ភ្នំពេញ៖ ក្រុមសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ខ្លួនជនជាតិថៃចំនួន៧នាក់នៅថ្ងៃពុធនេះ នៅក្នុងនោះមានតំណាងរាស្ដ្រថៃផងដែរ។ ការចាប់ខ្លួនធ្វើឡើងបន្ទាប់ពីតំណាងរាស្ដ្រនិងមន្ដ្រីថៃទាំងនោះត្រូវអាជ្ញាធរកម្ពុជាចោទថាបានឆ្លងចូលប្រទេសកម្ពុជាដោយខុសច្បាប់។
ថ្លែងនៅក្នុងសុន្ទរកថាបិទបញ្ចប់សន្និបាតប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅក្នុងក្រុងភ្នំពេញលោក នាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសថា៖
«ថ្ងៃនេះយើងចាប់ជនជាតិថៃប្រំាពីរនាក់ ដែលជាក្រុមអាវលឿង តំណាងរាស្រ្តពីររូប បូកជាមួយ អ្នកកាសែតមួយចំនួនទៀត»។
សេចក្តីប្រកាសនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតំណាងរាស្រ្តនិងអ្នកកាសែតថៃចំនួនប្រាំនាក់បានចូលមកថតបង្គោលព្រំដែននិងបន្ទាត់ព្រំដែននៅក្នុងភូមិគោកជ័យឃុំអូរបីជាន់របស់ខេត្តបន្ទាយមានជ័យជាប់ព្រំដែននៃខេត្តស្រះកែវ ប្រទេសថៃ។
មន្រ្តីផ្លូវការកម្ពុជាអះអាងថា យោធាវរៈការពារព្រំដែនលេខ៥០៣បានចាប់ខ្លួនជនជាតិថៃនិង តំណាងរាស្រ្តថៃទាំងនោះនៅពេលដែលពួកគេបានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។
លោកហ៊ុន សែន បញ្ជាក់ថាតំណាងរាស្រ្តថៃនិងក្រុមអ្នកកាសែតថៃត្រូវបានបញ្ជូនមកកាន់ទីក្រុងភ្នំពេញ ហើយត្រូវកាត់ទោសដោយគ្មានការលើកលែង និងគ្មានការសម្របសម្រួល។
«ពេលនេះ បណ្តាញអ្នកស្នេហាជាតិគេមកវាស់ដីថៃ ក្នុងដីខ្មែរ។ អញ្ចឹងខ្មែរមានសិទ្ធិចាប់។ ហើយម្តងនេះ គឺកាត់ទោស ហើយមិនមែនលើកលែងដូចកាលនោះ។ ដូច្នេះសូមឲ្យស្គាល់រសជាតិ ធ្វើអ្នកតំណាងរាស្រ្ត បើមិនដឹងរឿង បើមិនដឹងទេ វាគួរតែជាប់គុក»។
លោកថានី ថងផាក់ឌី អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសថៃមិនអាចទាក់ទងដើម្បីស្នើសុំសេចក្តីបំភ្លឺបានទេដោយសារតែជំនួយការរបស់លោកម្នាក់បានឆ្លើយថាលោកកំពុងតែជាប់ប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសថៃ។
ទោះជាយ៉ាងណាលោកថានី ថងផាក់ឌី ត្រូវកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ស្រង់សម្តីថាលោកមិនរំពឹងថាការចាប់ខ្លួននេះនឹងទៅជាបញ្ហារីករាលដាលធ្ងន់ធ្ងរនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកគួយ កួង មានប្រសាសន៍ថាលោកមិនទាន់ដឹងថាតើ ការចរចាផ្នែកការទូតណាមួយបានចាប់ផ្តើមហើយឬយ៉ាងណានោះទេ។
យោងតាមកាសែតបាងកកប៉ុស្តិ៍នៅក្នុងចំណោមជនដែលត្រូវចាប់ខ្លួនមានតំណាងរាស្រ្តថៃតែម្នាក់ទេគឺលោក ប៉ានីច វីគិតស្រេត(Panich Vikitsreth) រីឯលោកវីរ៉ា ស៊ុមក្វាមគីត (Veeera Somkwamkid) សហមេដឹកនាំបណ្តាញអ្នកស្នេហាជាតិថៃ គឺក្រុមអាវលឿងក៏ត្រូវបានចាប់ខ្លួនដែរ។
ក្រុមអាវលឿងគឺជាក្រុមគាំទ្រដោយគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់កាប់អំណាចរបស់ប្រទេសថៃសព្វថ្ងៃ។
ប្រទេសកម្ពុជានិងប្រទេសថៃមានអរិភាពនឹងគ្នានៅជុំវិញសំណុំរឿងប្រាសាទព្រះវិហារដ៏ចំណាស់របស់ខ្មែរអស់រយៈពេលជាងពីរឆ្នាំមកហើយ។
ក្រុមអ្នកតាមដានសភាពការណ៍បានឱ្យដឹងថាការចាប់ខ្លួននិងការកាត់ទោសតំណាងរាស្រ្តរបស់ថៃនៅពេលនេះអាចនាំឲ្យមានកង្វល់ផ្នែកការទូតឡើងវិញ៕