល់ថាប្រជុំកោះសិនកាគុ ជាដែនដីពីសម័យបុរាណរបស់ជប៉ុន។ បន្ថែមពីនេះទៀត ជប៉ុន បានរក្សាការត្រួតត្រាប្រកបដោយសុពលភាពលើប្រជុំកោះទាំងនោះ។ »
ក្នុងសេចក្តីថ្លែងការណ៍នៅសប្តាហ៍នេះ ស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ បានបញ្ជាក់ថា លោក យ៉ាង ជៀជី (Yang Jiechi) បានជួបជាមួយលោក កូអ៊ីឈីរ៉ូ ហ្គេមបា (Koichiro Gemba) រដ្ឋមន្រ្តីការបរទេសជប៉ុននៅខាងក្រៅជំនួប អាស៊ាន សេចក្តីថ្លែងការណ៍ បានប្រាប់ឲ្យដឹងថាលោក យ៉ាងបានបញ្ជាក់ថាប្រជុំកោះដែលគេស្គាល់នៅក្នុងប្រទេសចិនថាជា ដៅយូ (Diaoyu) ជានិច្ចជាកាលបានស្ថិតនៅក្នុងទឹកដីរបស់ចិនចាប់តាំងពីសម័យបុរាណមក ដែលចិន មានអធិបតេយ្យភាពដែលគ្មានប្រទេសណាអាចទាមទារបាន។
ជាសាធារណៈប្រទេសទាំងពីរប្រកាសថាពួកគេនឹងមិនធ្វើឲ្យជម្លោះនោះប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនទេ។
ប៉ុន្តែសម្រាប់ហ្វីលីពីន ដែលជាសមាជិកអាស៊ាន ដែរនោះ បានព្យាយាមធ្វើឲ្យមានការពិភាក្សាជឿនលឿនពីសមុទ្រចិនក្នុងមួយសប្តាហ៍ពេញ វាជាដែននាវាចរណ៍ចម្រូងចម្រាសដ៏ព្រួយកង្វល់មួយទៀតពាក់ព័ន្ធនឹងប្រទេសចិន។ កាលពីថ្ងៃពុធ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន អលប៊ត ដែល រ៉ូសារីយ៉ូ (Albert Del Rosario) បានធ្វើការប្រៀបធៀបរវាងប្រជុំកោះចម្រូងចម្រាស សិនកាគុ និងតួនាទីរបស់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង។
«មើលទៅពួកគេ កាន់តែគឃ្លើនឡើងជារៀងរាល់ថ្ងៃ»។
ជំនួបរបស់អាស៊ាននៅសប្តាហ៍នេះ នឹងបញ្ចប់នៅថ្ងៃសុក្រនេះ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន