ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​មិន​ទាន់​ព្រមព្រៀង​លើ​ក្រម​ប្រតិបត្តិ​ស្តីពី​ជម្លោះ​ដែន​សមុទ្រ​ខណៈជំនួប​ឈាន​ដល់​ទី​បញ្ចប់​


ទូកនេសាទ​នៅ​ឯកោះ Ly Son នៃ​ខេត្ត Quang Ngai ប្រទេស​វៀតណាំ​ ១០ មេសា ២០១២។
ទូកនេសាទ​នៅ​ឯកោះ Ly Son នៃ​ខេត្ត Quang Ngai ប្រទេស​វៀតណាំ​ ១០ មេសា ២០១២។

មន្ត្រី​រាដ្ឋាភិបាល​មួយ​រូប​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន បានស្តី​បន្ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចំពោះ​អ្វី​ដែល​សមាគម​នេះ​មិន​អាច​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​រួម​លើ​ក្រមប្រតិបត្តិ​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រមប្រតិបត្តិ​នេះ ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយ​ទៅ​ជា​យន្តការ​សម្រាប់​អភិវឌ្ឍ​ដើម្បី​បញ្ចៀស​ជម្លោះ​ដ៏​តានតឹង​ខាង​លើ។ ជម្លោះ​នោះ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ចំនួន​បួន​រួមមាន​ប្រទេស​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ប៊្រុយនេ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​អាជីវកម្ម​ទៅ​លើ​ដែន​សមុទ្រ។

លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty M. Natalegawa) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​បង្ហាញ​ការខក​ចិត្ត​ចំពោះ​អាស៊ាន​ដែលមិន​បាន​សម្រេច​ទៅ​លើ​ក្រមប្រតិបត្តិ​លើ​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

«ខ្ញុំ​គិថា​ ពិត​ជា​មិនមែន​ជា​ការ​ទទួល​ខុសត្រូវ​ទេ​ប្រសិន​បើ​យើង​មិន​អាច​ឈាន​ទៅ​ដល់ការ​សម្រេច​ប្រការ​រួម​ស្តីពី​បញ្ហា​ជម្លោះ​នៃ​ដែន​សមុទ្រ​ចិន​ខាងត្បូង​នោះ។ នេះ​គឺ​ជា​ពេលវេលា​ដែល​អាស៊ាន ​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​ខ្លួនឯង​សកម្ម​នៅពេល​ដែល​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​រំពឹង​ថា អាស៊ាន​នឹង​សកម្ម។ ហេតុ​នេះ​ហើយ វាគួរ​ឲ្យ​ខកចិត្ត​ខ្លាំងណាស់​ដែល​យើង​មិនអាច​សម្រេច​បញ្ហា​នេះ​បាន»។

លោក ម៉ាទី ណាតាឡេហ្កាវ៉ា បាន​ថ្លែង​យ៉ាងដូច្នេះ​នៅពេល​ដែល​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បានបញ្ចប់​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន និង​វេទិកា​ប្រចាំ​តំបន់​ដែល​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី​ផ្សេងទៀត​ រួមទាំង​មាន​ការចួលរួម​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ផងដែរ។

លោក ស៊ុរីន ពិស៊ុវ៉ាន (Surin Pitsuwan) អគ្គលេខាធិការ​អាស៊ាន​បានបញ្ជាក់​ឡើងវិញ​ថា​ពាក្យ​គន្លឹះ​ និងការ​ប្រើប្រាស់​ដែនទឹក​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​កិច្ច​ពិភាក្សា។ លោក​បញ្ជាក់​ថា​នេះ​គឺ​ជា​បញ្ហា​បច្ចេកទេស។

«ពេលនេះ​គឺ​ជា​ការយឺតយ៉ាង​ដោយ​បញ្ហា​បច្ចេកទេស​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន ដែល​យើង​មិនអាច​រក​ដំណោះស្រាយ ឬជំហរ​រួម​លើ​បញ្ហា​តែ​មួយ​ប៉ុណ្ណោះ។ ខ្ញុំគិតថា​ដៃ​គូ​ពិភាក្សា​ទាំងអស់ និង​ប្រទេស​មហាអំណាច​សំខាន់​ៗ​នៅ​តែ​គាំទ្រ និង​សង្ឃឹម​ថា​អាស៊ាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ន័យ​នេះ»។

លោក កៅ គឹមហ៊ួន រដ្ឋលេខាធិការ​ការបរទេសកម្ពុជា និង​ជា​អ្នក​នាំពាក្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បានថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា ការជជែកគ្នា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ផ្តោត​ការ​ព្រួយបារម្ភ​ចំពោះ​ការ​អនុវត្ត​សេចក្តីប្រកាស​ប្រតិបត្តិ​លើ​ក្រម​ប្រតិបត្តិ និង​ការគោរព​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​រួមទាំង​កង្វល់​ទៅ​លើ​ការ​ទទួល​ស្គាល់​ច្បាប់​អន្តរជាតិ​នៅ​លើ​ដែន​សមុទ្រ​ជា​ដើម។

លោក កៅ គឹមហ៊ួន មិនទាន់​សន្និដ្ឋាន​ថា​តើ​កិច្ចប្រជុំ​លើក​នេះ​អាច​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​សម្រាប់​អនុម័ត​ក្រមប្រតិបត្តិ ឬ​យ៉ាង​ណា។

«យើង​ឃើញ​ថា​ការ​ចរចា​នៅ​ពេល​នេះ មិន​ទាន់​បានសម្រេច​នៅ​ឡើយ​។ អញ្ចឹង​យើង​សង្ឃឹម​ថា អាច​មាន​ការពិភាក្សា​បន្ត​ទៅ​ទៀត»។

កាល​ពី​ថ្ងៃ​ពុធ ចិន​បាន​ទទួច​ឲ្យ​អាស៊ាន​គិតគូរ​យ៉ាងម៉ត់ចត់​នៅ​ក្នុង​ការសម្រេច​ទៅ​លើ​ក្រមប្រតិបត្តិ​នេះ។

លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​បានដាក់​សម្ពាធ​លើ​ចិន​ឲ្យ​ទទួល​យក​ក្រមប្រតិបត្តិ​នេះ។ លោកស្រី គ្លីនតុន ក៏បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ដាច់​ដោយឡែក​នៅ​ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​អាស៊ាន​ផងដែរ។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចិន ភាគី​ទាំងពីរ​បានលើក​ពី​សារៈសំខាន់​នៃ​សហប្រតិបត្តិការ ​ការ​ធ្វើ​ទំនាក់​ទំនង​ដោយ​យោគយល់​គ្នា៕

XS
SM
MD
LG