ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​កំពូល​ជា​ការ​សាក​ល្បង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​អាស៊ាន


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន (ស្តាំ) លើកញញួរ​ឈើរ​បន្ទាប់​ពី​ទទួលធ្វើជា​ប្រធាន​របស់​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះពី​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាមបាង យូថូយ៉ូណូ ក្នុង​ពិធី​ផ្ទេរនៅឯសន្និសីទ​កំពូល​អាស៊ាន នៅ​កោះបាលី ថ្ងៃទី១៩ វិច្ឆិកា ២០១១។ REUTERS
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន (ស្តាំ) លើកញញួរ​ឈើរ​បន្ទាប់​ពី​ទទួលធ្វើជា​ប្រធាន​របស់​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះពី​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាមបាង យូថូយ៉ូណូ ក្នុង​ពិធី​ផ្ទេរនៅឯសន្និសីទ​កំពូល​អាស៊ាន នៅ​កោះបាលី ថ្ងៃទី១៩ វិច្ឆិកា ២០១១។ REUTERS

នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​កិច្ច​ប្រជុំ​អាស៊ាន​មានការ​ចូល​រួម​ពី​បណ្តា​ប្រទេស​មិនមែន​សមាជិក​កាន់​តែ​ច្រើន​ របៀប​វារៈ​សិទ្ធិ​មនុស្ស​តំបន់​កាន់​តែ​លេច​ធ្លោ ​ហើយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ទទួល​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន។

ប្រទេស​កម្ពុជា ​ដែល​ជា​ប្រធាន​របស់​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះ ​នៅ​ក្នុង​សប្តាហ៍​នេះ ​បានចេញផ្សាយ​របៀប​វារៈ​របស់​ខ្លួន​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើក​ទី​២០ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រសប្តាហ៍​នេះ​ ហើយមាន​រយៈ​ពេល៥​ថ្ងៃ។

កិច្ច​ប្រជុំ​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ការ​សាក​ល្បងសំខាន់​មួយ​ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ​របស់ប្រទេស​កម្ពុជា។

របៀប​វារៈ​នេះ​នឹង​មិន​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា​ដោយផ្ទាល់​ទេ។ សមុទ្រ​ចិន​ខាង​ត្បូងជា​ដែន​សមុទ្រ​មាន​ជម្លោះ​រវាងប្រទេស​អាស៊ាន​មួយ​ចំនួន ​កោះ​តៃវ៉ាន ​និង​ប្រទេស​ចិន។

លោក ឌីណូ ប៉ាទ្ទី ដ្យាឡាល់ (Dino Patti Djalal) ឯក​អគ្គរដ្ឋ​ទូត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា ​ប្រទេស​និមួយៗ​ត្រូវ​កំណត់​របៀប​វារៈ​ដោយ​ខ្លួន​ឯង ​នៅ​ពេល​ដែល​ខ្លួន​ជា​ប្រធាន​អាស៊ាន។ ប៉ុន្តែ​លោកថ្លែង​ថា ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រាថ្នា​ចង់ឃើញ​ឲ្យ​មាន​ការ​សម្រេច​កិច្ចការ​ច្រើន​ថែម​ទៀត ​ចំពោះ​គម្រោងការអាស៊ាន​នៅ​ក្រោយ​ឆ្នាំ​២០១៥ ដែល​ជា​ឆ្នាំ​គេ​បាន​កំណត់​ថា​តំបន់​អាស៊ាននឹង​បាន​ធ្វើ​សមាហរណកម្ម​រួច​រាល់។

«កិច្ច​ការ​មួយ​ទៀត​ដែរ គឺ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ កិច្ច​ពិភាក្សា​នៅ​ក្នុង​ក្រុម​ការងារអាស៊ាន-ចិនសម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ដំណើរការ​ទៅ​មុខ​បាន​ឆាប់។ ខ្ញុំ​ប្រាកដថា​ មិន​មាន​អ្នក​ណាក្នុង​ចំណោម​គ្នា​យើង ​ចង់​រង់​ចាំ​១០​ឆ្នាំ​ទៀត​ទម្រាំ​ឃើញមាន​ការសម្រេច​កិច្ចព្រមព្រៀងក្រម​ប្រតិបត្តិ (Code of Conduct) ទេ។ យើង​មិន​មាន​ពេល​១០​ឆ្នាំ​ទៀត​នោះ​ទេ។ ហើយ​ខ្ញុំ​ដឹង​ថា ​សហការីកម្ពុជា​របស់​យើង​កំពុង​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​កិច្ច​ពិភាក្សា​ទាំង​នេះ​នឹង​មាន​សម្ទុះ​ជា​បន្ត​ទៀត»។

