ក្រុមអង្គការសង្គមស៊ីវិលចំនួនពីរក្រុមបានបើកវេទិកាដោយឡែកៗពីគ្នាដើម្បីយកគោលគំនិតប្រគល់ជូនមេដឹកនាំនៃបណ្ដាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយនេះ។
កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញនឹងបើកជាផ្លូវការនៅថ្ងៃអង្គារទី៣ ខែមេសាប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលមួយក្រុមក្នុងចំណោមក្រុមទាំងពីរមិនត្រូវបានរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនិងជាប្រធានប្ដូរវេននៃសមាគមអាស៊ានទទួលស្គាល់នោះទេ។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា និង ជាគណៈកម្មការដឹកនាំការរៀបចំវេទិកា មួយ ដែលមានឈ្មោះថា «វេទិកាប្រជាពលរដ្ឋអាស៊ាន ២០១២» ប៉ុន្តែរដ្ឋាភិបាលមិនគាំទ្រវេទិកានេះទេ។ វេទិការបស់លោកស្រីបានផ្តោតលើបញ្ហាទំនាស់ដីធ្លី និងពលករចំណាកស្រុកនិងលទ្ធិ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្ដែលោកស្រីបានទទួលរងការធ្វើទុក្ខបុកម្នេញពីម្ចាស់សណ្ឋាគារចំនួនពីរក្នុងក្រុងភ្នំពេញ ដោយពួកបានបដិសេធជួលបន្ទប់សណ្ឋាគារ ខណៈដែលក្រុមអង្គការរបស់លោកស្រីផ្តោតការពិភាក្សាលើបញ្ហាទំនាស់ដីធ្លី។
យ៉ាងណាក៏ដោយលោកស្រី ធីតា ឃឹះ នៅតែរក្សាការពិភាក្សាលើបញ្ហាដ៏សំខាន់នេះ។នៅក្នុង«វេទិកាប្រជាពលរដ្ឋអាស៊ាន ២០១២» ដែលលោកស្រីបានរៀបចំនេះ មានអង្គការក្នុងស្រុកចំនួនជាង ៤០០និងអង្គការមកពីក្រៅប្រទេសចំនួនជាង១០០ និងមានអ្នកចូលរួមសរុប ប្រមាណជា ១.០០០ នាក់។
លោកស្រី ធីតា ឃឹះ រំពឹងថា លទ្ធផលនៃការជជែកក្នុងវេទិការបស់លោកស្រី នឹងត្រូវបានដឹង ឮដោយមេដឹកនាំប្រទេសជាសមាជិកសមាគមអាស៊ាន។
«យើងសង្ឃឹមថាត្រូវទៅដល់ថ្នាក់ដឹកនាំអាស៊ាន តាមរយៈរដ្ឋាភិបាលផង គាត់មិនព្រមយកយើងធ្វើតាមរបៀបផ្សេងទៀត។ យើងចុះនៅលើសារព័ត៌មានសង្គមស៊ីវិលមកពីប្រទេសទាំង៩ ទៀត នឹងយកសេចក្តីថ្លែងការណ៍នេះទៅឱ្យថ្នាក់ដឹកនាំរបស់គេនៅក្នុងប្រទេសគេ។ យើងនឹងផ្ញើទៅតាមស្ថានទូតផង»។
លោកស្រីនាយិកាអង្គការ សីលកា មានប្រសាសន៍ថា តាមរយៈការរឹតត្បិតលើវេទិកានេះបង្ហាញថា លំហលទ្ធិប្រជាធិបតេយ្យនៅមានលក្ខណៈចង្អៀតនៅឡើយនៅក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលបានជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលដែលមិនល្បីឈ្មោះចំនួនពីររូបដែលខ្លួនបានដៅទុករួចជាស្រេចទៅហើយនោះសម្រាប់ឲ្យចូលរួមផ្ដល់សំឡេងក្នុងកិច្ច ប្រជុំកំពូលអាស៊ាន។
ក្នុងនោះគឺលោកស្រី ហូយ សុជីវណ្ណី នាយិកាអង្គការបម្លាស់ប្ដូរជាវិជ្ជមានសម្រាប់ កម្ពុជា និង លោក សុខ ធីវុធ ប្រធានសមាគមយុវជនកម្ពុជាអាស៊ាន។
តំណាងអង្គការទាំងពីររូបនោះ ស្ថិតក្នុងក្រុមអង្គការក្រៅរដ្ឋាភិបាលមួយក្រុមទៀតដែលរៀបចំវេទិកា ដែលមានឈ្មោះថា «សន្និសីទសង្គមស៊ីវិលនិងវេទិកាប្រជាជនអាស៊ាន ២០១២»។
