ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​៖ ​សហគមន៍​អន្ដរជាតិ​ត្រូវ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ពី​ភូមា


ប្រធានាធិបតី​និង​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​ថតរូប​ជុំគ្នា​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទី២០ និង​អបអរ​ខួប​ទី៤៥នៃ​សមាគម​អាស៊ាន ​នៅ​វិមាន​សន្តិភាព នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៣ មេសា ២០១២។
ប្រធានាធិបតី​និង​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​ថតរូប​ជុំគ្នា​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទី២០ និង​អបអរ​ខួប​ទី៤៥នៃ​សមាគម​អាស៊ាន ​នៅ​វិមាន​សន្តិភាព នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៣ មេសា ២០១២។

ប្រមុខ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​ទាំង​ដប់​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​សហ​រដ្ឋអាមេរិក ​និង​សហភាព​អឺរ៉ុប​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​ភូមា។ ​នេះ​បើ​យោង​ទៅ​តាម​ក្រុម​មន្ដ្រី​ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​នេះ។ ​កិច្ចប្រជុំ​កំពូល​ ដែល​នឹង​ដំណើរការ​ពី​ថ្ងៃ​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​ស្អែក​ ដោយមាន​ការ​ចូលរួម​ពី​នាយក​រដ្ឋមន្ដ្រី ​និង​ ប្រធានាធិបតី​នៃ​បណ្តាប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​ដប់។

សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​លើ​ប្រទេស​ភូមា។​ រីឯ​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អំណាច​យោធា​មួយ​នេះ​ ខាង​ផ្នែក​ហិរញ្ញវត្ថុ ​និង​ផ្នែក​សេដ្ឋកិច្ច។

លោក​កៅ ​គឹមហួន ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​មេ​ដឹកនាំ​កំពូល​ប្រទេស​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ឲ្យ​មាន​ការ​លើកលែង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។

«ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏​បាន​ស្នើសុំ​ឲ្យ​លើក​ទណ្ឌកម្ម​ទាំង​ឡាយ ​ដែល​កន្លង​មក​ដាក់​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​នេះ ​ព្រោះ​ការ​លើក​ទណ្ឌកម្ម​នេះ​អាច​វិជ្ជមាន​ល្អ​ សម្រាប់​ដំណើរការ​នៃ​ការ​ធ្វើ​ប្រជា​ធិបតេយ្យ ​ជាពិសេស​ទៀត​គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​មីយ៉ាន់ម៉ា​ហ្នឹង»។

ជាមួយ​គ្នា​នេះ ​លោក​Marty Natalegawa ​រដ្ឋមន្ដ្រី​ការបរទេស​ប្រទេស​ឥណ្ឌូណេស៊ី ​ក៏​បាន​បញ្ជាក់​ដូច​គ្នា​នេះ​ដែរ។ លោក ​Marty ​មាន​ប្រសាសន៍​ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​នេះ​ថា​ វា​ដល់​ពេល​វេលា​ ដែល​សហគមន៍​អន្ដរជាតិ​ ត្រូវ​ដក​ទណ្ឌកម្ម​ពី​ប្រទេស​ភូមា​ហើយ។ ​ជាពិសេស​លោក ​Marty Natalegawa ​បាន​សង្កត់ធ្ងន់​ទៅ​លើ​ព្រឹត្តិការណ៍​បោះឆ្នោត ​នៅ​ប្រទេ​សភូមា ​ដែល​លោក​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ជំហាន​កំពុង​ផ្លាស់​ប្តូរ​នៅ​ក្នុង​របប​នេះ។

«ការ​ដាក់​ទណ្ឌកម្ម​គឺ​អមនុស្សធម៌។ ​វា​អាច​ជា​ការ​រើសអើង​ខ្លាំង​ណាស់​ ហើយ​វា​មិន​មែន​ជា​គោល​ដៅ​ខ្ពស់​បំផុត​នោះ​ទេ»។

នៅ​ក្នុង​ការថ្លែង​បើក​សម័យ​ប្រជុំ​កំពូល​អាស៊ាន ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ហ៊ុន ​សែន​បាន​លើក​ពី​ការ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ​ហើយ​លោក​បាន​ព្រមាន​ថា​ វិបត្តិ​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប ​វិបត្តិ​នយោបាយ​នៅ​មជ្ឈឹម​បូព៌ា ​និង​នៅ​ទ្វីប​អាហ្វ្រិក​ អាច​ជា​ការ​គំរាមកំហែង​ទៅ​ដល់​ «ការ​ខិតខំ​ប្រឹងប្រែង»​ ដើម្បី​សម្រេច​គោលដៅ​ នៃ​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ពេញ​លេញ។​ នោះ​គឺ​សហគមន៍​អាស៊ាន​តែ​មួយ​ នៅ​ឆ្នាំ ​២០១៥៕

XS
SM
MD
LG