ប៉ុន្តែ​អ្នក​សង្កេត​ការណ៍​និយាយ​ថា ​បញ្ហា​ទាំង​នេះ​នឹងនៅ​តែ​អាច​លេច​ឡើង​ក្នុង​ការពិភាក្សា ​បើ​ទោះ​បី​ជា​មិន​មាន​ក្នុង​របៀបវារៈ​ក៏​ដោយ។

អ្នក​ស្រី ប៉េក គូន​ហេង (Pek Koon Heng) នាយក​មជ្ឈមណ្ឌល​ការ​សិក្សា​អាស៊ាន​នៅ​សាកលវិទ្យាល័យ​ American University ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា ​នៅ​ក្នុង​សមាគម​អាស៊ាន ​គេ​អាច​សម្រេច​បាន​ការ​ផ្លាស់​ប្តូរច្រើន​ជាង​នៅ​ពេល​ដែល​ប្រទេស​សមាជិក​អាស៊ាន​មួយដឹកនាំគេ​ដោយ​ធ្វើ​ជា​គំរូ ​ជាជាង​ដឹកនាំ​ដោយ​ការ​រិះគន់ ​ឬ​ចង់​ណែនាំ​ប្រដៅអ្នក​ផ្សេងដោយ​ផ្ទាល់។

«វា​ដូច​ជា​បក្សី​ដែល​ហើរ​ជា​ក្រុម​អញ្ចឹង។ បក្សីដែល​នៅ​មុខ នាំផ្លូវ ហើយ​បក្សី​ដទៃ​ទៀត​ហើរ​តាម​ពី​ក្រោយ។ ដូច្នេះ​រឿង​នេះ​វា​នៅ​ត្រង់​ថា ​តើ​បក្សី​ដែល​ហើរ​តាម​ពី​ក្រោយ​ ហើរ​លឿន​ឬ​យឺត​កម្រិត​ណា? នេះ​ហើយ​ជា​ដំណើរការ​របស់​អាស៊ាន​នោះ​ឯង»។​

នេះ​មាន​ន័យ​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង​ និង​បញ្ហា​ដទៃ​ទៀត​នឹង​ត្រូវ​ដោះស្រាយ​បន្តិច​ម្តងៗ។

ប៉ុន្តែ​ដោយ​ប្រទេស​កម្ពុជា​ជា​ប្រធាន​នៅ​ក្នុង​ឆ្នាំ​នេះ ​ហើយមាន​ប្រទេស​ប្រ៊ុយណេ​និង​ភូមា​ជា​ប្រធាន​នៅ​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​នោះ​ គេ​មិន​ទាន់​ដឹង​ថា​ប្រទេស​អាស៊ាន​ទាំង​នេះ​ អា​ច​បន្តគំរូនៃភាព​ជា​អ្នក​ដឹកនាំ​របស់​ប្រទេស​ឥណ្ឌូនេស៊ីទៀតឬ​ទេ។

«ខ្ញុំ​គិត​ថា​ប្រទេសអាស៊ាន​ដែល​មាន​សមត្ថភាព​តិច​ជាង​ តែង​ត្រូវ​ជួយ​ដោយ​ប្រទេស​អាស៊ាន​ដែល​ខ្លាំងជាង។ ប៉ុន្តែវា​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ ​ថា​តើ​ប្រទេស​កម្ពុជា​អាច​បន្ត​ភាព​ជា​អ្នក​ដឹកនាំ​នេះ​ដែរ​ឬ​ទេ​ក្នុង​ឆ្នាំ​នេះ»។

អ្នកស្រី​ ហេង និយាយថា រឿង​នេះក៏​ជា​ការ​សាកល្បង​មួយ​របស់អង្គការ​អាស៊ាន​ទាំង​មូលផង​ដែរ​សម្រាប់​ពេល​អនាគត​ទៀត។

XS
SM
MD
LG