វេទិកានេះមានអង្គការក្នុងស្រុកប្រមាណជា៣០០ និងអង្គការមកពីក្រៅប្រទេសចំនួនជាង ៩០ចូលរួម និងអ្នកចូលរួមប្រមាណជិត ១.០០០នាក់ ក្នុងនោះរាប់ទាំងមន្ដ្រីរដ្ឋាភិបាលផងដែរ។
វេទិកានេះ បានផ្តោតកិច្ចពិភាក្សាលើបញ្ហាយេនឌ័រ ពលករចំណាកស្រុក និង សិទ្ធិរបស់ជនពិការក្នុងការទទួលបានការអប់រំ និងការស្វែងរកការងារធ្វើ។ ប៉ុន្ដែមិនមានការពិនិត្យលើបញ្ហា ទំនាស់ដីធ្លីដែលរីករាលដាលក្នុងប្រទេសកម្ពុជានោះទេ។ ហើយវេទិការយៈពេលបីថ្ងៃនេះបាន បញ្ចប់កាលពីថ្ងៃសុក្រ គឺមួយថ្ងៃមុនការបញ្ចប់នៃវេទិកាដែលរៀបចំដោយលោកស្រី ធីតា ឃឹះ។
លោក អៀង អូននី ប្រធានគណៈកម្មការរៀបចំវេទិកានេះបានលើកឡើងថា ការខកខាន ក្នុងការលើកយកបញ្ហាទំនាស់ដីធ្លីមកពិភាក្សាក្នុងកិច្ចប្រជុំនេះពីព្រោះមិនមាន អង្គការណា ឬ ប្រជាពលរដ្ឋណាម្នាក់ ក្នុងចំណោមអ្នកចូលរួមបានស្នើសុំឲ្យដាក់ប្រធានបទនោះឡើយ។
«ប៉ុន្តែប្រធានបទមួយដ៏សំខាន់ ដែលយើងគិតថា មានការចាប់អារម្មណ៍ច្រើន គឺទាក់ទង ជាមួយនឹងយេនឌ័រ និងការអភិវឌ្ឍ។ យើងឃើញថា មានការលើកឡើងពីបញ្ហានេះច្រើនជាមួយគ្នានេះ ក៏មានការលើកឡើងពីបញ្ហាសិទ្ធិរបស់ជនពិការ។ បាទ! គាត់មិនបានត្អូញខ្លាំងទេ។ គាត់គ្រាន់តែថា ឲ្យយើងបំពេញយន្តការ ដើម្បីឲ្យយើងអាចដោះស្រាយបញ្ហាហ្នឹង បានស្រួល និង ល្អជាងមុន។ ខ្ញុំសូមជម្រាបជូនផងដែរនៅក្នុងហ្នឹងមានការលើកឡើងពីពលកម្មចំណាកស្រុក។ នេះក៏ជាបញ្ហាកង្វល់មួយដែរ»។
លោក អៀង អូននី បញ្ជាក់ថា មតិយោបល់នៃកិច្ចពិភាក្សាក្នុងពេលនេះ នឹងត្រូវ ដាក់ជូនរដ្ឋាភិបាល និងដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី៣ ខែមេសា។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ហ៊ីម បូរី និស្សិតឆ្នាំទី៣ ផ្នែកបច្ចកវិទ្យាព័ត៌មាន នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលបានចូលរួមនៅក្នុង «សន្និសីទសង្គមស៊ីវិលនិងវេទិកាប្រជាជនអាស៊ាន ២០១២» បានសម្តែងការសោកស្តាយដែលថាបញ្ហាទំនាស់ដីធ្លី មិនត្រូវបានគេលើកយកមកពិភាក្សានោះ។
«ខ្ញុំសោកស្តាយមែនទែន។ បើសិនជាលើកយកមកនិយាយកាន់តែល្អ ប៉ុន្តែ ប្រធានបទគេ ឥតបានលើកយកមកនិយាយ។ ហើយការនិយាយហ្នឹងមានកម្រិតទៀត។ គេដាក់ប្រធានបទមកយើងត្រូវនិយាយត្រូវតែសួរនៅក្នុងប្រធានបទហ្នឹង។ ហើយដូចជាការស្នើសុំអញ្ចឹង គឺយើង ត្រូវតែស្នើសុំនៅខាងក្រៅប៉ុន្តែការស្នើសុំហ្នឹង ក៏មានកំណត់ដែរ»។
ទោះបីជាអង្គការពីរក្រុមបានធ្វើវេទិកាដាច់ដោយឡែកពីគ្នាឆ្ពោះទៅរកកិច្ចប្រជុំកំពូលអាស៊ាន ក៏ដោយ លោក អៀង អូននី បានមានប្រសាសន៍ថា លោកអាចនឹងជួយពាំនាំ នូវមតិ យោបល់ពីអង្គការសង្គមស៊ីវិលនៃក្រុមម្ខាងទៀតសម្រាប់ជូនដល់រដ្ឋាភិបាលនិងមេដឹកនាំនៃបណ្ដាប្រទេសសមាជិកអាស៊ានក្នុងកិច្ចប្រជុំកំពូលនោះ៕