រដ្ឋមន្ត្រីការបទេសអាស៊ានខកខានក្នុងការព្រមព្រៀងគ្នាទាំងស្រុងលើក្រមប្រតិបត្តិនៅក្នុងកិច្ចប្រជុំដ៏យូរមួយនៅល្ងាចថ្ងៃច័ន្ទនេះ។
ក្រមប្រតិបត្តិនេះគឺជាផ្នែកមួយនៃគោលការណ៍សម្រាប់អនុវត្តឆ្ពោះទៅរកដំណោះស្រាយវិបត្តិជម្លោះនៅដែនសមុទ្រចិនខាងត្បូង។ ជម្លោះដណ្តើមដែនដីជាប់ពាក់ព័ន្ធជាសំខាន់ជាមួយនឹងសមាជិកអាស៊ានចំនួនពីរគឺវៀតណាម និងហ្វីលីពីន ហើយប្រឈមជាមួយនឹងប្រទេសចិន មហាអំណាចដ៏នៅតំបន់អាស៊ី។
បើទោះបីជាមានការខកខានយ៉ាងនេះក្តី លោកកៅ គឹមហ៊ួន រដ្ឋលេខាការបរទេស និងជានាំពាក្យកិច្ចប្រជុំអាស៊ានក្នុងទីក្រុងភ្នំពេញថ្លែងនៅក្នុងសន្និសីទកាសែតនៅល្ងាចនេះថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្រេចគោលដៅសំខាន់មួយចំនួននៅក្នុងបញ្ហានេះ។
«រដ្ឋមន្ត្រីការបរទេសនៅរសៀលនេះ បានអនុម័តឧបករណ៍គន្លឹះនៃក្រមប្រតិបត្តិក្នុងចំណោមប្រទេសសមាជិកអាស៊ានតែប៉ុណ្ណោះ។ ហើយចាប់ពីពេលនេះពួកគាត់ត្រូវចាប់ផ្តើមជជែកឡើងវិញជាមួយប្រទេសចិន»។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមមន្ត្រីជាន់ខ្ពស់អាស៊ានបានជជែកជាមួយភាគីចិនលើក្រមប្រតិបត្តិស្តីពីជម្លោះដែនសមុទ្រចិនខាងត្បូងនេះ ហើយក្រមប្រតិបត្តិនេះត្រូវបានលើកយកមកពិភាក្សាដោយរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ដោយស៊ីពេលយ៉ាងយូរលើសពីការគ្រោងទុក។
លោកកៅ គឹមហ៊ួន បានពន្យល់ថា ក្រុមរដ្ឋមន្ត្រីការបរទេសបានពិភាក្សាបញ្ហាជាច្រើន ជាពិសេសបញ្ហានៃប្រទេសស៊េរី បញ្ហាឧបទ្វីបកូរ៉េ និងជម្លោះដែនសមុទ្រនេះ។
យ៉ាងណាក៏ដោយលោក ដាតូ ស្រ៊ី អានីហ្វាហ៍ អាម៉ាន (Dato' Sri Anifah Hj Aman) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនៅតែរក្សាសុទិដ្ឋនិយម។
«ខ្ញុំគិតថា វាកំពុងតែឈានទៅរកកិច្ចព្រមព្រៀង គឺជាការពិភាក្សាប្រកបទៅដោយផ្លែផ្កា ប្រកបទៅដោយភាពទន់ភ្លន់ និងប្រទេសនីមួយៗមានសិទ្ធិបញ្ចេញទស្សនរៀងៗខ្លួន»។
ដោយឡែកលោក ផាម ប៊ីញ មីញ (Pham Binh Minh) រដ្ឋមន្ត្រីការបរទេសវៀតណាម ដែលជាភាគីជម្លោះមួយដ៏តានតឹងជាមួយភាគីចិនបានអត្ថាធិប្បាយយ៉ាងខ្លីប្រាប់ក្រុមអ្នកយកព័ត៌មានថា៖
«ការប្រឹងប្រែងទាំងអស់ត្រូវតែស្ថិតនៅក្នុងគោលបំណងបង្កាមិនឲ្យមានឧបទ្ទវហេតុកើតឡើងក្នុងតំបន់សមុទ្រចិនខាងត្បូង»។
នៅថ្ងៃនេះដែរឯកអគ្គរដ្ឋទូតចិនក្នុងទីក្រុងភ្នំពេញ លោកផាន ហ្គ័ងស៊ូ (Pan Guangxue) មានប្រសាសន៍ថា ជម្លោះដែនដីនេះនឹងមិនធ្វើឲ្យប៉ះពាល់ទំនាក់ទំនងរវាងចិន និងសមាជិកអាស៊ានទេ។កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងភ្នំពេញដែលចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃនេះនឹងត្រូវបន្តរហូតទៅដល់ថ្ងៃទី១៣ខែកក្កដា៕